ការវិនិយោគជប៉ុន​នៅកម្ពុជា

ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកជប៉ុនដ៏ធំមួយ នឹងរើរោងចក្រពីប្រទេសចិន មកកាន់កម្ពុជា


ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកជប៉ុន មីនីបៀ មីតស៊ូមី នឹងផ្លាស់ប្តូរផ្នែកនៃប្រតិបត្តិការផលិតឧបករណ៍វីដេអូហ្គេមរបស់ខ្លួនពីប្រទេសចិន មកកាន់ប្រទេសកម្ពុជា ដោយសារតែមើលឃើញថា ភាពតានតឹងនៃជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិន គឺនៅតែកំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់នៅឡើយ។ នេះបើតាមការអះអាងរបស់មន្ត្រីនាំពាក្យរបស់ក្រុមហ៊ុននេះ ដែលបានបញ្ជាក់ប្រាប់សារព័ត៌មានជប៉ុន Kyodo កាលពីពេលថ្មីៗនេះ។
ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកជប៉ុនដ៏ធំមួយ នឹងរើសការផលិតពីប្រទេសចិន មកកាន់កម្ពុជា (រូបភាព៖asia.nikkei.com)
ដោយ

ការរើប្រតិបត្តិការផលិត​របស់ក្រុមហ៊ុន មីនីបៀ មីតស៊ូមី ដែលជា​អ្នកផ្គត់ផ្គង់​វីដេអូហ្គេម​របស់​ក្រុមហ៊ុន​យក្ស Nintendo នាពេលនេះ គឺធ្វើឡើងបន្ទាប់ពី​អាមេរិក កាលពី​ពេលថ្មីៗនេះ បាន​លុបចោល​គម្រោង​ដាក់ទណ្ឌកម្ម​ផ្នែកពន្ធគយ​លើ​ឧបករណ៍​វីដេអូហ្គេម ក្នុងចំណោម​ផលិតផល​ផ្សេងទៀត ដែល​បាន​នាំចូលពី​ប្រទេសចិន​ទៅកាន់អាមេរិក។

ក្រុមហ៊ុន មីនីបៀ មីតស៊ូមី នឹង​បង្ហាញពីគម្រោង​ការពង្រីកបន្ថែម​នូវរោងចក្រផលិត​របស់ខ្លួន​ដែលមានទីតាំង​នៅ​តំបន់សេដ្ឋកិច្ចពិសេស​ភ្នំពេញ ហើយគម្រោងនេះ នឹង​មានការដំឡើង​ឧកបរណ៍​វីដេអូហ្គេម​សម្រាប់នាំចេញ​ពេញសមត្ថភាព​ចាប់ពីឆ្នាំ២០២០ផងដែរ។ 

អ្នកនាំពាក្យ​របស់​ក្រុមហ៊ុនដដែល​បាន​បញ្ជាក់ដែរថា មានផ្នែកខ្លះ​នៃផលិតកម្មបាន​ចាប់ផ្ដើមហើយ តែយ៉ាងណា​ក្រុមហ៊ុន​មិនទាន់អាច​បង្ហាញនូវ​ទំហំទឹកប្រាក់ដែលត្រូវបានវិនិយោគ​បន្ថែមនេះ​នៅឡើយទេ។ ទោះយ៉ាងណា អ្នកនាំពាក្យ​រូបនេះ បាន​ឲ្យដឹងថា ក្រុមហ៊ុន​គ្រោងនឹងបង្កើន​ផលិតកម្ម​នៅក្នុងប្រទេស​កម្ពុជាជារួម ដែល​បច្ចុប្បន្ន​ក្រុមហ៊ុននេះ មានផលិត​រួចហើយនូវផលិតផល​មួយចំនួន​នៅកម្ពុជា ដូចជា​គ្រាប់បាល់ អំពូលភ្លើង LED ក្រោម​ក្រុមហ៊ុន​បុត្រសម្ព័ន្ធរបស់ខ្លួន​ឈ្មោះ Minebea Cambodia ហើយគ្រោង​នឹង​ពង្រីកចំនួន​កម្មករ​ធ្វើការ​រហូតដល់​២ម៉ឺននាក់ នៅ២ទៅ៣ឆ្នាំខាងមុខនេះ ពោលគឺ​ពីចំនួនកម្មករ​​ដែលមាន​បច្ចុប្បន្ន​៧ពាន់នាក់។

ក្រុមហ៊ុន Nintedo មានចំណែក​១៦,៤% នៃការលក់​របស់​ក្រុមហ៊ុន​មីនីបៀ មីតស៊ូមី នៅក្នុងឆ្នាំសារពើពន្ធ​រហូតដល់​ខែមីនា​ឆ្នាំ២០១៩នេះ ហើយក្រុមហ៊ុននេះ ក៏ធ្លាប់​បាន​ប្រកាស​ផែនការ​កាលពីខែកក្កដាកន្លងទៅ អំពី​គម្រោងការ​របស់ខ្លួន​ក្នុងការរើស​ផ្នែកផលិតកម្ម​​ចេញពីប្រទេសចិន ទៅកាន់ប្រទេស​វៀតណាមផងដែរ។ 

ក្រុមហ៊ុន​ មីនីបៀ មីតស៊ូមី បាន​បញ្ជាក់ថា ការសម្រេចចិត្ត​ផ្លាស់ប្តូរ​ផលិតកម្ម​នៃឧបករណ៍វីដេអូហ្គេម​ដ៏ពេញនិយម​ដែលខ្លួន​បានផលិតនេះ គឺធ្វើឡើងដើម្បី​គេចផុត​ពី​ភាពមិនច្បាស់លាស់​នៃអនាគត រវាង​សង្គ្រាមពាណិជ្ជកម្ម​អាមេរិក និងចិន។

សូមបញ្ជាក់ដែរថា កាលពី​ពេលកន្លងទៅថ្មីៗនេះដែរ ក្នុងជំនួបជាមួយនឹង​សម្ដេចតេជោ ហ៊ុន សែន លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា ប្រធាន​ក្រុមហ៊ុន​ Minebea Cambodia បាន​ឲ្យដឹងថា ក្រុមហ៊ុននេះ នឹងផលិត​ឧបករណ៍​ក្មេងលេង​ដែលនឹងបិទស្លាកថា «ផលិតនៅកម្ពុជា (Made in Cambodia)» ដើម្បីធ្វើការនាំ​ចេញ​​ទៅទីផ្សារពិភពលោក។

នៅក្នុង​ជំនួប​នោះដែរ សម្ដេច​ ហ៊ុន សែន បាន​ថ្លែងថា នេះ​ជា​មោទនភាព​របស់​កម្ពុជា​​ចំពោះ​ការបិទ​ស្លាក​សញ្ញា​សម្គាល់​ប្រភព​ដើម​ផលិត​នៅ​កម្ពុជា​លើ​ឧបករណ៍​ក្មេង​លេងនេះ។

បើតាម​ការអះអាង​របស់លោក យូស៊ីហ៊ីសា បាន​បញ្ជាក់ថា ក្រុមហ៊ុន Minebea Cambodia មាន​ទុនវិនិយោគ​នៅ​កម្ពុជា​ប្រមាណ ៣៧២ លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៨ ហើយ​ក្រុមហ៊ុន​រំពឹងថា ទុន​នេះ​នឹង​កើន​ដល់​ ៤០០ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៩ ​នេះ​។ លោក​បន្តថា ក្រៅពី​ផលិតផល​ឧបករណ៍​ក្មេង​លេង ក្រុមហ៊ុន​ក៏ផលិត​អំពូល​ភ្លើង​ឆ្លាតវៃ​ផងដែរ​។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


​សៀវភៅ ១​លាន​ក្បាល នឹង​តាំង​ពិព័រណ៍​​លក់​ នៅ​​ភ្នំពេញ នៅ​ឆ្នាំ​ក្រោយ

ព័ត៌មាន
ការដាក់​តាំង​លក់​សៀវភៅ​ភាសា​អង់គ្លេស​ថ្មីៗ ចំនួន ០១​លាន​ក្បាល នឹង​ចាប់​ផ្តើម​ធ្វើ​ឡើង​នៅ​ក្នុង​សង្កាត់​ជ្រោយ​ចង្វារ នា​ទីក្រុង​ភ្នំពេញ …

ធនាគារពិភពលោកប៉ាន់ប្រមាណសេដ្ឋកិច្ចវៀតណាមឆ្នាំ២០១៩នេះ ថា មានកំណើន ៦,៨%

ព័ត៌មាន
សេដ្ឋកិច្ចវៀតណាមនៅឆ្នាំ ២០១៩នេះ ត្រូវបានធនាគារពិភពលោកប៉ាន់ប្រមាណថា នឹងរក្សាបានកំណើន៦,៨% ដោយសារតែប្រទេសនេះ នៅតែបន្តមានអតិរេកពាណិជ្ជកម្ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ