ជីវិតអ៊ុយក្រែនរាប់លាននាក់កំពុងប្រឈមមុខនឹងហានិភ័យក្នុងរដូវរងា!

ប្រជាជនអ៊ុយក្រែនរាប់លាននាក់ប្រឈមនឹងហានិភ័យ ចំពេលរដូវរងាឈានចូលមកដល់ ខណៈសង្គ្រាមបន្ដអូសបន្លាយ


គិតមកទល់ពេលនេះ សង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន បានឈានដល់រយៈពេល៩ខែហើយ ប៉ុន្ដែ ការវាយប្រហារគ្នានៅតែបន្ដយ៉ាងខ្លាំងក្លា និងមិនទាន់មានពន្លឺក្នុងការវិលមករកតុចរចានៅឡើយទេ។ ចំពោះមុខស្ថានការដ៏អាក្រក់នៃសង្គ្រាមនេះ អង្គការសុខភាពពិភពលោកកាលពីថ្ងៃចន្ទ ទី ២១ វិច្ឆិកា បានព្រមានថា ជីវិតប្រជាជនអ៊ុយក្រែនរាប់លាននាក់កំពុងប្រឈមនឹងហានិភ័យក្នុងរដូវរងានេះ ខណៈដែលបណ្តាញអគ្គិសនីរបស់ប្រទេសនេះកំពុងជួបបញ្ហាដោយសារការវាយប្រហារកាត់ផ្តាច់ និងបំផ្លិចបំផ្លាញដោយកងទ័ពរុស្ស៊ី។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានបារាំង AFP។
ប្រជាជនអ៊ុយក្រែនរាប់លាននាក់ប្រឈមនឹងហានិភ័យ ចំពេលរដូវរងាឈានចូលមកដល់ ខណៈសង្គ្រាមបន្ដអូសបន្លាយ

ទីក្រុងមូស្គូបាននឹងកំពុងវាយប្រហារមីស៊ីលដោយកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល ដែលបានធ្វើឱ្យអ៊ុយក្រែនក្លាយជា​ប្រទេសស្ទើរតែគ្មានអគ្គិសនីប្រើប្រាស់ ស្របពេលដែលសីតុណ្ហភាពកំពុងធ្លាក់ចុះត្រជាក់នៅរដូវរងា។

នាយក​ប្រចាំ​តំបន់​របស់ WHO លោក Hans Kluge បាន​ប្រាប់​ក្រុម​​អ្នក​យក​ព័ត៌មាន​ថា ការ​ខូចខាត​កំពុង​​មាន​ឥទ្ធិពល​​លើ​ប្រព័ន្ធ​សុខាភិបាល​អ៊ុយក្រែន ដោយលោកព្រមានថា «រដូវរងានេះនឹងប៉ះពាល់ ក៏ដូចជាគំរាមកំហែងដល់អាយុជីវិតមនុស្សរាប់លាននាក់នៅអ៊ុយក្រែន»។ បើតាម​មន្ត្រីជាន់ខ្ពស់​របស់អង្គការ WHO រូបនេះ មានប្រជាជនអ៊ុយក្រែនរហូតដល់ទៅជាង ៣លាននាក់​បានចាកចេញពីផ្ទះរបស់ពួកគេ ដើម្បីស្វែងរកកន្លែងកក់ក្តៅ និងជម្រកសុវត្ថិភាព។

ជាមួយគ្នានេះ ប្រធានក្រុមហ៊ុន​ផ្តល់ថាមពលដ៏ធំមួយក្នុងប្រទេសអ៊ុយក្រែនបាននិយាយកាលពីថ្ងៃចន្ទថា ប្រជាជនអ៊ុយក្រែន​ទំនង​ជារស់នៅជាមួយនឹងការដាច់ភ្លើង​យ៉ាងហោចណាស់រហូតដល់ចុងខែមីនា ឆ្នាំ២០២៣ ស្របពេលដែលរដ្ឋាភិបាល​បានចាប់ផ្តើម​ការជម្លៀសប្រជាជន​ពីទីក្រុងខឺសុន​ទៅកាន់តំបន់ផ្សេងទៀត។

ទន្ទឹមនឹងនេះដែរ អ៊ុយក្រែនបាននិយាយថា ខ្លួនបានរកឃើញកន្លែងធ្វើទារុណកម្មរុស្ស៊ីចំនួនបួន​នៅក្នុងទីក្រុង Kherson ភាគខាងត្បូង ដែលកងកម្លាំងរបស់ទីក្រុងម៉ូស្គូបាន​ដកចេញ​កាលពីដើមខែនេះ ក្នុងនោះបានបន្សល់ទុកនូវការបំផ្លិចបំផ្លាញប្រៀបបានដូចជា​ទីក្រុងខ្មោច។ រដ្ឋអំណាចទីក្រុងកៀវ បាន​ចោទ​ប្រកាន់កងទ័ពទីក្រុងម៉ូស្គូថា​បានកម្ទេច​​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ដូចជា​ស្ថានីយ និងប្រព័ន្ធផ្គត់ផ្គង់​​ទឹក និង​អគ្គិសនី​ក្នុង​តំបន់នោះ។

ការិយាល័យនៃ​ប្រធានរដ្ឋអាជ្ញា​អ៊ុយក្រែន​បាននិយាយ​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «រួមគ្នាជាមួយមន្រ្តីប៉ូលិស និងអ្នកជំនាញរដ្ឋអាជ្ញា បានធ្វើការត្រួតពិនិត្យទីតាំងចំនួន ៤ ដែលក្នុងអំឡុងពេលនៃការគ្រប់គ្រងដោយកងទ័ពម៉ូស្គូបានឃុំខ្លួនមនុស្សដោយខុសច្បាប់ និងធ្វើទារុណកម្មពួកគេយ៉ាងឃោរឃៅ»។

ផ្ទុយទៅវិញ វិមានក្រឹមឡាំងបានចេញមុខបដិសេធ ​និងបានចោទប្រកាន់បកទៅអ៊ុយក្រែនវិញថា បានធ្វើទារុណកម្មលើកងទ័ពរុស្ស៊ី ហើយខ្លួននឹងស្វែងរក និងផ្តន្ទាទោសអ្នកដែលបាន​សម្លាប់ទាហានរុស្ស៊ីរាប់សិបនាក់យ៉ាងឃោរឃៅ​។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា «ដោយគ្មានការសង្ស័យ រុស្ស៊ីខ្លួនឯងនឹងស្វែងរកអ្នកដែលប្រព្រឹត្តឧក្រិដ្ឋកម្មនេះ និងយកមកផ្តន្ទាទោសឱ្យបាន»។

ទោះជាយ៉ាងណា អ៊ុយក្រែនបានបដិសេធថា កងកម្លាំងរបស់ខ្លួនមិនបានសម្លាប់អ្នកទោសសង្គ្រាមនោះទេ ហើយទាហានទាំងនោះ ត្រូវបានបាញ់សម្លាប់បន្ទាប់ពីតដៃមិនចុះចាញ់។ ដោយឡែក បើតាមការពិនិត្យមើលដោយអង្គការសហប្រជាជាតិបានឱ្យដឹងថា ទាំងភាគីអ៊ុយក្រែន និងរុស្ស៊ី គឺបានប្រព្រឹត្តអំពើទារុណកម្មនេះ៕




អត្ថបទបន្ទាប់


កូរ៉េខាងត្បូងវ៉ាដាច់ចិនក្លាយជាប្រទេសលក់សព្វាវុធធំបំផុតទីបួនក្នុងលោក

ការលក់អាវុធរបស់កូរ៉េខាងត្បូងក្នុងឆ្នាំនេះបានកើនឡើងដល់ ១៧ ពាន់លានដុល្លារ កើនឡើងទ្វេដងនៃកំណត់ត្រាពេញមួយឆ្នាំធៀបនឹងឆ្នាំមុន ហើយអ្នកអង្កេត…

សម្ដេចតេជោ ហ៊ុន សែន ផ្តល់ធាតុចូល៥ចំណុច ដើម្បីសម្រេចបាននូវ «សន្តិសុខប្រកបដោយភាពសុខដុម» នៅក្នុងតំបន់អាស៊ាន

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ថា មូលបទរបស់ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី៩ នៅឆ្នាំនេះ គឺផ្ដោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ