លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កត់សម្គាល់ឃើញថា វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា នៅតែបន្តរងឥទ្ធិពលពីវិបត្តិសកលផ្សេងៗ បើទោះវិបត្តិកូវីដ-១៩ ហាក់មានភាពធូរស្បើយក៏ដោយ។ ឥទ្ធិពលនៃវិបត្តិទាំងនោះបានធ្វើឱ្យស្ថានភាពក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជាហាក់មានសភាពទ្រឹងនៅមួយរយៈចុងក្រោយនេះ។ ជាក់ស្តែងនៅត្រីមាសទី៣ ឆ្នាំ២០២៣ ទំហំឥណទានដែលផ្តល់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានធ្លាក់បន្តិច រីឯប្រាក់បញ្ញើមានកំណើនតិចតួច ខណៈឥណទានមានហានិភ័យវិញ បានកើនឡើងដល់៥,៨%។ ដោយមិនរាប់បញ្ចូលទិន្នន័យពីធនាគារ នៅត្រីមាសទី៣ឆ្នាំនេះ ការផ្តល់ឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុមានទំហំ៥ពាន់៧៧លានដុល្លារសហរដ្ឋអាម៉េរិក ខណៈប្រាក់បញ្ញើនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើទាំង៤ មានជាង២ពាន់២៤២លានដុល្លាសហរដ្ឋអាម៉េរិក ដោយទទួលបានពីគណនីចំនួនជិត២លានគណនី។
បើតាមលោក កាំង តុងងី កត្តាចម្បងដែលធ្វើឲ្យទិន្នន័យខាងលើមានការថយចុះខ្លាំង គឺដោយសារតែគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេបំផុតមួយ គឺប្រាសាក់ បានវិវត្តខ្លួនទៅជាធនាគារពាណិជ្ជ កាលពីពេលថ្មីៗនេះ។ ការធ្លាក់ចុះប្រាក់ចំណូលរបស់ប្រជាពលរដ្ឋដោយសារសម្ពាធសេដ្ឋកិច្ចសាកលដែលបង្កឡើងដោយវិបត្តិសង្គ្រាម ភាពតានតឹងភូមិសាស្ត្រនយោបាល និងជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាចធំៗ ក៏ជាមូលហេតុមួយផងដែរ។ បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ នេះជាលើកទី១ហើយ ដែលទំហំប្រតិបត្តិការក្នុងវិស័យមីក្រូហិរញ្ញវត្ថុបានរួមតូចបែបនេះ។ យ៉ាងណាមិញលោកមិនរំពឹងថា វិស័យនេះនឹងមានកំណើនគួរឲ្យកត់សំគាល់ឡើយសម្រាប់ឆ្នាំ២០២៣ និង២០២៤។ តែយ៉ាងណាលោក យល់ឃើញថា វិស័យមីក្រូហិរញ្ញវត្ថុ នៅតែមានតួនាទីសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ពង្រឹងអាជីវកម្មតាមមូលដ្ឋាន និងកាត់បន្ថយភាពក្រីក្រ ពិសេសតាមតំបន់ដាច់ស្រយាល។
ពាក់ព័ន្ធបញ្ហានេះដែរ លោក គា បូរាណ ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ កត់សម្គាល់ឃើញថា បើទោះបីវិបត្តិសកលបានកើតឡើងជាបន្តបន្ទាប់ និងធ្វើឲ្យប៉ះពាល់ដល់វិស័យធនាគារ និងហិរញ្ញវត្ថុសកលរួមទំាងកម្ពុជាក្តី តែវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា នៅតែមានរឹងមាំ និងរក្សាបាននូវកំណើនជាវិជ្ជមាន។ ជាក់ស្តែងស្ថានភាពទទួលប្រាក់បញ្ញើរបស់ អេ អឹម ខេ នៅរយៈពេល១០ខែ ក្នុងឆ្នាំ២០២៣នេះ នៅតែរក្សាបានភាពល្អប្រសើរ បើទោះបីសេដ្ឋកិច្ចសកលរួមទាំងកម្ពុជាស្ថិតក្នុងភាពមិនច្បាស់លាស់ក្តី។ នេះបើតាមការបញ្ជាក់របស់លោក គា បូរាណ។
សូមបញ្ជាក់ថា ដើម្បីលើកកម្ពស់ និងជំរុញវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាឲ្យកាន់តែប្រសើរ សមាគមមីក្រូហិរញ្ញវត្ថុ បានដាក់ចេញនូវទិសដៅអាទិភាពមួយចំនួនដូចជា ការជំរុញការគាំពារ និងកំណើនសហគ្រាសធុនមីក្រូតូច និងមធ្យម ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ ទន្ទឹមនឹងនេះ វិស័យមីក្រូហិរញ្ញវត្ថុ នឹងបន្តជួយសម្របសម្រួលដល់អតិថិជនរបស់ខ្លួន ពង្រឹងគុណភាពសេវាហិរញ្ញវត្ថុ និងលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុក្នុងចំណោមប្រជាជនកម្ពុជាផងដែរ៕