បន្ទាប់ពីមានក្រុមហ៊ុនជប៉ុនជាច្រើននាពេលថ្មីៗនេះ បានចូលមកសិក្សានិងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ពិសេសក្នុងវិស័យកសិកម្មនោះ នៅថ្ងៃទី ១៥ ខែកក្កដានេះ ក្រសួងកសិកម្មកម្ពុជា ជាមួយនឹងក្រុមហ៊ុនជប៉ុន Yamato Green Co.Ltd បានសម្រេចចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពី ការអភិវឌ្ឍបន្លែសុវត្ថិភាព សម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ ដោយក្នុងនោះ ក៏មានការចូលរួមពីសំណាក់រដ្ឋមន្ត្រីក្រសួងកសិកម្ម កម្ពុជា និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាផងដែរ។
អនុស្សរណៈនេះ គឺមានគោលបំណង ពង្រឹងកិច្ចសហប្រតិបតត្តិការ រវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន តាមរយៈការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ លើសពីនេះ ក៏ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគ និងអភិវឌ្ឍផលិតកម្មបន្លែទាំងការដាំដុះ កែច្នៃ វេចខ្ចប់ រហូតដល់ការនាំចេញទៅកាន់ទីផ្សារក្នុងស្រុក នៅក្រៅប្រទេស តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបពីប្រទេសជប៉ុន។
គេនៅចាំបានថា មុននឹងការចុះអនុស្សរណៈយោគយល់គ្នាលើការអភិវឌ្ឍកសិកម្មនៅកម្ពុជានេះ តំណាងក្រុមហ៊ុនជប៉ុនចំនួន ១០ ក៏បានចូលមកជួបជាមួយនឹងរដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជាម្ដងរួចមកហើយ ដោយបានបង្ហាញពីការចាប់អារម្មណ៍ ចំពោះការវិនិយោគ និងអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ទាក់ទងនឹងការដាំដុះ កែច្នៃ និងវេចខ្ចប់បន្លែ ដើម្បីនាំចេញ ខណៈដែលក្រុមហ៊ុនជប៉ុនទាំងនោះ បានមើលឃើញថា កម្ពុជាកំពុងមានឱកាសសក្ដានុពលច្រើនលើការវិនិយោគលើវិស័យនេះ ប៉ុន្ដែខ្វះបច្ចេកទេស។
អ្នកជំនាញកសិកម្មមើលឃើញថា វាគឺជានូវឱកាសដ៏ល្អ ប្រសិនបើកម្ពុជាទទួលបានការវិនិយោគលើវិស័យកសិកម្មពីប្រទេសជប៉ុនកាន់តែច្រើន ព្រោះជប៉ុន គឺជាប្រទេសដែលមានបច្ចេកវិទ្យាខ្ពស់ ហើយការដាំដុះកសិកម្មនេះទៀតសោត គឺផ្ដោតទៅលើគុណភាពខ្ពស់ជាចម្បង ដែលអាចជាឱកាសសម្រាប់ការនាំចេញ។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា បានឲ្យដឹងថា ក្នុងកាលៈទេសៈ នៃក្នុងបរិបទកំណើនសេដ្ឋកិច្ច និងជាពិសេស ពិភពលោកកំពុងជួបនូវវិបត្តិជំងឺឆ្លងកូវីដ-១៩ វាបានផ្តល់ឱកាសមាសដល់ប្រជាកសិករកម្ពុជា ដើម្បីកែប្រែទម្លាប់ពីការផលិតសម្រាប់បម្រើសេចក្ដីត្រូវការរបស់ខ្លួន មកជាការផលិតសម្រាប់ធ្វើពាណិជ្ជកម្ម និងបំពេញតម្រូវការនៃទីផ្សារវិញ ពោលគឺប្រែក្លាយពី "កសិករ ទៅជាកសិ-ពាណិជ្ជករ"។
ឯកឧត្តម វេង សាខុន សង្ឃឹម និងជឿជាក់ថាគម្រោងវិនិយោគរបស់ជប៉ុននេះ នឹងធ្វើឲ្យមានការកែប្រែនៅលើខ្សែចង្វាក់ផលិតកម្មបន្លែកម្ពុជានាពេលបច្ចុប្បន្ន ឲ្យមានលក្ខណ:ល្អប្រសើរ ទំនើប និងមានប្រសិទ្ធភាពទាំងផ្នែកសេដ្ឋកិច្ច និងសង្គម និងអាចឈានចាប់យកបាននូវឱកាសនៃការប្រកួតប្រជែងក្នុងការនាំចេញក្រោមស្លាកសញ្ញា " Product of Cambodia" ហើយនេះគឺជាមោទនភាពជាតិយើង។
លោក ណាប៊ីហ្ស៊ីម៉ា កាត់ស៊ូហ៊ីតូ តំណាងក្រុមហ៊ុនជប៉ុនបានអះអាងថា ក្រុមហ៊ុនជប៉ុនទាំង១០ដែលចាប់អារម្មណ៍លើអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា នឹងចូលរួមអភិវឌ្ឍគ្រប់ជ្រុងជ្រោយលើខ្សែចង្វាក់ផលិតកម្មបន្លែនេះ ទៅតាមជំនាញនីមួយៗរបស់ពួកគេ និងជំរុញធ្វើយ៉ាងណាឲ្យសម្រេចបានលទ្ធផលទៅតាមការគ្រោងទុក។
គួរបញ្ជាក់ថា ប្រទេសជប៉ុន នាពេលកន្លងទៅនេះ ក៏បានផ្ដល់ជំនួយឥតសំណងជូនកម្ពុជា សម្រាប់បង្កើតមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យគុណភាព និងចែកចាយបន្លែ ដែលត្រូវដាក់សម្ភោធឲ្យប្រើ ប្រាស់កាលពីថ្ងៃខុងខែកក្កដា ឆ្នាំ២០១៩ នៅខេត្តកណ្តាល៕