លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា បានគូសបញ្ជាក់ថា បញ្ហាសង្រ្គាមដែលបានផ្ទុះឡើងទ្រង់ទ្រាយធំនៅតំបន់មជ្ឈិមបូព៌ានាពេលនេះ ចង់ ឬមិនចង់វានឹងជះផលប៉ះពាល់ដល់វិស័យទេសចរណ៍របស់កម្ពុជា។ ប៉ះពាល់ ក៏ដោយសារក្រុមហ៊ុនអាកាសចរណ៍ ដែលដឹកភ្ញៀវទេសចរពីតំបន់អឺរ៉ុបមកកាន់ប្រទេសកម្ពុជាធំៗចំនួន២ត្រូវបានបិទ ក្រោយព្រលានយន្តហោះ ដែលតភ្ជាប់នៅតំបន់មជ្ឈិមបូព៌ារងផលប៉ះពាល់ដោយសារការវាយប្រហារនេះ។ តែយ៉ាងណា អ្នកជំនាញរូបនេះអះអាងថា ភ្ញៀវទេសចរមួយចំនួននឹងស្វែងរកផ្លូវហោះហើរថ្មីជំនួសវិញ ក្នុងការធ្វើដំណើរកម្សាន្តរបស់ខ្លួនមកកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានគូសបញ្ជាក់ថា បន្ទាប់ពីមានការវាយប្រហារទ្រង់ទ្រាយធំនៅអីរ៉ង់ពីសំណាក់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល វាបានបង្ករផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រតិបត្តិការហោះហើរនានានៅតំបន់នោះ រួមទាំងប្រតិបត្តិការហោះហើរជាមួយកម្ពុជា ផងដែរ។ តួយ៉ាង ជើងហោះហើររវាងកម្ពុជា ជាមួយគោលដៅចំនួន៣ នៅតំបន់មជ្ឈិមបូព៌ា ត្រូវបានលុបចោលទាំងស្រុងភ្លាមៗ ក្រោយការវាយប្រហារបានផ្ទុះឡើង។ បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ តំបន់មជ្ឈិមបូព៌ាមានតួនាទីដ៏សំខាន់ ដោយវាបានដើរតួនាទីជាស្ពានដឹកជញ្ជូនអន្តរជាតិ ដែលតភ្ជាប់អឺរ៉ុប អាហ្វ្រិក និងអាម៉េរិកខាងជើង មកកាន់តំបន់អាស៊ីអាគ្នេយ៍។ តាមការប៉ាន់ស្មានបឋមរបស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អាចមានអ្នកដំណើរចេញចូលកម្ពុជា ប្រមាណជាង១ម៉ឺន២ពាន់នាក់ក្នុង១សប្តាហ៍រងផលប៉ះពាល់ដោយសារការបិទជើងហោះហើរខាងលើនេះ។
សូមជម្រាបថា អាកាសយានដ្ឋានដ៏ធំរបស់ទីក្រុងឌូបៃ និងសណ្ឋាគារ Burj Al Arab ត្រូវបានខូចខាត បន្ទាប់ពីការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ បានរីករាលដាលពាសពេញរដ្ឋឈូងសមុទ្រ និងមជ្ឈិមបូព៌ាដ៏ធំទូលាយ ដោយពង្រីកហួសពីមូលដ្ឋានទ័ព និងផលប្រយោជន៍របស់សហរដ្ឋអាម៉េរិក៕