ថ្លែងក្នុងកិច្ចប្រជុំទូទៅប្រចាំឆ្នាំនៃសមាគមធនាគារបរទេសនៅទីក្រុងអាំស្ទែដាម (Amsterdam) ប្រទេសហូឡង់ ប្រធានធនាគារកណ្តាលអាម៉េរិក លោក ជេរ៉ូម ផៅវែល (Jerome Powell) បានធ្វើការកត់សម្គាល់ថា អតិផរណាដែលបានហក់ឡើងយ៉ាងឆាប់រហ័សនៅសហរដ្ឋអាម៉េរិក ក្នុងឆ្នាំ២០២៣ កន្លងទៅ បានថយចុះគួរឱ្យកត់សម្គាល់នៅក្នុងឆ្នាំ២០២៤ នេះ ហើយនាំឱ្យមានការគិតគូរឡើងវិញថា គួរដាក់ចេញគោលនយោបាយបែបណា។
សម្រាប់អ្នកជំនាញរូបនេះមិនរំពឹងថា ផ្លូវនៅខាងមុខនឹងរលូនស្រួលនោះទេ។ ប៉ុន្តែអតិផរណាទាំងនេះ គឺខ្ពស់ជាងអ្វីដែលអ្នកគ្រប់គ្នារួមទាំងលោកបានរំពឹងទុក ហើយស្ថិតក្នុងស្ថានភាពបែបនេះ ទាមទារឱ្យគ្រប់គ្នាមានការអត់ធ្មត់ និងទុកឱ្យគោលនយោបាយជាតិ ជាអ្នកដោះស្រាយបញ្ហាទាំងនេះ។
ទោះបីជាលោករំពឹងថា អតិផរណានឹងបន្តធ្លាក់ចុះនៅក្នុងឆ្នាំ២០២៤ នេះយ៉ាងណាក្ដី ក៏លោកបានធ្វើការកត់សម្គាល់ថា ការធ្លាក់ចុះគួរឱ្យកត់សម្គាល់នោះមិនទាន់បានកើតឡើងទេ រហូតមកដល់ពេលនេះ ដូច្នេះធនាគារកណ្ដាលអាម៉េរិក អាចនឹងបន្តពន្យារពេលបញ្ចុះអត្រាការប្រាក់។ ទោះជាយ៉ាងណា លោក ជេរ៉ូម ផៅវែល (Jerome Powell) ក៏បានគូសបញ្ជាក់ជាថ្មីដែរថា លោករំពឹងថា ធនាគារកណ្ដាលអាម៉េរិក នឹងមិនដំឡើងអត្រាការប្រាក់បន្ថែមនោះឡើយ។
សូមបញ្ជាក់ថា អត្រាការប្រាក់នៅសហរដ្ឋអាម៉េរិក នាពេលបច្ចុប្បន្ន គឺស្ថិតក្នុងរង្វង់ចន្លោះពី៥,២៥%ទៅ៥,៥% ហើយបើទោះជាអត្រាការប្រាក់នេះត្រូវបានរក្សាទុកដោយគ្មានការប្រែប្រួលចាប់តាំងពីខែកក្កដា ឆ្នាំ២០២៣ មកយ៉ាងណាក្ដី ក៏អត្រាការប្រាក់នេះជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងពេលរយៈពេលជិត២៣ឆ្នាំមកនេះ៕
ដោយ: តែម សុខុម