ជាមួយគ្នានេះក្រសួងសុខាភិបាល បានបង្ហាញពីឥទ្ធិពល និងផលប៉ះពាល់របស់គ្រឿងស្រវឹងចំពោះសុខភាពរបស់អ្នកបរិភោគ។
តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួនចេញផ្សាយ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកត់សម្គាល់ឃើញថា នៅមួយរយៈចុងក្រោយនេះ មានការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងតាមរយៈស្ថានីយវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទយ៉ាងគគ្រឹកគគ្រេង មានការផ្តល់រង្វាន់ផ្សងសំណាងយ៉ាងច្រើនសន្ធឹកសន្ធាប់ និងបានធ្វើបទសម្ភាសជាមួយអ្នកត្រូវរង្វាន់ដោយប្រើសកម្មភាពជំរុញ លើកទឹកចិត្ត និងរូបភាពដើម្បីអូសទាញប្រជាពលរដ្ឋ ជាពិសេសយុវជនឱ្យឈ្លក់វង្វេងសេពគ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់ ដើម្បីផ្សងយករង្វាន់ធ្វើឱ្យប៉ះពាល់ដល់អនាគតយុវជនកម្ពុជា ដែលជាទំពាំងស្នងឫស្សី។
រដ្ឋមន្ត្រីក្រសួងព័ត៌មានរូបនេះអះអាងថា ផលប៉ះពាល់ដល់សង្គមមួយផ្នែក គឺកើតចេញពីការទទួលទានគ្រឿងស្រវឹងដោយខ្វះការទទួលខុសត្រូវដូចជាបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សាក្នុងគ្រួសារ សង្គម និងផលប៉ះពាល់សុខភាពជាដើម។
ដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់នូវរាល់ភាពអសកម្មទាំងនេះ ឯកឧត្តម នេត ភក្ត្រា ណែនាំឱ្យក្រុមហ៊ុនផលិត និងចែកចាយស្រាបៀរ និងក្រុមហ៊ុនផ្ដល់សេវាផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងអស់ ត្រូវអនុវត្តឱ្យបានការណែនាំ និងគោលការណ៍ស្តីពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងរបស់ក្រសួងព័ត៌មានឱ្យបានខ្ជាប់ខ្ជួន។ លើសពីនេះ ឯកឧត្តម ហាមមិនឱ្យមានការផ្សាយពាណិជ្ជកម្មផ្តល់រង្វាន់គ្រឿងស្រវឹង ដោយប្រើសកម្មភាពជំរុញលើកទឹកចិត្ត ឬអូសទាញប្រជាពលរដ្ឋឱ្យឈ្លក់វង្វេងសេពគ្រឿងស្រវឹង ដើម្បីផ្សងសំណាងយករង្វាន់ និងពាក្យស្លោក ដែលមានចរិតលើកទឹកចិត្តហួសហេតុពេក។ ជាពិសេស ហាមយកស្ត្រី និងអនីតិជនក្រោមអាយុ១៨ឆ្នាំ ផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ។ លើសពីនេះ រាល់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមមធ្យោបាយគ្រប់ទម្រង់ត្រូវដាក់សារព្រមានដូចជាពិសាគ្រឿងស្រវឹងសូមកុំបើកបរ ឬពិសាដោយការទទួលខុសត្រូវ។
រដ្ឋមន្ត្រីក្រសួងព័ត៌មានសង្កត់ធ្ងន់ថា ក្នុងករណីម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ ឬក្រុមហ៊ុនផលិត នាំចូល ចែកចាយ ឬក្រុមហ៊ុនផ្តល់សេវាកម្មផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងណាមួយមិនអនុវត្តតាមការណែនាំនេះ ក្រសួងព័ត៌មាន នឹងបញ្ឈប់ការផ្សាយស្ពតពាណិជ្ជកម្មនោះ។ ហើយចំពោះម្ចាស់ប្រព័ន្ធផ្សព្វផ្សាយណា ដែលល្មើស ក្រសួងព័ត៌មាននឹងអនុវត្តតាមកិច្ចសន្យា ដែលតម្កល់ទុកនៅក្រសួងព័ត៌មាន។
នៅមួយថ្ងៃបន្ទាប់ពីការហាមផ្សព្វផ្សាយគ្រឿងស្រវឹងក្រោមរូបភាពអូសទាញហួសហេតុរបស់ក្រសួងព័ត៌មាន ក្រសួងសុខាភិបាលកម្ពុជា ក៏បានចេញសេចក្តីប្រកាសព័ត៌មានបង្ហាញពីផលប៉ះពាល់ធ្ងន់ធ្ងររបស់គ្រឿងស្រវឹងចំពោះសុខភាពមនុស្ស សេដ្ឋកិច្ច និងសង្គមផងដែរ។ បើតាមការអះអាងរបស់ក្រសួងសុខាភិបាលជាតិអាល់កុលក្នុងស្រវឹងអាចបង្កផលប៉ះពាល់ដល់សុខភាពមនុស្សក្នុងរយៈពេលខ្លី និងវែង។ ផលប៉ះពាល់រយៈពេលខ្លីដូចជាធ្វើឱ្យមនុស្សចាប់ផ្តើមនិយាយច្រើន ចលនាអន់ថយ គំហើញថយចុះ និងក្អួតចង្អោរ ឬបាត់បង់ស្មារតី ហើយប្រសិនបើទទួលទានគ្រឿងស្រវឹងច្រើនពេកអាចបង្កឱ្យសន្លប់ ប្រឈមនឹងជំងឺឆ្លងដូចជាជំងឺអេដស៍ និងជំងឺផ្សេងៗទៀត។
ដោយឡែកផលប៉ះពាល់រយៈពេលវែងដូចជាបង្កឱ្យកើតជាជំងឺក្រិនថ្លើម ខូចថ្លើម ជំងឺមហារីក ជំងឺមហារីកឈាម ប្រព័ន្ធភាពស៊ាំចុះខ្សោយ ងាយធ្លាក់ខ្លួនឈឺដោយសារការបង្ករោគ បញ្ហាសុខភាពផ្លូវចិត្ត ក្លាយជាបុគ្គលញៀនគ្រឿងស្រវឹង អសមត្ថភាពផ្លូវភេទ ជំងឺបេះដូង និងសរសៃឈាម ជំងឺសរសៃឈាមខួរក្បាល ជំងឺខ្សោយសាច់ដុំ និងឆ្អឹង ទារកមានការលូតលាស់មិនប្រក្រតីនៅក្នុងផ្ទៃស្រ្តីប្រើប្រាស់គ្រឿងស្រវឹងអំឡុងពេលពរពោះ និងជំងឺមិនឆ្លងផ្សេងៗទៀត។
លើសពីនេះ គ្រឿងស្រវឹង ក៏អាចបណ្តាលឱ្យយុវវ័យឈានទៅរកការប្រើប្រាស់គ្រឿងញៀន និងថ្នាំជក់ ដែលប្រាសចាកពីសីលធម៌សង្គមផងដែរ ខណៈគ្រឿងស្រវឹងបង្កឱ្យមានផលប៉ះពាល់ ដូចជាអំពើហឹង្សាការប្រព្រឹត្តបទឧក្រិដ្ឋ ជម្លោះបុគ្គល ការចំណាយថវិកាទៅលើការទិញគ្រឿងស្រវឹង ការព្យាបាលសុខភាព គ្រោះថ្នាក់ចរាចរណ៍ និងការខាតបង់ផ្សេងៗទៀត៕