តម្លៃប្រេងឆៅនៅព្រឹកថ្ងៃចន្ទ សប្តាហ៍នេះ បានធ្លាក់ចុះបន្តិចវិញ ក្រោយវាបានស្ទុះឡើងខ្លាំងកាលពីសប្តាហ៍មុន បន្ទាប់ពីអ៊ីរ៉ង់ បានបាញ់ស្រោចមីស៊ីលជាច្រើនរយគ្រាប់ទៅលើអ៊ីស្រាអែល។ តម្លៃប្រេងឆៅនៅទីផ្សារអន្តរជាតិ បានធ្លាក់ចុះ២៨សេន ឬ០,៣៦% មកនៅត្រឹម៧៧,៧៧ដុល្លារក្នុង១ធុងបារ៉ែល ខណៈតម្លៃប្រេងឆៅនៅលើទីផ្សារ West Texas នៅសហរដ្ឋអាម៉េរិក បានធ្លាក់ចុះ១៩សេន ឬ០,២៦% មកនៅត្រឹម៧៤,១៩ដុល្លារក្នុងមួយធុងបារ៉ែល។
តម្លៃនេះបានថមថយបន្តិច បន្ទាប់ពីវាបានស្ទុះងើបឡើងចន្លោះពី៨%ទៅ៩% កាលពីសប្តាហ៍មុន ក្រោយអ៊ីរ៉ង់ បើកការវាយប្រហារអ៊ីស្រាអែលដោយមីស៊ីល នៅដើមខែតុលា នេះ។
នៅក្នុងស្ថានភាពនេះ លោកស្រី ព្រីយ៉ាន់កា សាស្តេវ៉ា (Priyanka Sachdeva) អ្នកវិភាគទីផ្សារជាន់ខ្ពស់នៅក្រុមហ៊ុនហិរញ្ញវត្ថុ Phillip Nova បាននិយាយថា ទីផ្សារប្រេងពិតជាមិនអាចគេចផុតពីការប្រឈមមុខនឹងការប៉ះទង្គិចនៃសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបានឡើយ។ នេះគឺជាការវិភាគមួយ ប៉ុន្តែប្រភពខ្លះទៀតបានលើកឡើងថា ទីផ្សាប្រេងអាចស៊ាំនឹងការរីករាលដាលនៃសង្រ្គាម ពីព្រោះស្ថានភាពនៅមជ្ឈិមបូព៌ានៅពេលនេះមិនមែនស្ងប់ស្ងាត់នោះឡើយ ពោលគឺកំពុងស្ថិតក្នុងភាពវឹកវរ តែទីផ្សារប្រេងហាក់មានភាពស្ងប់ស្ងាត់។
អ្នកវិភាគបានលើកឡើងថា តម្លៃប្រេងបានឡើងថ្លៃ ប៉ុន្តែមិនខ្លាំងនោះទេ ដោយសារតែពិភពលោកបានត្រៀមខ្លួនសម្រាប់សង្គ្រាមគ្រប់រូបភាពទាំងអស់នៅក្នុងតំបន់។ លោក បប ម៉ាណាលី (Bob McNally) ប្រធានក្រុមហ៊ុនប្រឹក្សា Rapidan Energy Group បាននិយាយថា ពិភពលោកពិតជាភ្ញាក់ផ្អើលនឹងការសម្រេចចិត្តរបស់អ៊ីរ៉ង់ ប៉ុន្តែក្រោយការសម្រេចចិត្តនេះ ទីផ្សារប្រេងហាក់គ្មានពុះកញ្ជ្រោលឡើយ បើទោះបីជាអ៊ីស្រាអែលប្តេជ្ញាបើកការវាយប្រហារសងសឹកក៏ដោយចុះ៕
ដោយៈ សរ សុជាតិ