ក្នុងលិខិតនោះ ឯកឧត្តម ប៉ាន សូរស័ក្ដិបានគូសបញ្ជាក់ថា «ខ្ញុំសូមស្នើទៅកាន់ដៃគូរបស់យើង ដែលជាអ្នកបញ្ជាទិញ ផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរពីកម្ពុជាទាំងអស់ សូមនៅជាមួយកម្ពុជា ពិសេសជាមួយកម្មករកម្មការិនី។ យើងសូមឲ្យអ្នកបញ្ជាទិញ គោរពតាមកិច្ចសន្យា និងមិនលុបចោលការកម្ម៉ង់ ដែលបានដាក់រួច និងទំនិញដែលបានផលិតរួច នៅក្នុងផលិតកម្មថ្មីៗនេះទេ។»
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ទៀតថា ក្រុមហ៊ុនបញ្ជាទិញ បានចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម នៃប្រជាជនកម្ពុជារាប់លាននាក់ ដែលរស់ពឹងផ្អែកលើវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ សម្រាប់ជីវភាពប្រចាំថ្ងៃរបស់ពួកគេ។
ការចេញមុខសរសេរលិខិតស្នើពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មទៅកាន់ក្រុមហ៊ុនបញ្ជាទិញនេះ គឺធ្វើឡើង បន្ទាប់សមាគមរោងចក្រកាត់ដេរកម្ពុជា ក៏ធ្លាប់បានចេញលិខិតចំហមួយ ជូនទៅដល់អ្នកបញ្ជាទិញទាំងនោះ ដោយស្នើឲ្យក្រុមហ៊ុនទាំងនោះ គោរពតាមកិច្ចសន្យារបស់ខ្លួន ហើយព្រមទូទាត់ប្រាក់សម្រាប់ទំនិញដែលបានផលិតរួចហើយ និងទំនិញដែលបច្ចុប្បន្នកំពុងផលិត។
មន្ត្រីជាន់ខ្ពស់សមាគមរោងចក្រកាត់ដេរកម្ពុជា ធ្លាប់បានបញ្ជាក់ដែរថា បើក្រុមហ៊ុនបញ្ជាទិញទាំងនោះ មិនព្រមគោរពតាមកិច្ចសន្យា និងទូទាត់ប្រាក់ជាមួយរោងចក្រទេនោះ រោងចក្រនឹងប្រឈមនឹងបញ្ហាលំហូរសាច់ប្រាក់បើកប្រាក់ខែជូនដល់កម្មករ។
តួយ៉ាង កាលពីដើមខែមេសា ខាងរោងចក្រ ដែលបានព្យួរការងារកម្មករនិយោជិត មិនមានលទ្ធភាពបើកប្រាក់ខែ ជូនដល់កម្មករចំនួន ៤០% នៃ ប្រាក់ខែគោលសរុប តាមគោលគារណ៍ណែនាំពីសំណាក់រាជរដ្ឋាភិបាលនោះឡើយ។ ប៉ុន្ដែ ក្រោយមក ដោយសារតែមានការសម្របសម្រួល ចុងក្រោយមួយរាជរដ្ឋាភិបាល បានយល់ព្រមឲ្យខាងរោងចក្រចេញ ៣០ ដុល្លារវិញ ហើយរាជរដ្ឋាភិបាលជួយចេញ ៤០ ដុល្លារ ដូច្នេះ កម្មករដែលត្រូវបានរោងចក្រព្យួរការងារ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ៧០ ដុល្លារ។
បើតាមប្រសាសន៍សម្តេច ហ៊ុន សែន ដែលបានលើកឡើងកាលពីថ្ងៃទី ០៧ ខែមេសានេះ បានឲ្យដឹងថា មានរោងចក្រជាង ១០០ រោងចក្រហើយ បានផ្អាកដំណើរការផលិតកម្មរបស់ខ្លួន ដោយសារតែបញ្ហាកង្វះវត្ថុធាតុដើមផលិត និងអ្នកបញ្ជាទិញលប់ចោលការកម្ម៉ង់ថ្មីៗ។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ធ្លាប់បានអះអាងប្រាប់ខេមបូណូមីស កាលពីពេលថ្មីៗកន្លងទៅនេះថា បញ្ហាធំរបស់រោងចក្រកាត់ដេរនៅពេលនេះ មិនមែនជាបញ្ហាកង្វះវត្ថុធាតុដើមទៀតទេ ប៉ុន្ដែ បញ្ហាធំគឺអ្នកបញ្ជាទិញមិនព្រមគោរពតាមកិច្ចសន្យា ថែមទាំងបានលុបចោលការកម្ម៉ង់រយៈពេល ២ ទៅ៣ខែ ខាងមុខទៀតផងដែរ។ លោកកាំង ម៉ូនីកា បញ្ជាក់ទៀតថា យ៉ាងហោចណាស់ មានអ្នកបញ្ជាទិញប្រហែល ៧០% ទៅ ៨០% បានប្រាប់រោងចក្រឲ្យផ្អាកផលិតកម្ម ដោយសារតែទីផ្សារអឺរ៉ុប និងអាមេរិក កំពុងតែប្រឈមនឹងបញ្ហា Covid-19 មិនទាន់ធូរស្បើយនៅឡើយ។
មិនមែនតែកម្ពុជា ដែលជួបបញ្ហាអ្នកបញ្ជាទិញមិនគោរពតាមកិច្ចសន្យា និងបានលុបចោលការកម្ម៉ង់ថ្មីៗ នៅប្រទេសដែលមានការផលិតផលិតផលកាត់ដេរ សម្លៀបំពាក់ ស្បែកជើង ដូចជា បង់ក្លាដេស និងវៀតណាម ក៏កំពុងរងទុក្ខដូចគ្នាដែរ ពិសេស គឺបង់ក្លាដេស គឺរងទុក្ខខ្លាំង ព្រោះតែសេដ្ឋកិច្ចប្រទេសនេះ ពឹងផ្អែកលើសលុប ពីការនាំចេញផលិតផលសម្លៀបំពាក់ និងស្បែកជើងនេះ៕