អ្នកនិពន្ធក្នុងស្រុក

អ្នកឧកញ៉ា គួច ម៉េងលី ជំរុញឲ្យអ្នកនិពន្ធក្នុងស្រុក សរសេរសៀវភៅអំពីភាពជាអ្នកដឹកនាំនៃវីរៈបុរសខ្មែរឲ្យបានច្រើន


អ្នកឧកញ៉ា គួច ម៉េងលី ដែលត្រូវបានគេស្គាល់ថា ជាអ្នកជំនួញដ៏លេចធ្លោរមួយរូបនៅក្នុងវិស័យអប់រំនៅកម្ពុជា បានជំរុញលើកទឹកចិត្តដល់អ្នកនិពន្ធក្នុងស្រុក ឲ្យខិតខំចងក្រងសៀវភៅអំពីភាពជាអ្នកដឹកនាំរបស់វីរៈបុរសខ្មែរឲ្យបានច្រើន ដ្បិតអ្នកឧកញ៉ា សង្កេតឃើញថា បច្ចុប្បន្ន ស្នាដៃនិពន្ធសៀវភៅប្រភេទនេះ ពុំសូវមានច្រើននោះទេ ពោលគឺមានច្រើនតែសៀវភៅ ដែលរាប់រៀបអំពីភាពជាអ្នកដឹកនាំរបស់បុគ្គលមេដឹកនាំបរទេសតែប៉ុណ្ណោះ។
អ្នកឧកញ៉ា គួច ម៉េងលី ជំរុញឲ្យអ្នកនិពន្ធក្នុងស្រុក សរសេរសៀវភៅអំពីភាពជាអ្នកដឹកនាំនៃវីរៈបុរសខ្មែរឲ្យបានច្រើន
ដោយ

ថ្លែងនៅក្នុង​ពិធី សម្ពោធសៀវភៅ «ក្សត្រិយៈ ភាពជាអ្នកដឹកនាំ​តាមបែបប្រពៃណីខ្មែរ» នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ដែលរៀបចំដោយគ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក នាយកប្រតិបត្តិនិងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យូខេសិន បានលើកឡើងថា នៅកម្ពុជា​មានវីរៈបុរសខ្មែរ ដែលមានស្នាដៃជាច្រើនណាស់ ដែលគួរតែត្រូវ​លើកយក​មកសិក្សា​ស្រាវជ្រាវអំពីប្រវត្តិ និងការដឹកនាំ​របស់ពួកគាត់ ដើម្បី​​ចងក្រងជាសៀវភៅ ​​សម្រាប់​មនុស្សជំនាន់ក្រោយ​បាន​សិក្សា​ឈ្វេងយល់។

អ្នកឧកញ៉ាបន្ថែមថា តាមរយៈ​ការគាំទ្រ​ដោយគ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច អ្នកឧកញ៉ា លើកទឹកចិត្ត​ឲ្យ​អ្នកនិពន្ធខ្មែរ ចូលរួម​ឲ្យបាន​សកម្មភាពថែមទៀត សម្រាប់ស្នាដៃតែងនិពន្ធសៀវភៅអំពី​ភាពជាអ្នកដឹកនាំ របស់បុគ្គលសំខាន់ៗ ដែលបាននិងកំពុងដឹកនាំប្រទេសកម្ពុជាទាំងសម័យបុរាណ និងបច្ចុប្បន្ន ព្រោះវាមានការផ្សាភ្ជាប់នឹងប្រវត្តិសាស្ត្រ អរិយធម៌ និងវប្បធម៌របស់ខ្មែរផងដែរ។ គ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច រង់ចាំ​គាំទ្រ​ ជួយកែសម្រួល និងបោះពុម្ពផ្សាយ​សម្រាប់​អ្នកនិពន្ធ​សៀវភៅគ្រប់រូប ដើម្បីជាប្រយោជន៍​ដល់សាធារណៈជនទូទៅ ក៏ដូចជា​ការសិក្សាស្រាវជ្រាវនានា។ នេះបើតាម​ការបញ្ជាក់របស់អ្នកឧកញ៉ា គួច ម៉េងលី។

យ៉ាងណាមិញ សម្រាប់​សៀវភៅ «ក្សត្រិយៈ ភាពជាអ្នកដឹកនាំតាមបែបប្រពៃណីខ្មែរ» ដែលទើបសម្ពោធនេះ គឺជាស្នាដៃដំបូង ដែលនិពន្ធជាភាសាខ្មែរដោយលោកបូជាចារ្យ គង់ វៀល សមាជិកនៃ សមាគម បេសកជនសាសនាគ្រិស្តនៃប្រទេសបារាំង ដែលមានវត្តមាន​នៅប្រទេសកម្ពុជាតាំងពីសតវត្សទី១៧មក​ម៉្លេះ។ បន្ទាប់ពីរៀនភាសាខ្មែរអស់រយៈពេល៣ឆ្នាំ ធ្វើដំណើរទៅ​ស្ទើរតែ​គ្រប់ខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា រស់នៅខេត្ត សៀមរាប​១ឆ្នាំពេញ ដើម្បីស្វែងយល់ពីបុរាណស្ថានក្នុងតំបន់អង្គរ និងសិក្សា​នៅបណ្ណាល័យនៃមជ្ឈមណ្ឌលខេមរ សិក្សាស្ថិតក្នុងវត្តដំណាក់ លោកបូជាចារ្យ បានប្រមូលផ្តុំ​ការឆ្លុះបញ្ចាំងរបស់លោកចេញពីប្រភពផ្សេងៗ ទាំងប្រពៃណី និងការសិក្សាស្វែងយល់ពីការដឹកនាំរបស់ខ្មែរពីដើម រហូតដល់ការចងក្រងជាសៀវភៅនេះឡើង។

លោកបូជាចារ្យ គង់ វៀល បានលើកឡើងដែរថា បច្ចុប្បន្ន នៅកម្ពុជា គំរូនៃភាពជាអ្នកដឹកនាំ ដែលត្រូវបានបោះពុម្ពផ្សាយ ភាគច្រើនជាសៀវភៅ ដែលលើកយគំរូបរទេស រាប់ចាប់ពីលោក Elon Musk រហូតដល់ Barack Obama ឬពីលោក មហាត្មះ គន្ធី រហូតដល់លោក ម៉ៅ សេទុងជាដើម។ ដោយមើលឃើញពីភាពខ្វះចន្លោះនេះ គួបផ្សំនឹងក្នុងកិច្ចខិតខំប្រឹងប្រែង​ដើម្បីបង្រួមគម្លាតរវាងការសិក្សាប្រវត្តិសាស្ត្រ និងការណែនាំ អំពីភាពជាអ្នកដឹកនាំ លោកបានចងក្រង​ខ្លឹមសារ​ក្នុងសៀវភៅនេះ ដោយមានការសិក្សាអំពីជីវិតរបស់ព្រះមហាក្សត្រខ្មែរទាំងប្រាំបីអង្គ ទាំងរឿង ព្រេងនិទាន និងប្រវត្តិសាស្ត្រមុន​ និងក្រោយអាណាចក្រអង្គរដ៏រុងរឿង ហើយបានទាំងលើកឡើងពី​កត្តារួម ក្នុង​ការ​ដឹកនាំ គឺគុណធម៌។

ក្សត្រិយៈ គឺមានប្រភពមកពីពាក្យសំស្ក្រឹត សំដៅលើវណ្ណៈមួយក្នុងចំណោមបួននៅក្នុងសង្គម ឥណ្ឌា​ន័យកម្ម ដែលជាក្រុមអ្នកចម្បាំង។ ព្រះមហាក្សត្រ​ដែល​គេ​ស្គាល់​ជា​ភាសា​ខ្មែរ​ថា មហា​កស្សបតិយ្យ ជា​អ្នក​ចម្បាំង​ដ៏​អស្ចារ្យ ជា​អ្នក​ចម្បាំង​នៃ​សន្តិភាព «ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិនិង​ភាពអមតៈ» ដូច​មាន​ចែង​ក្នុង​មាត្រា៨ នៃ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​មូលដ្ឋាន​របស់ព្រះរាជាណាចក្រ​កម្ពុជា។ ស្តេចមួយអង្គៗ បង្ហាញពីទេពកោសល្យ ដ៏អស្ចារ្យ​ផ្សេងៗគ្នា រាប់ចាប់ពីព្រះបាទយសោវរ្ម័នទី១ ដល់ព្រះបាទអង្គឌួង ដែលមានគំនិតច្នៃប្រឌិត។ ព្រះបាទ ជ័យវរ្ម័នទី៧ ដ៏អស្ចារ្យ នៅតែមានឥទ្ធិពលឱ្យសិស្សានុសិស្សគ្រប់សាលាទាំងអស់ ក្នុងប្រទេសកម្ពុជាជ្រួតជ្រាបពីភាព​ជា​អ្នកដឹក​នាំ ហើយតួលេខនៃភាពជាអ្នកដឹកនាំបែបនេះ អាចត្រូវបានគេរកឃើញនិងណែនាំជាគំរូនៃ ភាពជាអ្នកដឹកនាំ​ដ៏យូរ​អង្វែងសម្រាប់កម្ពុជា។

ជាជាងនិក្ខេបបទ សៀវភៅនេះគឺជាការស្រាវជ្រាវដែលនៅតបន្ត ហើយត្រូវតែមានការកែលម្អតាមរយៈ កិច្ចពិភាក្សានិងការផ្លាស់ប្តូរយោបល់ ដើម្បីជំរុញឱ្យកាន់តែមានវប្បធម៌នៃការដឹកនាំប្រកបដោយ ភាពក្លាហាន និង​គុណធម៌ ទាំងក្នុងនិងក្រៅប្រទេស។ សូមអរគុណចំពោះការដឹកនាំបច្ចុប្បន្ន ដែលធានាបាននូវយុគសម័យ ដ៏យូរ​បំផុតមួយនៃសន្តិភាពនៅកម្ពុជា ចាប់តាំងពីរបបរាជានិយមត្រឡប់មកវិញ។

សៀវភៅដែលផ្តល់ចំណារសេចក្តីផ្តើមដោយអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី នេះ នឹងចរាចរក្នុង ទីផ្សារ សៀវភៅ ទៅគ្រប់បណ្ណាគារទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ហើយស្នាដៃនេះត្រូវបានបោះពុម្ពផ្សាយជាពីរ ភាសាតែម្តង គឺភាសាខ្មែរ និងអង់គ្លេស។ ចំណែកភាសាបារាំង គឺកំពុងតែត្រៀមរៀបចំផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រឿងគ្រឿងស្រវឹង! ក្រសួងព័ត៌មានហាមផ្សាយក្នុងរូបភាពអូសទាញហួសហេតុ ខណៈក្រសួងសុខាភិបាលបង្ហាញពីផលប៉ះពាល់សុខភាពធ្ងន់ធ្ងរ

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងព័ត៌មានប្រាប់ឱ្យអង្គភាពប្រព័ន្ធផ្សព្វផ្សាយ ក្រុមហ៊ុនផលិត ចែកចាយ នាំចូល និងក្រុមហ៊ុនផ្តល់សេវាផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងអស់ …

កម្ពុជាចរចាជាមួយថៃ ជុំវិញតំបន់រ៉ែប្រេងត្រួតស៊ីគ្នានៅឈូងសមុទ្រថៃ នាខែក្រោយ

ព័ត៌មាន
នៅទីបំផុតភាគីកម្ពុជា និងភាគីថៃ បានឯកភាពគ្នានឹងចាប់ផ្ដើមការចរចាជាថ្មីជុំវិញតំបន់រ៉ែប្រេងត្រួតស៊ីគ្នា ដែលមានផ្ទៃក្រឡាប្រមាណ២ម៉ឺន៦ពាន់គីឡ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ