ដោយប្រតិបត្តិតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ឯកឧត្ដមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិត វង់ សណ្ដាប់ រដ្ឋលេខាធិការ នៃ កសហវ. និង ឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយអគ្គនាយកដ្ឋានក្រោមឱវាទ កសហវ. ចំនួន ៥ រួមមាន លេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម, អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ, និង អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានដឹកនាំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័នដែលមានសមត្ថកិច្ចប្រមូលចំណូលពីសេវាសាធារណៈ និងការពិន័យ ចំនួន ១០ ដើម្បីតាមដាន និងជំរុញបញ្ចប់ការកែសម្រួលប្រកាសអន្តរក្រសួង ត្រឹមខែធ្នូ ឆ្នាំ២០២៥ ខាងមុខ។ ក្រសួង ស្ថាប័នទាំង ១០ នេះ រួមមាន (១) ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, (២) ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, (៣) ក្រសួងព័ត៌មាន, (៤) ក្រសួងសុខាភិបាល, (៥) ក្រសួងអប់រំ យុវជន និងកីឡា, (៦) ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, (៧) ក្រសួងបរិស្ថាន, (៨) ក្រសួងពាណិជ្ជកម្ម, (៩) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, និង (១០) ក្រសួងសាធារណការ និងដឹកជញ្ជូន។ បន្ថែមពីនេះ ដើម្បីទទួលបានធាតុចូលគ្រប់ជ្រុងជ្រោយពីគ្រប់អង្គភាពពាក់ព័ន្ធ ជាពិសេស រដ្ឋបាលថ្នាក់ក្រោមជាតិ កិច្ចប្រជុំក៏មានការចូលរួមពីតំណាងមកពី អគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ និងលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ផងដែរ។
ជាសាវតារថា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ រាជរដ្ឋាភិបាល បានអនុម័តអនុក្រឹត្យលេខ ២៨៣ អនក្រ.បក ស្ដីពីគោលការណ៍ និងនីតិវិធីបន្ថែមសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ក្នុងក្របខ័ណ្ឌ នៃការផ្ទេរមុខងារ និងការចែករំលែកចំណូលមិនមែនសារពើពន្ធ ពីរដ្ឋបាលថ្នាក់ជាតិ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។ ស្របតាមអនុក្រឹត្យនេះ ក្រសួង ស្ថាប័នដែលបានផ្ទេរមុខងារប្រមូលចំណូលពីសេវាសាធារណៈ និងការពិន័យ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ចាំបាច់ត្រូវធ្វើការកែសម្រួលប្រកាសអន្តរក្រសួង ឬ ប្រកាសរួមរបស់ខ្លួន ពោលគឺត្រូវពិនិត្យលើកម្រងសេវាសាធារណៈ និងបញ្ជីផាកពិន័យរបស់ខ្លួន ដោយត្រូវដកចេញនូវប្រភេទសេវាដែលបានប្រគល់មុខងារជូនរដ្ឋបាលថ្នាក់ក្រោមជាតិរួចហើយ, បញ្ចូលប្រភេទសេវាដែលទើបបង្កើតថ្មីស្របតាមការវិវឌ្ឍសេដ្ឋកិច្ច-សង្គម, និង កាត់ចេញនូវប្រភេទសេវាដែលពុំមានដំណើរការ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិត យ៉េត វីណែល បានគូសរំលេចពីសារៈសំខាន់ នៃការផ្ទេរ និងចែករំលែកចំណូលមិនមែនសារពើពន្ធបន្ថែម ពីរដ្ឋបាលថ្នាក់ជាតិ ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសក្នុងការលើកកម្ពស់ការអភិវឌ្ឍនៅមូលដ្ឋាន សំដៅរួមចំណែកពង្រឹង និងពង្រីកការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព សក្ដិសិទ្ធិភាព និងបរិយាប័ន្ន។ ក្នុងគោលបំណងនេះ ឯកឧត្ដមបណ្ឌិត បានធ្វើការបូកសរុប និងដាក់ទិសដៅឱ្យគ្រប់ក្រសួង ស្ថាប័ន បន្ដសហការជាមួយអគ្គនាយកដ្ឋានទទួលបន្ទុកក្រោមឱវាទ កសហវ. ដើម្បីបញ្ចប់ការកែសម្រួលប្រកាសអន្តរក្រសួង ឬ ប្រកាសរួម ត្រឹមខែធ្នូ ឆ្នាំ២០២៥ ខាងមុខ ដើម្បីត្រៀមធ្វើការផ្សព្វផ្សាយ និងអនុវត្តចាប់ពីឆ្នាំ២០២៦ តទៅ។
មុននឹងបញ្ចប់ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលតែងផ្ដល់ការសហការចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការនេះ ប្រកបដោយភាពជាម្ចាស់ ព្រមទាំងបានស្នើសុំអង្គភាពពាក់ព័ន្ធក្រោមឱវាទ កសហវ. បន្ដផ្ដល់ការគាំទ្រគ្រប់ក្រសួង ស្ថាប័ន សំដៅសម្រេចឱ្យបាននូវទិសដៅដែលបានគ្រោងទុក៕