បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា

ក្រសួងសេដ្ឋកិច្ចស្នើ ៥ចំណុច ពាក់ព័ន្ធគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា


ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អះអាងថា គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ គឺជាសមិទ្ធផលមួយដ៏សំខាន់ សម្រាប់ជាមគ្គទេសក៍ក្នុងការជំរុញការប្រើប្រាស់ បច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ សំដៅចូលរួមលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ រក្សាស្ថិរភាព វិស័យហិរញ្ញវត្ថុ និងជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ ប៉ុន្តែទាមទារឱ្យគ្រប់តួអង្គពាក់ព័ន្ធយកចិត្តទុកដាក់លើការងារសំខាន់ៗចំនួន៥ចំណុច ដើម្បីឱ្យវិធានការគោលនយោបាយនេះ អាចសម្រេចបាន។
គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨» កាលពីថ្ងៃទី៤ ខែតុលារនេះថា ដើម្បីចាប់យកកាលានុវត្តភាព និងសក្តានុពលដ៏ធំធេងពី ​ បច្ចេកវិទ្យាហិរញ្ញវត្ថុ រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ភារកិច្ចជូនគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ក្នុងការដឹកនាំ និងការសម្របសម្រួលដើម្បីរៀបចំ «គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨» ដែលបានកំណត់ចក្ខុវិស័យរយៈពេលវែងប្រកបដោយមហិច្ឆតា និងភាពប្រាកដនិយម គឺអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយឈរលើមូលដ្ឋានការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ, ការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ ដើម្បីចាប់យកអត្ថប្រយោជន៍ជាអតិបរមាពីបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ និងផ្ដល់កាលានុវត្តភាពដល់គ្រប់តួអង្គ សំដៅរួមចំណែកជំរុញសម្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាដ៏រស់រវើក។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដែលជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជី ថលផងដែរនោះ ក៏បានស្នើឱ្យក្រសួងស្ថាប័ន និងគ្រប់តួអង្គពាក់ព័ន្ធ យកចិត្តទុកដាក់លើការងារសំខាន់ៗចំនួន៥ចំណុច​ រួមមានទី១-ក្រសួងស្ថាប័នទទួលបន្ទុកអនុវត្តវិធានការគោលនយោបាយ ត្រូវរៀបចំផែនការសកម្មភាពការងារជាក់ស្ដែង ហើយគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ត្រូវបន្តសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរៀបចំយន្តការក្របខណ្ឌតាមដាននិង វាយតម្លៃដោយកំណត់សូចនាករសមិទ្ធកម្មគន្លឹះឱ្យបានច្បាស់លាស់។ ទី២- ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តចូលរួមឱ្យបានពេញលេញក្នុងការអនុវត្តគោលនយោបាយនេះ ប្រកបដោយស្មារតីបុរេសកម្ម ភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់។ ទី៣-ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តស្រាវជ្រាវដកស្រង់ពិសោធន៍ និងរៀនសូតជាប់ជាប្រចាំដោយត្រូវពង្រឹងសមត្ថភាពស្ថាប័នរបស់ខ្លួនឱ្យបានកាន់តែប្រសើរ ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទាញយកប្រយោជន៍ជាអតិបរិមាពីបច្ចេកវិទ្យាដែលកំពុងលេចឡើងថ្មីៗទាំងនេះ។

ទី៤-គ្រប់តួអង្គពាក់ព័ន្ធទាំងរដ្ឋ និងឯកជននៃប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាហិរញ្ញវត្ថុ ត្រូវបន្តកិច្ចសហការជិតស្និទ្ធ ចូលរួមដោយសកម្ម និងធ្វើការបំពេញឱ្យគ្នាទៅវិញទៅមកដើម្បីបង្កើតសហថាមពល និងបរិស្ថានអំណោយផលដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏រស់រវើក។ និងទី៥-គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ត្រូវបន្តកិច្ចសហការជិតស្និទ្ធជាមួយធនាគារជាតិនៃកម្ពុជា អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ សមាគម វិស័យឯកជន និងគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នារៀបចំជាវេទិការថ្នាក់ជាតិ ឬអន្តរជាតិ ស្តីពីបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាប្រចាំឆ្នាំ ដើម្បីពិភាក្សានិងចែករំលែកបទពិសោធន៍ល្អៗនិងដើម្បីស្វែងយល់អំពីបញ្ហាប្រឈម ឬក្តីកង្វល់នានា ដើម្បីស្វែងរកដំណោះស្រាយជាក់ស្ដែង។

តាមការបញ្ជាក់អះអាងរបស់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច មិនថាមានការអភិវឌ្ឍក្នុងកម្រិតណានោះទេ ប្រទេសដែលមានសេដ្ឋកិច្ចកំពុងលូតលាស់ ឬប្រទេសកំពុងអភិវឌ្ឍ អាចចាប់យកនូវបច្ចេកវិទ្យាឌីជីថលថ្មីៗ ដើម្បីផ្លាស់ប្តូរពីឧស្សាហកម្មបែបប្រពៃណី ទៅឧស្សាហកម្មទំនើបបានក្នុងរយៈពេលខ្លីតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជាវិស័យចន្ទល់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច; ការប្រែក្លាយបច្ចេកវិទ្យាឌីជីថលជាកាតាលីករក្នុងការគាំទ្រ និងជំរុញវិស័យផ្សេងៗនៃសេដ្ឋកិច្ច; និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីផ្ដល់លទ្ធភាពឱ្យធុរជន និងវិនិយោគិនក្នុងស្រុកអាចភ្ជាប់ខ្លួនទៅនឹងខ្សែច្រវាក់ផលិតកម្មក្នុងតំបន់និងសកល ក៏ដូចជាស្វែងរកភាពច្នៃប្រឌិតក្នុងការផលិតទំនិញ និងការផ្តល់សេវាកម្មផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សភាអាមេរិកធ្លាក់ចូលក្នុងភាពចលាចលជាថ្មី ក្រោយប្រធានសភាលោកម៉ាកាធី ត្រូវបានបោះឆ្នោតទម្លាក់ពីកៅអី

ព័ត៌មាន
សមាជិកសភាតំណាងរាស្រ្តសហរដ្ឋអាមេរិកបានបោះឆ្នោតដកតំណែងប្រធានសភា ដែលមកពីបក្សសាធារណរដ្ឋជាលើកដំបូងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រអាមេរិក ២៣៤ឆ្…

TikTok នឹងផ្អាកប្រតិបត្តិការពាណិជ្ជកម្មតាមអនឡាញក្នុងប្រទេសឥណ្ឌូណេស៊ី

ព័ត៌មាន
ក្រុមហ៊ុនTikTok នៅឥណ្ឌូណេស៊ី កាលពីថ្ងៃអង្គារ ទី៣ ខែតុលា បានប្រកាសថា ខ្លួននឹងផ្អាកប្រតិបត្តិការពាណិជ្ជកម្មអនឡាញតាម ក្នុងប្រទេសឥណ្ឌូណេស៊ី ចា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ