កាលពីថ្ងៃពុធ ទស្សនកិច្ចផ្លូវរដ្ឋរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ត្រូវបានទទួលស្វាគមន៍នៅសេតវិមាន ដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន។ នេះជាលើកទីប្រាំហើយដែលនាយករដ្ឋមន្ត្រីឥណ្ឌាលោក ម៉ូឌី បានមកដល់សហរដ្ឋអាមេរិក ចាប់តាំងពីលោកបានឡើងកាន់អំណាចក្នុងឆ្នាំ២០១៤ ប៉ុន្តែទស្សនកិច្ចលើកនេះរបស់លោក ម៉ូឌី មានលក្ខណៈពិសេសផ្នែកការទូតរវាងរដ្ឋនិងរដ្ឋជាងលើកមុនៗ។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចេក ស៊ូលីវ៉ាន់ (Jake Sullivan) បានប្រាប់អ្នកយកព័ត៌មានថា លោក បៃដិន ប្រហែលនឹងលើកឡើងអំពីការព្រួយបារម្ភរបស់អាមេរិកចំពោះការធ្លាក់ចុះនៃលទ្ធិប្រជាធិបតីនៅក្នុងប្រទេសឥណ្ឌា និងអំពីបញ្ហាសិទ្ធិមនុស្សនៅប្រទេសឥណ្ឌាទៅកាន់លោក ម៉ូឌី ផងដែរ។
អំឡុងទស្សនកិច្ចរបស់លោក ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា នាពេលនេះ, ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកមួយចំនួនក៏ត្រូវបានគេរំពឹងថានឹងទទួលស្វាគមន៍លោក ម៉ូឌី យ៉ាងកក់ក្តៅផងដែរ ដើម្បីឈានទៅដល់ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគលើវិស័យបញ្ញាសិប្បនិម្មិត ក្នុងនោះមានក្រុមហ៊ុនផលិតបន្ទះគ្រឿងអេឡិចត្រូនិក Micron និងក្រុមហ៊ុនផ្សេងៗទៀត។
នាយករដ្ឋមន្ត្រីឥណ្ឌាបានជួបប្រធានក្រុមហ៊ុន Tesla គឺលោក អេឡុន ម៉ាស នៅទីក្រុងញ៊ូយ៉ក។ អំឡុងជំនួបនោះ លោក អេឡុន ម៉ាស បានបង្ហាញក្ដីរំពឹងថា ក្រុមហ៊ុន ថេស្លា របស់លោក នឹងទៅវិនិយោគទុនធ្វើរថយន្តអគ្គិសនីនៅក្នុងប្រទេសឥណ្ឌា។
នៅថ្ងៃសុក្រក្នុងសប្តាហ៍នះ លោក ម៉ូឌី ក៏នឹងថ្លែងសុន្ទរកថានៅក្នុងកម្មវិធីមួយដែលរៀបចំឡើងដោយម្ចាស់ក្រុមហ៊ុនឧស្សាកម្មនិងអាជីវកម្មធំៗរបស់អាមេរិក ដែលត្រៀមនឹងបោះទុនវិនិយោគក្នុងប្រទេសឥណ្ឌា។
ទីក្រុងវ៉ាស៊ីនតោនចង់ឱ្យឥណ្ឌាមានទម្ងន់ផ្នែកយុទ្ធសាស្ត្រទល់នឹងប្រទេសចិន ហើយមើលឃើញថាឥណ្ឌាជាដៃគូដ៏សំខាន់មួយ។ លោក ម៉ូឌី កំពុងស្វែងរកការបង្កើនឥទ្ធិពលដែលប្រទេសឥណ្ឌាមាននៅលើឆាកអន្តរជាតិ ក្នុងនាមជាប្រទេសដែលសម្បូរប្រជាជនជាងគេលើពិភពលោក ពោលគឺ១ពាន់៤រយលាននាក់។
លោក ចូ បៃដិន និងលោក ម៉ូឌី មានការព្រួយបារម្ភដូចគ្នាចំពោះឥទ្ធិពលចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងនៅឆ្ងាយពីតំបន់នេះទៀត។ លោក ស៊ូលីវ៉ាន់ បានបញ្ជាក់ថា ទស្សនកិច្ចរបស់លោក ម៉ូឌី មិនមែននិយាយអំពីចិនទេ ប៉ុន្តែបញ្ហាស្ដីពីតួនាទីរបស់ចិននៅក្នុងវិស័យយោធា បច្ចេកវិទ្យា សេដ្ឋកិច្ច នឹងស្ថិតនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំរវាងមេដឹកនាំកំពូលទាំងពីររូប។
បើតាមមន្ត្រីជាន់ខ្ពស់អាមេរិកបានប្រាប់រ៉យទ័រនៅថ្ងៃព្រហស្បតិ៍ លោក បៃដិន និងលោក ម៉ូឌី នឹងសម្រេចលើសេចក្តីប្រកាសរួមមួយស្តីពីការអភិវឌ្ឍរួមគ្នានិងការផលិតរួមគ្នានូវប្រព័ន្ធយោធា រួមទាំងប្រព័ន្ធទំនើបៗមួយចំនួនផ្សេងទៀត រវាងឥណ្ឌានិងសហរដ្ឋអាមេរិក។ មន្ត្រីអាមេរិកអនាមិករូបនោះបន្តថា ក្នុងន័យនេះ ឥណ្ឌានឹងទិញសព្វាវុធពីប្រភពផ្សេងៗ ក្រៅពីអ្នកផ្គត់ផ្គង់ប្រពៃណីនៅរុស្ស៊ី។ មន្ត្រីដដែលបានឱ្យដឹងទៀតថា ទីក្រុងវ៉ាស៊ីនតោននឹងព្រមទទួលយកការណ៍ដែលឥណ្ឌាបន្តទិញប្រេងពីរុស្ស៊ី ដរាបណាទីក្រុងញូដេលីទិញក្នុងតម្លៃក្រោមកម្រិតដែលប្រទេសអភិវឌ្ឍន៍បានព្រមព្រៀងគ្នាកំណត់លើប្រេងរុស្ស៊ី៕