អត្ថបទពាណិជ្ជកម្ម

ក្រសួងសេដ្ឋកិច្ចរៀបចំកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់លើសេចក្ដីព្រាងរបាយការណ៍ការពង្រឹង និងពង្រីកលំហហិរញ្ញវត្ថុសាធារណៈ ពីទិដ្ឋភាពចំណូលមិនមែនសារពើពន្ធ


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរៀបចំនូវកិច្ចប្រជុំ ពិភាក្សាពិគ្រោះយោបល់លើសេចក្ដីព្រាងរបាយការណ៍ការពង្រឹង និងពង្រីកលំហហិរញ្ញវត្ថុសាធារណៈ ពីទិដ្ឋភាពចំណូលមិនមែនសារពើពន្ធ ដើម្បីកំណត់នូវការងារកែ-ទម្រង់អាទិភាព ក្រោមក្របខ័ណ្ឌ នៃការប្រមូលចំណូលមិនមែនសារពើពន្ធ ជាពិសេសចំណូលពីការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ សំដៅរួមចំណែកសម្រេចឱ្យបានចក្ខុវិស័យរបស់រាជរដ្ឋាភិបាល «ប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នំា២០៣០ និង ជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០»។
ក្រសួងសេដ្ឋកិច្ចរៀបចំកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់លើសេចក្ដីព្រាងរបាយការណ៍ការពង្រឹង និងពង្រីកលំហហិរញ្ញវត្ថុសាធារណៈ ពីទិដ្ឋភាពចំណូលមិនមែនសារពើពន្ធ
ដោយ

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដឹកនាំដោយ ឯកឧត្ដមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​ដឹកនាំ​ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយ ឯកឧត្ដម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ បណ្ឌិតទីប្រឹក្សា និងមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ., បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងរបាយការណ៍សិក្សាស្ដីពី «ការពង្រឹង និងពង្រីកលំហហិរញ្ញវត្ថុសាធារណៈ ពីទិដ្ឋភាពចំណូលមិនមែនសារពើពន្ធ»។ កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាតំណាងមកពីគ្រប់អង្គភាពក្រោមឱវាទ កសហវ. រួមទាំងមន្ទីរ សហវ. ទាំង ២៥ រាជធានី-ខេត្ត ក្រសួង-ស្ថាប័ន និងរដ្ឋបាលទាំង ២៥ រាជធានី-ខេត្ត សរុបប្រមាណ ២០០រូប។

គួរបញ្ជាក់ផងដែរថា របាយការណ៍សិក្សានេះ ត្រូវបានរៀបចំក្នុងគោលបំណងកំណត់នូវការងារកែ-ទម្រង់អាទិភាព ក្រោមក្របខ័ណ្ឌ នៃការប្រមូលចំណូលមិនមែនសារពើពន្ធ ជាពិសេសចំណូលពីការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ សំដៅរួមចំណែកសម្រេចឱ្យបានចក្ខុវិស័យរបស់រាជរដ្ឋាភិបាល «ប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នំា២០៣០ និង ជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០»។ ក្នុងន័យនេះ លទ្ធផល នៃការសិក្សានឹងក្លាយជាធាតុចូលដ៏សំខាន់ក្នុងរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ «គណនេយ្យភាពសមិទ្ធកម្ម» ដែលគ្រោងនឹងដាក់ជូនគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅអំឡុងត្រីមាសទី១ ឆ្នាំ២០២៦ ខាងមុខ។

ទន្ទឹមនឹងនេះ ដើម្បីធានាភាពគ្រប់ជ្រុងជ្រោយនៃរបាយការណ៍សិក្សា ក្នុងកិច្ចប្រជុំនេះ ក៏មានការធ្វើបទឧទ្ទេសនាមអំពីខ្លឹមសារសង្ខេប នៃផែនការគោលស្ដីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើ-ពន្ធ ២០២៥-២០៣៥ និងសេចក្ដីព្រាងផែនការគោលស្ដីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ២០២៥-២០៣៥ ដោយតំណាងមកពីអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃ កសហវ.។

បន្ទាប់ពីអង្គប្រជុំបានពិភាក្សាយ៉ាងផុសផុលលើបញ្ហាប្រឈម និងដំណោះស្រាយផ្សេងៗ ឯកឧត្ដមបណ្ឌិត យ៉េត វីណែល បានបូកសរុប និងកំណត់ទិសដៅសំខាន់ៗ ទាំងក្នុងក្របខ័ណ្ឌនៃការរៀបចំបទដ្ឋានគតិយុត្តគាំទ្រ ការពង្រឹងអភិបាលកិច្ចប្រមូលចំណូលមិនមែនសារពើពន្ធ និងការជំរុញផ្ដល់ការបណ្ដុះ-បណ្ដាលចាំបាច់ផ្សេងៗ ដល់អង្គភាពប្រមូលចំណូល សំដៅគាំទ្រដល់ការអនុវត្តកិច្ចការនេះ ប្រកប​ដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព។ បន្ថែមពីនេះ ឯកឧត្ដមបណ្ឌិត ក៏បានគូសរំលេចផងដែរថា ការងារនេះ ចាំបាច់ត្រូវគិតគូររៀបចំអនុវត្តជាជំហានៗ ដើម្បីធានាថា ការប្រមូលចំណូលមិនមែនសារពើពន្ធ អនុវត្តអស់សក្ដានុពល និងរួមចំណែកលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។​

ជាចុងបញ្ចប់ ឯកឧត្ដមបណ្ឌិត យ៉េត វីណែល បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់គ្រប់អង្គភាព/ស្ថាប័នពាក់ព័ន្ធ ដែលបានផ្ដល់កិច្ចសហការដល់ អ.គ.ហ. ទាំងក្នុងអំឡុងពេលចុះប្រមូលទិន្នន័យ និងក្នុងកិច្ចប្រជុំផ្សេងៗ ដើម្បីផ្ដល់ជាធាតុចូលបន្ថែមក្នុងរបាយការណ៍ដ៏មានសារៈសំខាន់នេះ៕




អត្ថបទបន្ទាប់


ធនាគារ ខេប៊ីប្រាសាក់ ចូលរួម «កម្មវិធីសន្សំប្រាក់ដោយភាពវៃឆ្លាត សន្សំប្រាក់ដោយក្តីស្រឡាញ់»

ខេត្តកំពត៖ ធនាគារ ខេប៊ីប្រាសាក់ បានចូលរួមឧបត្ថម្ភ និងផ្សព្វផ្សាយអំពីសារៈសំខាន់នៃការសន្សំប្រាក់ នៅក្នុងទិវាសន្សំអាស៊ាន ឆ្នាំ 2025 នាថ្ងៃទី…

វិបត្តិជំនួយមនុស្សធម៌នៅប្រទេសស៊ូដង់កាន់តែអាក្រក់ទៅៗ ក្រោយក្រុមទាហានប៉ារ៉ាដណ្ដើមបានរដ្ឋធានីអាល់ហ្វាសៀ

ប្រទេសស៊ូដង់បានជួបវិបត្តិជំនួយមនុស្សធម៌កាន់តែខ្លាំងឡើងៗ ក្រោយកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) បានដណ្ដើមគ្រប់គ្រងរដ្ឋធានីអាល់ហ្វាសៀ ទា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ