ប្រាសាក់

ប្រាសាក់បោះផ្សាយលក់បណ្ណបំណុលជាផ្លូវការហើយ ក្នុងតម្លៃជាង ៣១លានដុល្លារ


គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុប្រាសាក់ នៅថ្ងៃទី ០៥ ខែឧសភានេះ បានបោះផ្សាយលក់បណ្ណបំណុលរបស់ខ្លួនជាផ្លូវការនៅក្នុងផ្សារមូលបត្រកម្ពុជា នៅក្នុងតម្លៃជាង ១២៧ ប៊ីលានរៀល ឬស្មើនឹងជាង ៣១ លានដុល្លារអាមេរិក ទៅឲ្យក្រុមហ៊ុនធំៗចំនួន៣ ដោយមានអត្រាកូប៉ុង ឬហៅថាការប្រាក់ ៧,៥% ក្នុងមួយឆ្នាំ រយៈពេល​៣ឆ្នាំ។
ប្រាសាក់បោះផ្សាយលក់បណ្ណបំណុលជាផ្លូវការហើយ ក្នុងតម្លៃជាង ៣១លានដុល្លារ

លោក​ ស៊ីម​ សេនាជាតិ​​ប្រធាននាយកប្រតិបត្តិ នាយក​ប្រតិបត្តិ​​មីក្រូ​ហិរញ្ញវត្ថុ​ប្រាសាក់ បាន​លើកឡើងថា ការបោះផ្សាយ​លក់​មូលបត្រ​បំណុល​របស់​ប្រាសាក់​នេះ គឺ​ទទួលបាន​វិនិយោគិនធំៗ​ចំនួន ៣ គឺ ធនាគារ​ហុងលីអុងរបស់ម៉ាឡេស៊ី , ក្រុមហ៊ុន​ធានារ៉ាប់រង​ប្រូឌិនសល និងធនាគារ​ស៊ីនហាន ក្នុងទឹកប្រាក់​ប្រមាណជា ១២៧ ពាន់លាន​រៀល​ ឬស្មើនឹងប្រមាណជាង ៣១លាន​ដុល្លារ អាមេរិក។

ការបោះផ្សាយលក់បណ្ណបំណុល​របស់ប្រាសាក់នេះ គឺមាន​អត្រាកូប៉ុង ឬហៅថា ការប្រាក់ ៧,៥% ក្នុងមួយឆ្នាំ ដោយ​ត្រូវបានធានា​ទាំងស្រុង​ដោយស្ថានប័ន​អន្តរជាតិ CGIF ដែលជា​មូលនិធិ​បរធន​មួយ​នៃធនាគារ​អភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB។ ​

លោក សេនាជាតិ​ បន្ថែមថា ដើមទុន​ដែល​បាន​មកពីការ​បោះផ្សាយលក់​បណ្ណបំណុលនេះ នឹង​អនុញ្ញាតឲ្យ​ប្រាសាក់​ពង្រីក​សក្ដានុពល​របស់ខ្លូន​បន្ថែមទៀត ក្នុងការ​ផ្ដល់ឥណទាន​ជូនអតិថិជន​ជាប្រាក់រៀល​។​ លើសពីនេះ ការបោះផ្សាយ​លក់​បណ្ណបំណុល មិនត្រឹមតែ​ធ្វើឲ្យប្រាសាក់​​មាន​ប្រភពទុន​រយៈពេលវែង និងប្រភពទុនថ្មី​ប៉ុណ្ណោះទេ ប៉ុន្ដែ​ថែមទាំងផ្ដល់​នូវគុណវុឌ្ឍិ​យ៉ាងពេញលេញ​មកដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់​ផងដែរ។

ឯកឧត្តម ហុង សុហួរ អគ្គនាយកក្រុមហ៊ុន​​ផ្សារមូលបត្រ​កម្ពុជា បន្ថែមថា វត្តមាន​របស់គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​​ប្រាសាក់​ គឺជាក្រុមហ៊ុន​ចុះបញ្ជី​ទី ១១ហើយ ដែលបាន​ចុះបញ្ជី​ក្នុង​ផ្សារមូលបត្រ​កម្ពុជា និងជាក្រុមហ៊ុនទី៦ ដែល​បាន​ចុះបញ្ជីបោះផ្សាយ​លក់មូលបត្របំណុល​ ហើយក្រុមហ៊ុន​ទាំង១១នេះ ប្រមូល​ទុន​ពីផ្សារ​ក្នុងទំហំទឹកប្រាក់​ប្រមាណ ២២៣លាន​ដុល្លារអាមេរិក។

ឯកឧត្តម ហុង សុហួរ​ សង្ឃឹមថាប្រាសាក់ នឹង​ឈាន​ទៅរក​ការបោះផ្សាយ​លក់​ភាគហ៊ុន​ក្នុងពេល​អនាគតផងដែរ ដើម្បី​ផ្ដល់ឱកាស​ឲ្យវិនិយោគិន​ជាសាធារណជន ពិសេស​ប្រជាជនកម្ពុជា​​បានចូលរួម​ទិញ។ ឯកឧត្តមបន្ថែមទៀតថា សម្រាប់​ក្រុមហ៊ុន​ដែលបាន​ចុះបញ្ជីលក់​មូលបត្រមួយប្រភេទហើយ ចង់​បន្ត​បោះផ្សាយ​លក់មូលបត្រ​មួយប្រភេទទៀត ខាងផ្សារមូលបត្រកម្ពុជា ក៏ដូចជា​គណៈកម្មការមូលបត្រ​កម្ពុជា​ក៏នឹង​មាន​បន្ធូរបន្ថយ​នីតិវិធី​មួយចំនួន​សម្រាប់​ក្រុមហ៊ុន​ទាំងនោះផងដែរ។

លើសពីនេះទៅទៀត ឯកឧត្តម ហុង សុហួរ បានគូសបញ្ជាក់ថា ថ្វីដ្បិតតែ បញ្ហា​កូវីដ-១៩ បាននិង​កំពុងធ្វើឲ្យ​វិស័យ​មួយចំនួន​ជួបផលប៉ះពាល់​ខ្លាំងក៏ពិតមែន ប៉ុន្ដែ​បើមើល​ទៅលើ​វិស័យមូលបត្រ​កម្ពុជា នៅតែបន្ត​បោះជំហានជាធម្មតា បើទោះបីជា​ការជួញដូរ​​មានសកម្មភាព​ថមថយ​បន្តិចក្ដី។ តួយ៉ាង នៅ​រយៈពេល ​៣សប្ដាហ៍នេះ មានក្រុមហ៊ុន​៣ហើយ បានចុះបញ្ជីជាផ្លូវការ​​នៅក្នុង​ផ្សារមូលបត្រ​កម្ពុជា​ជាបន្ដបន្ទាប់។ 

ឯកឧត្តម ស៊ូ សុជាតិ​ អគ្គនាយក​គណៈកម្មការមូលបត្រ​កម្ពុជា​បាន​អះអាងថា ដោយសារតែ​បញ្ហា​កូវីដ-១៩ កន្លង​មកនេះ ក៏មាន​ក្រុមហ៊ុន​មួយចំនួន​ ដែលបាន​ស្នើ​សុំចុះបញ្ជី​រួច​ ​បានទាក់ទង​ទៅលោក​​ដើម្បី​សុំពន្យារពេល​ចុះបញ្ជី​បោះផ្សាយផងដែរ។ ឯកឧត្តម សង្កត់ធ្ងន់ទៀតថា ​សម្រាប់​ការចុះបញ្ជី​​បោះផ្សាយ​លក់មូលបត្រ​​នាពេលនេះ គឺឆ្លុះបង្ហាញ​ឲ្យឃើញ​ពីឆន្ទៈដ៏មោះមុត​របស់​ក្រុមហ៊ុន​ចុះបញ្ជី​។

ឯកឧត្តម ស៊ូ សុជាតិ ក៏បាន​លើកទឹកចិត្ត​ឲ្យ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ប្រាសាក់ ​ពិចារណា​បន្ដ​​បោះផ្សាយ​លើ​មូលបត្រកម្មសិទ្ធិ ឬហៅថា​ភាគហ៊ុន​បន្ថែមទៀត នៅពេលខាងមុខ ព្រោះថា បទបញ្ញត្តិថ្មី គឺមាន​ការ​សម្រួល​​និតិវិធីច្រើន​សម្រាប់​ក្រុមហ៊ុន​ដែលបាន​បោះផ្សាយមូលបត្រ​ម្ដងហើយ ចង់បោះផ្សាយ​ម្ដងទៀត។ ​

សូមបញ្ជាក់ថា ក្នុងរយៈពេល ៣សប្ដាហ៍មកនេះ ផ្សារមូលបត្រ​កម្ពុជា​ទទួលបាន​ការចុះ​បញ្ជី​ក្រុមហ៊ុន​បោះផ្សាយ​លក់មូលបត្រ​បំណុល​ចំនួន៣ រួមមាន ធនាគារ ភីភីស៊ី ប៊ែង, ក្រុមហ៊ុន RMA Cambodia និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រាសាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


GMAC ៖ ការបើកឲ្យមានការនាំចេញម៉ាស់ អាចនឹងស្រូបទាញអ្នកវិនិយោគថ្មីៗបង្កើតរោងចក្រផលិតម៉ាស់នៅកម្ពុជា

ព័ត៌មាន
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានលើកឡើងថា ការដកបម្រាមបណ្ដោះអាសន្ននៃការតម្រូវឲ្យមានការអនុញ្ញាតពីក្រសួងសុខាភិបាលលើការនាំចេញមុខទំនិញម៉ាស់…

រដ្ឋបាលខេត្តកែប៖ ផែទេសចរណ៍នៅកោះទន្សាយជួសជុលបាន ៣០%ហើយ នឹងបញ្ចប់នៅចុងឆ្នាំនេះ

ព័ត៌មាន
កំពង់ផែទេសចរណ៍ ទំហំ ៣.៤០០ ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅចំនុចកោះទន្សាយ នៃខេត្តកែប បាននិងកំពុងជួសជុលបានប្រមាណជា ៣០%ហើយ ដោយត្រូវចំណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ