
នាកិច្ចប្រជុំក្រុមការងារ និងភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ សម្រាប់រដូវកាលបៃតង នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានស្នើដល់វិស័យឯកជនត្រូវរួមគ្នាបញ្ចុះតម្លៃស្នាក់នៅតាមសណ្ឋាគារ និងម្ហូបអាហារ និងការពង្រឹងបដិសណ្ឋារកិច្ចឱ្យល្អ និងកក់ក្តៅ ជាពិសេសត្រូវរួមគ្នាបង្កើតព្រឹត្តិការណ៍ទេសចរណ៍នានា នៅតាមបណ្តារាជធានីខេត្ត ដោយត្រូវរៀបចំជាលក្ខណៈយុទ្ធសាស្ត្រ និងប្រកបដោយភាពច្នៃប្រឌិត និងមានអត្តសញ្ញាណវប្បធម៌ខ្មែរ ឱ្យបានសកម្ម និងផុសផុលពីបណ្តាភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាសម្រេចឱ្យបាននូវកំណើនភ្ញៀវទេសចរបន្ថែមទៀតនាឆ្នាំ២០២៥ នេះ។
លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានវាយតម្លៃខ្ពស់ចំពោះចរន្តភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកកម្សាន្តនៅកម្ពុជា នារដូវសម្បូរភ្ញៀវនាដើមឆ្នាំ២០២៥នេះ ដោយមានសម្ទុះកើនឡើងគួរឱ្យកត់សម្គាល់។ ប្រធានសមាគមរូបនេះ ក៏មានសុទិដ្ឋិនិយមខ្ពស់ផងដែរក្នុងការស្រូបទាញភ្ញៀវទេសចរអន្តរជាតិ ឱ្យចូលមកកម្សាន្តនៅកម្ពុជា នារដូវកាលបៃតង បើទោះបីជារដូវនេះ ភ្ញៀវទេសចរមកពីខាងអឺរ៉ុប ហាក់មានភាពស្ងប់ស្ងាត់បន្តិចក្តី។ មានក្តីរំពឹងខ្ពស់ ក៏ដោយសារតែប្រតិបត្តិករទេសចរណ៍ នៅតាមបណ្តាសណ្ឋាគារ និងភោជនីយដ្ឋាននានា មានភាពបត់បែនខ្ពស់ដើម្បីធ្វើយ៉ាងណានៅតែអាចទាក់ទាញភ្ញៀវទេសចរពីបណ្តាប្រទេសក្នុងតំបន់ផ្សេងៗ ជំនួសទីផ្សារអឺរ៉ុប តាមរយៈការបញ្ចុះតម្លៃសេវាកម្មទេសចរណ៍នានា។ ជាមួយគ្នានេះ លោកជំទាវ ឆាយ ស៊ីវលីន អំពាវនាវដល់ភ្ញៀវទេសចរក្នុងស្រុក គួរជ្រើសរើសការដើរកម្សាន្តនៅក្នុងប្រទេសឱ្យបានច្រើន ជាងការចេញដើរកម្សាន្តនៅក្រៅប្រទេស នៅក្នុងរដូវកាលបៃតងនេះ ដើម្បីជួយគាំទ្រដល់ប្រតិបត្តិករទេសរចណ៍ នៅកម្ពុជា។
ជាមួយគ្នានេះ លោក ធួន ស៊ីណាន ប្រធានសមាគមទេសរចណ៍អាស៊ីប៉ាស៊ីហ្វិក ប្រចាំនៅកម្ពុជា បានឱ្យដឹងថា កន្លងមកនៅក្នុងរដូវកាលបៃតង ចាប់ពីខែមេសា ដល់ខែកញ្ញា ប្រតិបត្តិករនៅក្នុងវិស័យទេសចរណ៍នានា តែងតែមានការបញ្ចុះតម្លៃមួយចំនួនទៅលើសេវាកម្មរបស់ខ្លួន ដើម្បីជំរុញការទាក់ទាញភ្ញៀវនារដូវកាលនេះ។
គួរជម្រាបថា នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគាំទ្រការដាក់ចេញនូវយុទ្ធនាការ«រដូវកាលបៃតង» ឬ Green Season ជំនួសឱ្យពាក្យរដូវកាលថយភ្ញៀវនារដូវវស្សាចាប់ពីខែមេសា ដល់ខែតុលា ដោយផ្តល់ជូនដល់អ្នកទេសចរនូវបទពិសោធទេសចរណ៍ដ៏សែនស្រស់ស្រាយ និងសម្រស់ដ៏ល្អឯករបស់ប្រទេសកម្ពុជា នារដូវវស្សា ដែលទេសភាពពោរពេញដោយពណ៌បៃតង អាកាសធាតុត្រជាក់ និងបរិយាកាសដ៏ស្ងប់ស្ងាត់។
បើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៥នេះ ចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកទស្សនាកម្ពុជា មានចំនួនជិត២លាននាក់ កើនឡើងជាង១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រសួងទេសចរណ៍ រំពឹងថា កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ចន្លោះពី៧,២លាននាក់ ទៅដល់ប្រមាណ៧,៥លាននាក់ នៅក្នុងឆ្នាំ២០២៥នេះ៕