កាលពីថ្ងៃចន្ទ ទី ២៣ ខែតុលា ឯកសារបណ្តុះបណ្តាលកម្មវិធីអក្ខរកម្មឌីជីថលខ្មែរដែលត្រូវបានដាក់ឱ្យសម្ពោធ ដំណើរការនៅសណ្ឋាគារ ហៃយ៉ាត់ រីជើនស៊ី ភ្នំពេញគឺជាផ្នែកមួយនៃកម្មវិធីអក្ខរកម្មកំពុងដំណើរការដែលត្រូវ បានបង្កើតឡើងដោយក្រុមហ៊ុន Meta (Facebook) ក្នុងឆ្នាំ ២០២២ ដើម្បីជួយអភិវឌ្ឍជំនាញដែលត្រូវការដើម្បី បង្កើតពលរដ្ឋឌីជីថលដែលមានទំនួលខុសត្រូវ ការគិតបែបស៊ីជម្រៅ ការយោគយល់ និងការប្រាស្រ័យទាក់ទង តាមឌីជីថល។ ការសម្ពោធដាក់ឲ្យដំណើរការនេះមានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា អង្គការ សកម្មភាពលើកកម្ពស់ការអប់រំ អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកនិងអន្តរជាតិ សាលារៀនជំនាន់ថ្មី និងសហគមន៍ អប់រំ ។
ឯកសារបណ្តុះបណ្តាលកម្មវិធីអក្ខរកម្មឌីជីថលខ្មែរមាន ៤ ម៉ូឌុលសម្រាប់សិស្សថ្នាក់ទី ៧ ដល់ទី ៩ ដែលរួមមាន ការណែនាំអំពីការរៀន បែបឌីជីថល មូលដ្ឋានគ្រឹះឌីជីថល សុខាមាលភាពឌីជីថល និងការចូលរួមបែបឌីជីថល។ គ្រូបណ្តុះបណ្តាលនឹងត្រូវបង្រៀនសិស្សក្ នុងសាលាគោលដៅជាមួយនឹងឯកសារបណ្តុះ បណ្តាលកម្មវិធីអក្ខកម្ម ឌីជីថលនៅក្នុងកាលវិភាគបង្រៀនរបស់ពួកគេ។ កម្មវិធីនេះមាន គោលបំណងផ្តល់ការសិក្សាទៅដល់សិស្សចំនួនពី ៣០០០ ទៅ ៥០០០ នាក់ក្នុងរយៈពេលប្រាំមួយខែនៃការសាកល្បងកម្មវិធីសិក្សា ឌីជីថលថ្មីនេះចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២៤។
លោកជំទាវ គឹម សេថានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលយើងបានធ្វើឱ្យមានការរីកចំរើនគួរឱ្យកត់សម្គាល់ជាមួយនឹងកម្មវិធីអក្ខរកម្មខ្មែរឌីជីថលរបស់យើង ហើយឥឡូវនេះយើងនឹងណែនាំកម្ម វិធីសិក្សាដែលបានព្រមព្រៀងគ្នាសម្រាប់បន្តការអភិវឌ្ឍន៍សិស្ស និងអ្នកអប់រំរបស់យើង។ វគ្គសិក្សានេះនឹងបំពាក់ឱ្យសាលារៀននូវជំនាញ ចាំបាច់ដើម្បីរីកចម្រើនក្នុងយុគសម័យ ឌីជីថល ហើយយើងទន្ទឹងរង់ចាំមើលការរីកចម្រើន និងភាពជោគជ័យរបស់សិស្ស»។
លោកជំទាវក៏បានបញ្ជាក់ផងដែរថា ឯកសារបណ្តុះបណ្តាលនេះមានលក្ខណៈលម្អិត និងពាក់ព័ន្ធច្រើនជាមួយ សៀវភៅសិក្សា ICT សម្រាប់ថ្នាក់ទី ៧ ដល់ទី ១០ ដែលក្រសួងអប់រំ បានរៀបចំកន្លងមក។ លោកជំទាវក៏បានស្នើ ឱ្យក្រុមហ៊ុនMeta និងអង្គការខេប ពិចារណាដាក់វគ្គសិក្សាអក្ខរកម្មឌីជីថលនេះជាទម្រង់អនឡាញដែលអនុញ្ញាតឱ្យអ្នកទទួលផលជាច្រើនផ្សេងទៀតអាចរៀនបានដែរ និងពិចារណាបញ្ចូលមជ្ឈមណ្ឌលគរុកោសល្យភូមិភាគក្នុងការអនុវត្តកម្មវិធីនេះផង ព្រោះគរុសិស្សជាច្រើននាក់នឹងទទួលបានប្រយោជន៍ ពីការបណ្តុះបណ្តាលកម្មវិធីអក្ខរកម្មឌីជីថលខ្មែរនេះដើម្បីបង្កើនចំណេះដឹង និងជំនាញផ្នែកឌីជីថលរបស់គាត់។
ម៉ូឌុលចំនួន ៤ ដែលបង្កើតឯកសារបណ្តុះបណ្តាលកម្មវិធីអក្ខរកម្មឌីជីថលខ្មែរសម្រាប់សិស្សថ្នាក់ទី ៧ ដល់ ៩ រួមមាន៖
-ការណែនាំអំពីការរៀនបែបឌីជីថល ការបង្ហាញដល់សិស្សអំពីប្រព័ន្ធអ៊ីនធឺណិតដូចជា ការកំណត់ព័ត៌មានដែលអាចចែករំលែក នៅលើអ៊ីនធឺណិត កំណត់វិធីសាស្រ្តផ្សេងៗសម្រាប់ការចូលប្រើ ព័ត៌មានតាមអ៊ីនធឺណិត និង កំណត់អត្ថប្រយោជន៍ តួនាទី និងការទទួលខុសត្រូវរបស់ពលរដ្ឋឌីជីថល។
-មូលដ្ឋានគ្រឹះឌីជីថល បង្រៀនសិស្សពីរបៀបប្រើប្រាស់ឧបករណ៍ដើម្បីការពារឧបករណ៍ឌីជីថលរបស់ពួកគេ និងព័ត៌មានផ្ទាល់ខ្លួន របស់ពួកគេនៅលើអ៊ីនធឺណិតក៏ដូចជាឧបករណ៍ផ្សេងទៀតផងដែរ។
-សុខាមាលភាពឌីជីថល គាំទ្រសមត្ថភាពរបស់សិស្សក្នុងការចូលរួមជាមួយអ្នកដទៃទាំងបុគ្គលនិងជាក្រុម នៅលើប្រព័ន្ធអ៊ីនធឺណិត ដែលប្រកបដោយក្រមសីលធម៌និងភាពវិជ្ជមាន ការពារសុខភាពផ្លូវកាយនិងផ្លូវចិត្ត និងស្វែងរកស្វែងរកសក្តានុពលរបស់ពួកគេ។
-ការចូលរួមបែបឌីជីថល ជួយសិស្សក្នុងការអភិវឌ្ឍមុខងារអនុវត្ត ការគិតបែបស៊ីជម្រៅ និងជំនាញដែលត្រូវការដើម្បីវាយតម្លៃ ចែករំលែកដំណឹងនិងព័ត៌មានតាមអ៊ីនធឺណិត ក៏ដូចជាចូលរួមជាមួយវប្បធម៌ ផ្សេងៗផងដែរ។
លោក ហេង ភក្តី អ្នកគ្រប់គ្រងគោលនយោបាយសាធារណៈនៃក្រុមហ៊ុន មេតា បានមានប្រសាសន៍ថា៖ «យើងមានសេចក្តីសោមនស្ស រីករាយដែលបានបោះជំហានទៅមុខមួយទៀតជាមួយដៃគូរបស់យើងដែលរួមមាន ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការសកម្មភាព កម្ពុជាក្នុងការលើកកម្ពស់ការអប់រំនៅក្នុងកម្មវិធីអក្ខរកម្មខ្មែរឌីជីថលដ៏សំខាន់នេះ។ យើងមានទំនុកចិត្តថា តាមរយៈកម្មវិធីនេះយើងនឹងអាច បំពាក់ដល់ពលរដ្ឋកម្ពុជានូវជំនាញដែលចាំបាច់ដើម្បីប្រើប្រាស់លើប្រព័ន្ធអ៊ីនធឺណិតដោយសុវត្ថិភាពនិងមានប្រសិទ្ធភាព»។
លោក សៅ វណ្ណា នាយកប្រតិបត្តិនៃអង្គការ KAPE មានភាពរីករាយដែលបានចាប់ដៃគូជាមួយក្រុមហ៊ុន Meta ដើម្បីចាប់ផ្តើមកម្មវិធីនេះ ព្រោះថាកម្មវិធីនេះនឹងជួយសិស្សានុសិស្ស និងអ្នកអប់រំក្នុងការបង្កើនជំនាញឌីជីថលរបស់ពួកគេ។ លើសពីនេះទៀត ការប្រើប្រាស់ប ច្ចេកវិទ្យា ICT និងឌីជីថលនៅក្នុងវិស័យអប់រំ វាពិតជាមាន សារៈសំខាន់ខ្លាំងណាស់សម្រាប់ជួយជម្រុញ និងលើកកម្ពស់ការអប់រំតាម បែបឌីជីថល និងការអប់រំស្ទែម (STEM) ដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងការឆ្លើយតបនឹងគោលនយោបាយបញ្ចកោណ និងទិសដៅនៃ សេដ្ឋកិច្ចឌីជីថលកម្ពុជានាពេលអនាគត។
លោក សៅ វណ្ណា បានមានប្រសាសន៍ថា៖ «យើងមានទំនុកចិត្តថាតាមរយៈវគ្គសិក្សានេះ យើងនឹងអាចធ្វើឱ្យប្រសើរឡើងនូវជំនាញ ឌីជីថល និងសុខុមាលភាពឌីជីថលរបស់សិស្សនាពេលបច្ចុប្បន្ននេះ»។
កម្មវិធីអក្ខរកម្មឌីជីថលខ្មែរមានគោលបំណងក្នុងការពិភាក្សារ និងកែលម្អកម្មវិធីសិក្សា ICT សម្រាប់កម្រិតមធ្យម សិក្សាបឋមភូមិ នៅក្នុងសាលាជំនាន់ថ្មី (NGS) ។ កម្មវិធីនឹងផ្តល់ឱ្យសិស្សនូវជំនាញជាមូលដ្ឋានទាក់ទងនឹងអក្ខរកម្ម ឌីជីថលតាមរយៈការបណ្តុះបណ្តាល និងសិក្ខាសាលាដោយប្រើឯកសារបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថលខ្មែរដែលបានកែសម្រួលមកពីកម្មវិធីសិក្សា WeThinkDigital របស់ ក្រុមហ៊ុន Meta ។ គួរបញ្ជាក់ផងដែរ ថា កម្មវិធីនេះត្រូវបាន អនុវត្តតាំងពីខែតុលា ឆ្នាំ ២០២២ មកម្ល៉េះ។