កំណើនសេដ្ឋកិច្ចកម្ពុជា

កត្តាអ្វីជំរុញឲ្យធនាគារ ADB រក្សាការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ៥,៣% នៅឆ្នាំ២០២២?


ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ប្រទេសកម្ពុជា នៅកម្រិត ៥,៣% ក្នុងឆ្នាំ២០២២។ ប៉ុន្តែ ធនាគារ ADB បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៣ ពី ៦,៥% មកនៅត្រឹម ៦,២%វិញ ដោយសារការចុះខ្សោយនៃកំណើនសេដ្ឋកិច្ចពិភពលោក។ នេះបើតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។
កត្តាអ្វីជំរុញឲ្យធនាគារ ADB រក្សាការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ៥,៣% នៅឆ្នាំ២០២២?
ដោយ

អ្នកជំនាញសេដ្ឋកិច្ច មើលឃើញ​ស្របគ្នា​ចំពោះការព្យាករនេះ ដោយអះអាងថា បច្ចុប្បន្ន​ការនាំចេញ និងការប្រមូលចំណូល​ពន្ធរបស់​កម្ពុជា គឺបានបង្ហាញពីកំណើន​ប្រសើរឡើង កត្តាជំរុញដ៏សំខាន់​សម្រាប់កំណើន​សេដ្ឋកិច្ច​នៅឆ្នាំនេះ បើទោះបីជា អតិផរណាមានការកើនឡើងបន្ដិចក្ដី។​

យោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ប្រទេសកម្ពុជា នៅកម្រិត ៥,៣% ក្នុងឆ្នាំ២០២២ ប៉ុន្តែ បានបន្ទាបការព្យាករ នៅឆ្នាំ២០២៣ ពី ៦,៥% មកនៅត្រឹម ៦,២% ដោយសារការចុះខ្សោយនៃកំណើនសេដ្ឋកិច្ចពិភពលោក។ យោងតាមការធ្វើបច្ចុប្បន្នភាពនៃទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ឆ្នាំ២០២២ ដែលបានចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ការនាំចេញផលិតផលសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើង របស់កម្ពុជា នៅតែរឹងមាំជាមួយកំណើនជិត​ ៤០% នៅឆមាសទី១ ក្នុងឆ្នាំ ២០២២ ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២១ បើទោះបីជា មានការថយចុះនៃកំណើនសេដ្ឋកិច្ចសហរដ្ឋអាមេរិក និងអឺរ៉ុប ក៏ដោយ។

ជុំវិញ ស្ថានភាពសេដ្ឋកិច្ចកម្ពុជា នាពេលបច្ចុប្បន្ន ត្រូវបានលោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងនៃរាជ្យបណ្ឌិត្យ​សភាកម្ពុជា កត់សម្គាល់ឃើញថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជា កាន់តែមានភាពធូរស្បើយជាបណ្ដើរៗ ដោយលោកបានអះអាងថា ការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ ពិសេសទៅកាន់​សហរដ្ឋអាមេរិក និងអឺរ៉ុប នៅតែរក្សាបាននូវកំណើនល្អ គួរឲ្យកត់សម្គាល់។ បើតាមបណ្ឌិត ហុង វណ្ណៈ សេដ្ឋកិច្ចកម្ពុជា កាន់តែបង្ហាញនូវសញ្ញាណវិជ្ជមាន តាមរយៈកំណើនក្នុងវិស័យសារពើពន្ធរបស់កម្ពុជា នាឆ្នាំ២០២២នេះ ក៏ដូចជា ការដំណើរការនៃសកម្មភាពសេដ្ឋកិច្ច និងសង្គម ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ លើសពីនេះការងើបឡើងវិញនៃវិស័យសំខាន់ៗ ដូចជា វិស័យទេសចរណ៍ វិស័យអចលនទ្រព្យនិងសំណង់ វិស័យឧស្សាហកម្ម និងវិស័យសហគ្រាសធុនតូចនិងមធ្យម សុទ្ធតែជាប្រភពធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា មានភាពរឹងមាំ ថែមទាំងអាចរក្សាបាននូវកំណើនសេដ្ឋកិច្ច ក្នុងរង្វង់ ៥,៣% ទៅ៥,៥% នៅឆ្នាំ២០២២នេះ។

បើតាមធនាគារ ADB ការរក្សាការព្យាករកំណើនសេដ្ឋកិច្ចនេះ ពឹងផ្អែកលើវិស័យកម្មន្តសាលមិនមែនកាត់ដេរបានបន្តសន្ទុះកំណើនដ៏រឹងមាំ។ ចំណែក វិស័យសំណង់បានងើបឡើងវិញជាបណ្តើរៗ ជាមួយការនាំចូលសម្ភារសំណង់កើនឡើងជិត ២៣%។ ដោយឡែក សម្រាប់វិស័យឧស្សាហកម្ម ត្រូវបានព្យាករថា នឹងកើនឡើងជាង ៩% នៅឆ្នាំ២០២២នេះ ខណៈនៅឆ្នាំ២០២៣ វិស័យឧស្សាហកម្ម ត្រូវបានគេរំពឹងថា នឹងថយចុះមកនៅត្រឹមកំណើន ៨,៦% ដោយសារការចុះខ្សោយនៃតម្រូវការក្រៅស្រុក។

សូមបញ្ជាក់ថា បច្ចុប្បន្ន ADB កំពុង​អនុវត្ត​គម្រោង​វិនិយោគ​ចំនួន ២,៣ ពាន់​លាន​ដុល្លារ​នៅ​កម្ពុជា។ សម្រាប់ឆ្នាំ ២០២១ ADB បានអនុម័តផ្តល់ប្រាក់កម្ចី និង ជំនួយឥតសំណងចំនួន ៣២៧,១ លានដុល្លារ ហើយបាន កៀគរថវិកាបន្ថែមចំនួន ៥ លានដុល្លារ តាមរយៈ សហហិរញ្ញប្បទានសម្រាប់ប្រទេសកម្ពុជា។ ថវិការបស់ ADB ដែលត្រៀមសម្រាប់កម្ពុជាក្នុងឆ្នាំ ២០២២-២០២៥ រួមមានកម្ចីសម្បទានចំនួន ១,៤៤ ពាន់លាន ដុល្លារ និង ជំនួយឥតសំណងចំនួន ៣៧ លានដុល្លារ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និង ការងើប ឡើងវិញពីជំងឺរាតត្បាតកូវីដ១៩។ នេះបើតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី៕




អត្ថបទបន្ទាប់


នាវាចម្បាំងអាមេរិក និងកាណាដា ធ្វើនាវាចរឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់ ចំពេលទីក្រុងប៉េកាំងដាក់សម្ពាធយោធាកាន់តែខ្លាំងលើក្រុងតៃប៉ិ

ព័ត៌មាន
យោធាអាមេរិកបានអះអាងថា នាវាចម្បាំងរបស់កងទ័ពជើងទឹកអាមេរិក និងនាវាចម្បាំងកាណាដា បានធ្វើប្រតិបត្តិការនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ក…

មីយ៉ាន់ម៉ាគ្រោងបង្កើនការប្រើប្រាស់រូបិយបណ្ណរបស់ចិន និងរុស្ស៊ី ជំនួសការពឹងផ្អែកខ្លាំងលើប្រាក់ដុល្លារអាមេរិក

ព័ត៌មាន
ប្រទេសមីយ៉ាន់ម៉ា ដែលកំពុងស្ថិតក្នុងស្ថានភាពនយោបាយវឹកវរ និងរងទណ្ឌកម្មពីសំណាក់លោកខាងលិចផងនោះ កំពុងតែសម្លឹងរកមធ្យោបាយប្រើប្រាស់ប្រាក់យន់រប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ