ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ឱ្យដឹងថា គិតមកដល់ពេលនេះ ក្រសួងពាណិជ្ជកម្មបានផ្តល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណចំនួន ១០៧០ ពាក្យស្នើសុំហើយ ទៅដល់ក្រុមហ៊ុន សហគ្រាស ឬបុគ្គលរកស៊ីនៅក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ បើតាម ឯកឧត្តម ស៊ាង ថៃ វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស ហើយអាជីវកម្មនានាកំពុងធ្វើការទាញយកផលប្រយោជន៍ចេញពីវិស័យនេះផងដែរ។ លើសពីនេះ ពាណិជ្ជកម្មប្រភេទនេះផ្តល់នូវគុណសម្បត្តិដែលពោរពេញទៅដោយសក្តានុពលជាច្រើនសម្រាប់អាជីវកម្ម ដូចជា ការកាត់បន្ថយថ្លៃដើម និងពេលវេលា បង្កើនការលក់ និងផលិតភាព ពង្រីកវិសាលភាពទីផ្សារ ព្រមទាំងបង្កើនការគាំទ្រពីអតិថិជនជាច្រើន និងបានចូលរួមចំណែកជាច្រើនដល់ការបង្កើនសេដ្ឋកិច្ចជាតិ។ មិនត្រឹមតែប៉ុណ្ណោះ ការធ្វើពាណិជ្ជកម្មប្រភេទនេះអាចពង្រីកសេដ្ឋកិច្ចទីផ្សារទាំងក្នុងស្រុក និងក្រៅប្រទេសផងដែរ។
បើតាមអ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្មរូបនេះ នៅក្នុងឆ្នាំ២០២៣ ឯកឧត្តម រំពឹងថា ការស្នើសុំចុះបញ្ជីអាជីវកម្មអនឡាញនេះ នឹងអាចមានការកើនឡើង ក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយសារតែវិស័យនេះ ជាវិស័យថ្មីទើបនឹងលេចឡើងដែលប្រកបដោយសក្ដានុពលខ្ពស់ក្នុងការបង្កើត និងបង្កើនប្រភពចំណូលថ្មី ប៉ុន្តែវាក៏អាស្រ័យទៅតាមស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាផងដែរ។
យ៉ាងណាមិញ កាលពីពេលថ្មីនេះ ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានផ្តល់សុន្ទរកថា គន្លឹះក្នុងសិក្ខាសាលាពិគ្រោះយោបល់ លើប្រកាសស្តីពីក្រមសីលធម៌វិជ្ជាជីវៈ សម្រាប់អន្តរការីនិងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ។ ដោយក្នុងនោះ ឯកឧត្តម បានលើកឡើងអំពីកំណើនឡើងជាវិជ្ជមាននៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជម្រុញសកម្មភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺបានបង្កើតនូវធុរកិច្ចថ្មីៗ ការទាក់ទាញការវិនិយោគ ការបង្កើតឱកាសការងារ និងការពង្រីកទីផ្សារឱ្យកាន់តែធំទូលាយសម្រាប់ទំនិញនិងសេវាកម្ម។ ក្នុងន័យនេះ វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកទាមទារឱ្យរាជរដ្ឋាភិបាលបង្កើតនូវច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយបន្ថែមទៀត ដើម្បីជំរុញ និងគាំទ្រឱ្យកាន់តែខ្លាំងក្លា តួយ៉ាង គឺដូចជាប្រកាសស្តីពីក្រមសីលធម៌វិជ្ជាជីវៈ ដែលក្រសួងពាណិជ្ជកម្ម និងដៃគូរអភិវឌ្ឍកំពុងរៀបចំនូវសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីប្រមូលធាតុចូលពីក្រសួង-ស្ថាប័នរដ្ឋ និង វិស័យឯកជន នេះតែម្តង៕