តៃវ៉ាន់ - អាមេរិក

តៃវ៉ាន់ និងអាមេរិកត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកដំបូងនៅក្រោមក្របខណ្ឌពាណិជ្ជកម្មថ្មី


រដ្ឋាភិបាលតៃវ៉ាន់ និងរដ្ឋាភិបាលសហរដ្ឋអាមេរិក បាននិយាយថា ភាគីទាំងពីរត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកដំបូងក្រោមក្របខ័ណ្ឌកិច្ចចរចាពាណិជ្ជកម្មថ្មីនៅថ្ងៃព្រហស្បតិ៍ ទី ០១ ខែមិថុនានេះ។ វាជាការជំរុញទំនាក់ទំនងទ្វេភាគីនៅចំពេលមានភាពតានតឹងកាន់តែខ្លាំងជាមួយប្រទេសចិនកុម្មុយនីស្ត ពាក់ព័ន្ធនឹងកោះតៃវ៉ាន់ដែលគ្រប់គ្រងតាមលទ្ធិប្រជាធិបតេយ្យ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
តៃវ៉ាន់ និងអាមេរិកត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកដំបូងនៅក្រោមក្របខណ្ឌពាណិជ្ជកម្មថ្មី

តៃវ៉ាន់ និងសហរដ្ឋអាមេរិក បានចាប់ផ្តើមកិច្ចចរចាអំពីកិច្ចព្រមព្រៀងមួយដែលគេហៅថាគំនិតផ្តួចផ្តើមអាមេរិក-តៃវ៉ាន់ស្តីពីពាណិជ្ជកម្មសតវត្សរ៍ទី២១ កាលពីខែសីហាឆ្នាំមុន បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានដកកោះតៃវ៉ាន់ចេញពីគំនិតផ្តួចផ្តើមពាណិជ្ជកម្មទូទាំងតំបន់អាស៊ី ពោលគឺក្របខ័ណ្ឌសេដ្ឋកិច្ចតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួន។

ការិយាល័យចរចាពាណិជ្ជកម្មរបស់តៃវ៉ាន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា កិច្ចព្រមព្រៀងលើកដំបូងនៅក្រោមក្របខ័ណ្ឌពាណិជ្ជកម្មនេះត្រូវចុះហត្ថលេខានៅទីក្រុងវ៉ាស៊ីនតោននាព្រឹកថ្ងៃព្រហស្បតិ៍តាមម៉ោងនៅសហរដ្ឋអាមេរិក ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀតទេ។

ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបាននិយាយថា អ្នកតំណាងពាណិជ្ជកម្មរងរបស់សហរដ្ឋអាមេរិក លោកស្រី សារ៉ា បៃអ៊ឹនឈី (Sarah Bianchi) ជាអ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះ ប៉ុន្តែក៏មិនបានបញ្ជាក់លម្អិតអំពីកិច្ចព្រមព្រៀងនេះដែរ។

កាលពីខែមុន ភាគីតៃវ៉ាន់ និងភាគីសហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងលើផ្នែកដំបូងនៃគំនិតផ្តួចផ្តើមពាណិជ្ជកម្មរបស់ពួកគេដែលគ្របដណ្តប់លើនីតិវិធីគយនិងព្រំដែន ការអនុវត្តបទប្បញ្ញត្តិ និងអាជីវកម្មខ្នាតតូច។

អ្នកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបាននិយាយកាលពីមុនថា បន្ទាប់ពីកិច្ចព្រមព្រៀងលើកដំបូងត្រូវបានចុះហត្ថលេខារួចហើយ ការចរចានឹងចាប់ផ្តើមលើផ្នែកពាណិជ្ជកម្មដ៏ស្មុគស្មាញផ្សេងទៀត ដែលរួមមានកសិកម្ម ពាណិជ្ជកម្មឌីជីថល ស្តង់ដារការងារនិងបរិស្ថាន សហគ្រាសរដ្ឋ ព្រមទាំងគោលនយោបាយនិងការអនុវត្តមិនមែនទីផ្សារ។

កតិកាសញ្ញានេះមិនត្រូវបានគេរំពឹងថានឹងកែប្រែអត្រាពន្ធគយលើទំនិញទេ ប៉ុន្តែក្រុមអ្នកគាំទ្រកិច្ចព្រមព្រៀងនេះបាននិយាយថា វានឹងពង្រឹងចំណងសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិកនិងកោះតៃវ៉ាន់។ ទន្ទឹមនឹងនេះ វានឹងបើកចំហរកោះនេះសម្រាប់ការនាំចេញរបស់សហរដ្ឋអាមេរិកកាន់តែច្រើន ហើយនឹងបង្កើនសមត្ថភាពរបស់តៃវ៉ាន់ក្នុងការទប់ទល់នឹងការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចពីប្រទេសចិនទៀតផង។

រដ្ឋាភិបាលទីក្រុងប៉េកាំងបាននិយាយបរិហារចំពោះកិច្ចចរចាពាណិជ្ជកម្មនេះ ព្រោះក្រុងប៉េកាំងតែងតែថ្កោលទោសគ្រប់ទម្រង់ទាំងអស់នៃទំនាក់ទំនងកម្រិតខ្ពស់រវាងតៃវ៉ាន់និងសហរដ្ឋអាមេរិក ដោយសារតែក្រុងប៉េកាំងបានចាត់ទុកតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។ ប៉ុន្តែកោះតៃវ៉ាន់តែងតែច្រានចោលយ៉ាងដាច់អហង្ការចំពោះការទាមទារអធិបតេយ្យភាពរបស់ចិនលើកោះនេះ។ ការទាមទាររបស់ចិនបាននិងកំពុងបង្កការគំរាមកំហែងដល់ទីក្រុងតៃប៉ិ តាមរយៈសកម្មភាពយោធាម្តងហើយម្តងទៀត រួមទាំងសមយុទ្ធនៅជុំវិញកោះនេះផងដែរ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ធនាគាររដ្ឋថៃប្រកាសផ្តល់កញ្ចប់មូលនិធិ៥៧លានដុល្លារ ដើម្បីគាំទ្រឧស្សាហកម្មកៅស៊ូក្នុងស្រុក

ព័ត៌មាន
ធនាគារគ្រប់គ្រងដោយរដ្ឋនៅក្នុងប្រទេសថៃបានប្រកាសថា ខ្លួននឹងផ្តល់ប្រាក់កម្ចីចំនួន ២ប៊ីលានបាត ឬជាង ៥៧ លានដុល្លារ ដើម្បីគាំទ្រឧស្សាហកម្មកៅស៊ូ។ ក…

សេចក្ដីព្រាងច្បាប់ស្ដីពីកម្រិតបំណុលអាមេរិកឆ្លងផុតសភា ដោយមានការគាំទ្រយ៉ាងទូលំទូលាយពីបក្សទាំងពីរ

ព័ត៌មាន
សភាសហរដ្ឋអាមេរិកបានអនុម័តសេចក្ដីព្រាងច្បាប់ព្យួរកម្រិតបំណុលចំនួន ៣១,៤ ទ្រីលានដុល្លារ របស់ប្រទេសនេះហើយកាលពីថ្ងៃទី ៣១ ឧសភា ដោយមានការគាំទ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ