លោកកាំង សារិន ម្ចាស់កសិដ្ឋានCambo Crocodiles ដែលបានចិញ្ចឹមក្រពើរាប់សិបឆ្នាំមកហើយនៅសង្កាត់ព្រែកំពឹស ខណ្ឌដង្កោ បានអះអាងថា នៅឆ្នាំ២០២១នេះ តម្លៃកូនព្រោះដាំក្បាលចុះខ្លាំងមែនទែន ថែមទាំងមានបញ្ហាកូវីដ-១៩ទៀត បាននិងកំពុងជំរុញឲ្យកសិដ្ឋានជាច្រើនត្រូវបិទទ្វារ ក្ស័យធន ព្រោះតែមិនអាចទ្រាំទ្រនឹងការចំណាយបាន។ កសិដ្ឋានខ្លះបានបង្ខំចិត្តលក់កូនក្រពើ និងមេក្រពើក្នុងតម្លៃថោកឡៃឡុង ដើម្បីបិទកសិដ្ឋានទៅរកស៊ីរបរផ្សេងវិញ ដោយតម្លៃមេក្រពើមួយក្បាលពីមុនលក់បានដល់ ៤០០ ទៅ៥០០ដុល្លារ ឥឡូវនៅសល់តែ៨០ដុល្លារប៉ុណ្ណោះ។ រីឯកូនក្រពើវិញពីមុនតម្លៃធ្លាប់លក់បានចន្លោះពី៧ ទៅ១០ដុល្លារក្នុងមួយក្បាល ប៉ុន្ដែឥឡូវ នៅសល់តម្លៃតែ១ដុល្លារ ហើយគ្មានឈ្មួញទិញទៀត។
បើតាមលោក កាំង សារិន ស្ថានភាពបច្ចុប្បន្ននេះ អ្នកចិញ្ចឹមក្រពើច្រើនខាតច្រើន ចិញ្ចឹមតិចខាតតិច ហើយបច្ចុប្បន្នអ្នកធ្វើរបរនេះ ទាល់តែមានប្រភពចំណូលផ្សេងមកជួយទប់ទើបអាចរត់រួចនឹងការចំណាយ បើមិនដូច្នេះទេ គឺត្រូវក្ស័យធន បិទកសិដ្ឋានជាក់ជាពុំខានឡើយ។
លោក ញឹម បូរាណ ដែលម្ចាស់កសិដ្ឋាចិញ្ចឹមក្រពើនៅក្នុងខេត្តសៀមរាបលោកបានប្រាប់ក្រុមការងារខេមបូណូមីសដែរថា ទីផ្សារភាគច្រើនទីផ្សារនាំចេញកូនក្រពើរបស់កម្ពុជា គឺពឹងផ្អែកទាំងស្រុងទៅលើប្រទេសវៀតណាម ប៉ុន្តែដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩មានការឆ្លងរីករាលកាន់តែខ្លាំងនៅក្នុងប្រទេសវៀតណាមទើបធ្វើឲ្យទីផ្សារក្រពើជួបញ្ហាដុនដាបខ្លាំង។ បើតាមម្ចាស់កសិដ្ឋានរូបនេះ បច្ចុប្បន្នអ្នកចិញ្ចឹមក្រពើតូចៗបានលក់ក្រពើចោលអស់ហើយ ហើយកសិដ្ឋានរបស់លោកផ្ទាល់ក៏ត្រៀមនឹងលក់ដែរ ប្រសិនបើក្រពើមានតម្លៃថ្លៃជាងនេះបន្ដិច។
របាយការណ៍ឆមាសទី១ឆ្នាំ២០២១ របស់ក្រសួងកសិកម្មវិញ បង្ហាញថា ការចិញ្ចឹមក្រពើនៅទូទាំងប្រទេសសម្រេចបានប្រមាណ ជាង៩ម៉ឺនក្បាល មានការថយចុះជាង៥ម៉ឺនក្បាលបើធៀបនឹងឆមាសទី១ឆ្នាំ២០២០។
បើទោះជាឆ្នាំនេះ ត្រូវខាតឡុងចុងច្រើន ប៉ុន្ដែម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើនឹងនៅតែក្ដីសង្ឃឹមថា ក្រោយកូវីដ-១៩ផុតរលត់តម្លៃក្រពើអាចនឹងវិលមកល្អប្រសើរវិញ។ ប៉ុន្ដែ តើកូវីដ-១៩ នឹងផុតរលត់នៅពេលណានោះ យើងទាំងអស់គ្នានៅតែមិនទាន់មានចម្លើយជាក់លាក់នៅឡើយទេ៕
អត្ថបទដោយ៖ ហួន ស្រីនីត