តំណែងប្រធានសភាអាមេរិក

តើនរណានឹងក្លាយជាប្រធានសភាអាមេរិកជំនួសលោក ម៉ាកាធី ?


ក្រោយការដកតំណែងប្រធានសភាអាមេរិករបស់លោក ម៉ាកាធី គួរឱ្យភ្ញាក់ផ្អើល និងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រអាមេរិក កាលពីពេលថ្មីៗនេះបានធ្វើឱ្យកៅអីក្នុងស្ថាប័ននីតិបញ្ញាត្តិកំពូលរបស់អាមេរិនៅទំនេរម្តងទៀត។ យ៉ាងណាមិញគេមើលឃើញបេក្ខភាពដ៏មានឥទ្ធិពលចំនួន៣រូបមកពីគណបក្សសាធារណរដ្ឋ ដែលអាចចូលមកអង្គុយលើកៅអីទំនេរមួយនេះ ខណៈក្រុមសាធារណរដ្ឋ កំណត់យកថ្ងៃទី១១ ខែតុលា បោះឆ្នោតជ្រើសរើសអ្នកបន្តតំណែងប្រធានសភា។
តំណែងប្រធានសភាអាមេរិក
ដោយ

លោក ស្ទេវ ស្កេលីស (Steve Scalise) លោកចីម ចូដេន (Jim Jordan) និងលោក ខេវិន ហើន (Kevin Hern) ជាបេក្ខភាពលេចធ្លោបីរូប ដែលអាចនឹងក្លាយជាប្រធានសភាបន្ទាប់ពីលោក ម៉ាកាធី។

អ្នកទាំងបីសុទ្ធតែជាតំណាងរាស្ត្រមកពីបក្សសាធារណរដ្ឋ និងមានការគាំទ្រយ៉ាងច្រើនក្នុងជួរបក្ស ក៏ដូចជាសមាជិកសភាសាធារណរដ្ឋផ្សេងទៀត។ ទោះយ៉ាងណា ក្រៅពីអ្នកទាំងបី គេក៏ឃើញមានតំណាង រាស្ត្រមួយចំនួនទៀតក៏កំពុងប្រជែងគ្នា និងស្វែងរកការគាំទ្រ ដើម្បីអង្គុយលើកៅអីនេះដែរ។

លោកស្ទេវ ស្កេលីស (Steve Scalise) វ័យ៥៧ឆ្នាំ ត្រូវបានចាត់ទុកថាជាអ្នកស្នងតំណែង លោក McCarthy ជាយូរមកហើយ។ លោកបានជួបជាមួយពួកសាធារណរដ្ឋស្ងាត់ៗ ដើម្បីកៀរគរការគាំទ្រសម្រាប់តំណែងកំពូលមួយនេះ។ លោក ស្កេលីស ត្រូវបានគេមើលឃើញថា ជាអ្នកអភិរក្សខ្លាំងជាងលោក McCarthy ទៅទៀត។

ប៉ុន្តែអ្វីដែលជាអកុសល លោក កំពុងមានជំងឺប្រចាំកាយ និងកំពុងទទួលការព្យាបាលជំងឺមហារីក។ មែនទែនទៅ ស្កេលីស គឺជាតំណាងរាស្ត្រមកពីរដ្ឋ Louisiana និងមានតំណែងខ្ពស់បំផុតទីពីរក្នុងសភាតំណាងបក្សសាធារណរដ្ឋ។ កាលពីថ្ងៃពុធ លោក បានប្រកាសបេក្ខភាពប្រធានសភាដោយនិយាយថា «តាមរយៈបទពិសោធន៍កន្លងមក លោក នឹងអាចនាំទៅរកការស្រុះស្រួលគ្នារវាងគំនិតផ្ទុយគ្នាក្នុងជួរសមាជិកសភាទាំងពីរបក្សបាន។ ជាមួយគ្នានេះលោក ម៉ាត ហ្កេតហ្ស (Matt Gaetz) ដែលជាអ្នកផ្គួចផ្តើតគំណិតស្នើ​ទម្លាក់តំណែងលោក ម៉ាកាធី ក៏បាននិយាយដែរថា ស្កេលីស អាចជាបេក្ខភាពដ៏ល្អសម្រាប់កៅអីប្រធានសភាអាមេរិក។

ក្រៅពីនេះ គេក៏ឃើញមានលោក ចីម ចូដេន (Jim Jordan) ជាអ្នកប្រឆាំងលោក ចូ បៃដិន ឈានមុខគេ ក៏បានប្រកាសត្រៀមខ្លួនសម្រាប់ការបោះឆ្នោតធ្វើជាប្រធានសភាផងដែរ។ លោក ចូដេន ដែលមាន វ័យ៥៩ឆ្នាំ គឺជាប្រធានគណៈកម្មាធិការតុលាការសភា និងការប្រើប្រាស់អាវុធនៃអនុគណៈកម្មាធិការជ្រើសរើសរដ្ឋាភិបាលសហព័ន្ធ។ លោក គឺជាតំណាងរាស្ត្រមកពីរដ្ឋ Ohio របស់បក្សសាធារណរដ្ឋ និងធ្លាប់ដឹកនាំការស៊ើបអង្កេតលើរដ្ឋបាលលោក ចូ បៃដិន ហើយក៏ជាអ្នកគាំទ្ររបស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ។

ក្នុងតួនាទីជាប្រធានគណៈកម្មាធិការតុលាការសភា លោក ចូដេន បានបើកការស៊ើបអង្កេតលើការចោទប្រកាន់លើលោក ចូ បៃដិន និងបានប្រទាំងប្រទើសជាមួយរដ្ឋអាជ្ញាសហព័ន្ធជុំវិញរឿងក្តីលោក ត្រាំ ផងដែរ។ អ្នកខ្លះមើលឃើញថា ចូដេន ជាតំណាងរាស្ត្រសាធារណរដ្ឋ ដែលមានជំហរស្តាំនិយមជ្រុល និងមានទំនាក់ទំនងជិតស្និទខ្លាំងជាមួយលោក ម៉ាកាធី។

បេក្ខភាពលេចធ្លោរមួយទៀត គឺលោក ខេវិន ហើន (Kevin Hern)ដែលជាដឹកនាំក្រុមគោលនយោបាយសម្រាប់សមាជិកសភាអភិរក្សនិយម ក៏បាននិយាយថា លោកកំពុងពិចារណាការឈេរឈ្មោះធ្វើជាប្រធានសភាដែរ។

លោក ជាតំណាងរាស្ត្ររដ្ឋ Oklahoma មកពីបក្សសាធារណរដ្ឋ។ ដូចទៅនឹងលោក ចូដេន ដែរ លោក ហើន ទទួលបានការគាំទ្រពីគណបក្សសាធារណរដ្ឋជាច្រើន ដែលប្រឆាំងនឹងលោក ម៉ាកាធី ក្នុងអំឡុងពេលបោះឆ្នោតប្រធានសភាកាលពីខែមករា កន្លងទៅ។

ទោះជាយ៉ាងណាក៏ដោយ ការដកតំណែងប្រធានសភានេះ គឺជារឿងដែលអ្នកនយោបាយ និងប្រជាជនអាមេរិកកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង។

យោងតាមការស្ទង់មតិចុងក្រោយមួយបានរកឃើញថា ពីរភាគបីនៃប្រជាជនអាមេរិកជឿថា អ្នកនយោបាយអាមេរិកទាំងពីរបក្សមិនអាចទុកភាពខុសគ្នាខាងនយោបាយនៅមួយឡែក ដើម្បីធ្វើការរួមគ្នាឡើយ។ នៅប៉ុន្នានឆ្នាំចុងក្រោយនេះ តួនាទីប្រធានកាន់តែយ៉ាប់យ៉ឺន​ និងអស្ថិរភាពខ្លាំង ព្រោះបានផ្លាស់ប្តូរញឹកញាប់ពេក។

សមាជិកសភាសាធារណរដ្ឋខ្លះយល់ថាពួកគេត្រូវតែផ្លាស់ប្តូរច្បាប់ស្តីពីការដកតំណែងប្រធានសភានៅពេលខាងមុខ ដើម្បីកុំឱ្យមានការបោះឆ្នោតទម្លាក់ស្រួលពេក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ករណីបន្ទះឈីបក្រុមហ៊ុន Huawei ធ្វើឱ្យតៃវ៉ាន់បន្តស៊ើបអង្កេតក្រុមហ៊ុនចំនួន៤

ព័ត៌មាន
អាជ្ញាធរតៃវ៉ាន់នឹងបើកការស៊ើបអង្កេតក្រុមហ៊ុនក្នុងស្រុកចំនួន៤ ក្រោយមានរបាយការណ៍មួយចំនួននិយាយថា ក្រុមហ៊ុនទាំងនោះកំពុងជួយក្រុមហ៊ុនទូរស័ព្…

អាជ្ញាធរថៃ រឹតបន្តឹងការគ្រប់គ្រងកាំភ្លើង ក្រោយផ្ទុះការបាញ់ប្រហារ នៅកណ្ដាលផ្សារទំនើប

ព័ត៌មាន
ក្រុមមន្ត្រីថៃ បានអះអាងថា ខ្លួននឹងស្ដារឡើងវិញនូវទំនុកចិត្តនៅក្នុងវិស័យទេសចរណ៍ ដែលជាវិស័យដ៏សំខាន់សម្រាប់សេដ្ឋកិច្ចខ្លួន បន្ទាប់ពីមានករណីប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ