ក្រសួងសេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ចបន្ដដោះស្រាយបញ្ហានានានៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពកម្ពុជា


រាជរដ្ឋាភិបាលកម្ពុជា នៅតែចាត់ទុកវិស័យឯកជន គឺជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការទ្រទ្រង់សង្គមសេដ្ឋកិច្ចកម្ពុជា ជាពិសេសក្នុងបរិការណ៍នៃការស្តារសេដ្ឋកិច្ចឡើងវិញ ពីជំងឺរាតត្បាតសាកលកូវីដ១៩។ ក្នុងន័យនេះ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បាននៅតែបន្តយកចិត្តទុកដាក់ជាពិសេសលើការអភិវឌ្ឍវិស័យឯកជននៅក្នុងប្រទេស ជាពិសេសប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពតាមរយៈគំនិតផ្តួចផ្តើមគាំទ្របែបគោលនយោបាយជាច្រើន ដែលស្របទៅនឹងទិសដៅនៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល។
ក្រសួងសេដ្ឋកិច្ចបន្ដដោះស្រាយបញ្ហានានានៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពកម្ពុជា

យ៉ាងណាមិញ ដើម្បីអភិវឌ្ឍវិស័យឯកជននៅក្នុងប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវគោលការណ៍មួយចំនួន ជាពិសេសក្រសួងសេដ្ឋកិច្ច ក៏បានជំរុញឲ្យសហគ្រិនខ្មែរ គួរតែពង្រីកវិសាលភាព បង្កើនទំនាក់ទំនងខ្សែច្រវាក់តម្លៃសកល ដើម្បីពង្រីក ទីផ្សារបន្ថែមដល់ធុរកិច្ចដែលមានសក្តានុពល។

ទោះបីជាមានការផ្តល់ការគាំទ្រតាមរយៈកម្មវិធីនានា និងបទប្បញ្ញត្តិផ្សេងៗគួរឱ្យកត់សម្គាល់ក៏ដោយ, សហគ្រាសធុនតូច និងមធ្យម និងសហគ្រាសបង្កើតថ្មីនៅកម្ពុជា ក៏នៅតែជួបប្រទះបញ្ហាប្រឈមមួយចំនួនដូចជា៖ កង្វះប្រភពទុនវិនិយោគ និងឥណទាន, កង្វះសហគ្រិនភាព និងសមត្ថភាពគ្រប់គ្រង, និងកង្វះប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ និងសម្របសម្រួលស្ថាប័ន។ល។ ដែលជាកត្តាជំរុញឲ្យមានការបង្កើនកម្មវិធីគាំទ្របន្ថែមទៀត ដើម្បីជួយជំរុញដល់ការរីកចម្រើនរបស់សហគ្រាសបង្កើតថ្មី និងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅក្នុងប្រទេសកម្ពុជា។

ដើម្បីចូលរួមដោះស្រាយបញ្ហានានា នៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពកម្ពុជា ក្រុមប្រឹក្សាបរធនបាលមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំលើកទី១៣ ជាមួយនឹងស្ថាប័នពាក់ព័ន្ធ ក្រោមអធិបតីភាពរបស់ឯកឧត្ដម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព។

ជាលទ្ធផល, អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងដែលទទួលបានវឌ្ឍនភាពការងារល្អប្រសើរ និងសមិទ្ធផលជាផ្លែផ្កា។ ក្រុមប្រឹក្សាបរធនបាលក៏បានពិភាក្សាលើកម្មវិធីរបស់លេខាធិការដ្ឋាន ម.អ.ស. និងសហគ្រិនខ្មែរ និងបានផ្ដល់គោលការណ៍ណែនាំបន្ថែមមួយចំនួនដល់ក្រុមការងារ ក្នុងការបន្តអនុវត្តកម្មវិធី និងសកម្មភាពរបស់ខ្លួន មានជាអាទិ៍៖ ១) អនុវត្តកម្មវិធីកសាងបណ្តាញធុរកិច្ចដោយផ្តោតលើការបង្កើតគុណតម្លៃបន្ថែម និងលទ្ធផលនៅក្នុងវិស័យអាទិភាព, ២) កសាងកម្មវិធីគាំទ្រដែលឆ្លើយតបទៅនឹងតម្រូវការនៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និង ៣) ផ្តល់កញ្ចប់ជំនួយ (Grants) ដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមដែលមានសក្តានុពល។ ទន្ទឹមនឹងនេះ, សហគ្រិនខ្មែរ គួរពង្រីកវិសាលភាពកម្មវិធីក្នុងការជួយគាំទ្រដល់ធុរកិច្ចក្រៅប្រព័ន្ធ (Informal Sector) និងបង្កើនការភ្ជាប់បណ្តាញទំនាក់ទំនងទៅកាន់ខ្សែច្រវាក់តម្លៃសកល ដើម្បីអោយធុរកិច្ចដែលមានសក្តានុពលអាចមានលទ្ធភាពពង្រីកទីផ្សារ។ អង្គប្រជុំក៏បានធ្វើការណែនាំអោយលេខាធិការដ្ឋាន ម.អ.ស. ចាប់ផ្តើមសិក្សាក្នុងការរៀបចំក្របខណ្ឌយុទ្ធសាស្រ្តរយៈពេលមធ្យម ២០២៤-២០២៦ ដើម្បីបន្តគាំទ្រប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពកម្ពុជាបន្ថែមទៀត។

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនរថភ្លើងនៃកំណើនសេដ្ឋកិច្ចជាតិ ខណៈវិស័យនេះ បានរួមចំណែកជិត ៧៩ភាគរយ តាមរយៈការផ្ដល់ការងារជូនប្រជាជននិងចំណូលពន្ធជូនរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា កាលណា វិស័យឯកជនមានការរីកចម្រើន សេដ្ឋកិច្ចជាតិក៏មានការរីកចម្រើនដូចគ្នា តាមរយៈការបង្កើនឱកាសការងារជូនប្រជាជនកាន់តែច្រើន ខណៈការបង់ពន្ធនឹងកាន់តែកើនខ្ពស់។ មិនតែប៉ុណ្ណោះ វាក៏ជាការជួយទ្រទ្រង់ដល់ការចំណាយរបស់រាជរដ្ឋាភិបាលថែមទៀតផង៕




អត្ថបទបន្ទាប់


រូបិយវត្ថុ Crypto ៣,៨ពាន់លានដុល្លារ ត្រូវបានចោរលួចកាលពីឆ្នាំ២០២២ ខណៈកូរ៉េខាងជើងជាប់សង្ស័យខ្លាំងជាងគេ

ព័ត៌មាន
រូបិយវត្ថុឌីជីថល ឬហៅថា Crypto ត្រូវបានក្រុមចោរបច្ចេកវិទ្យាលួចយកបាននៅក្នុងទំហំទឹកប្រាក់ ៣ពាន់៨រយលានដុល្លារអាមេរិក កាលពីឆ្នាំ២០២២ ខណៈកា…

ពលរដ្ឋអង់គ្លេសកន្លះលាននាក់ ចេញធ្វើបាតុកម្មទ្រង់ទ្រាយធំមិនធ្លាប់មាន ដើម្បីទាមទារការដំឡើងប្រាក់ឈ្នួល

ព័ត៌មាន
កម្មករនិយោជិក នៅអង់គ្លេសប្រមាណកន្លះលាននាក់កាលពីថ្ងៃពុធទី ០១ ខែកុម្ភៈ បានចេញដើរតាមផ្លូវដង្ហែក្បួន ធ្វើបាតុកម្ម ដើម្បីសុំដំឡើងប្រាក់ឈ្នួលបន្ថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ