គម្រោងនេះ លាតសន្ធឹងលើផ្ទៃដី៦ហិកតានៅក្បែរនឹងពហុកីឡដ្ឋានមរតកតេជោ ដែលមានអគារខុនដូសរុបចំនួន១២ និងផ្ទះចំនួន២៦៥ខ្នង ហើយជាតំបន់ពាណិជ្ជកម្មដ៏មានសក្តានុពលមួយទៀតរបស់កម្ពុជាផងដែរ។
គម្រោងអគារពាណិជ្ជកម្ម និងលំនៅឋាន«ភូមិកីឡដ្ឋានវើលដ៍ប៊្រីដ»ដ៏ធំស្កឹមស្កៃ និងដំបូងគេបង្អស់នៅកម្ពុជារបស់អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវើលដ៍ប៊្រីដគ្រុប នឹងលេចត្រដែតឡើងក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងនាគសម្តេចតេជោ ក្នុងពេលឆាប់ៗខាងមុខនេះ។ ជាក់ស្តែងកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុន WorldBridge Sport Village បានរៀបចំកម្មវិធីបិទបញ្ចប់ការសាងសង់គ្រោងអគារទាំង៦ ក្រោយចាយពេលសាងសង់ជាង២ឆ្នាំកន្លងមកនេះ។
បច្ចុប្បន្នក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងនេះកំពុងសម្រុកការសាងសង់ និងរៀបចំតុបតែងយ៉ាងសស្រាក់សស្រាំទាំងយប់ទាំងថ្ងៃ ដើម្បីបញ្ចប់គម្រោងទាំងមូល និងប្រគល់ជូនរាជរដ្ឋាភិបាលសម្រាប់ត្រៀមទទួលថ្នាក់ដឹកនាំ ប្រតិភូកីឡា និងអត្តពលិកមកពីប្រទេសក្នុងតបន់ និងលើពិភពលោកក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានបារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣នេះ។ ក្រុមហ៊ុនរំពឹងថា តាមរយៈគម្រោងនេះវានឹងជួយទាក់ទាញវិនិយោគិនឲ្យមកសហការក្នុងការអភិវឌ្ឍន៍នៅតំបន់នេះបន្ថែមទៀត។
អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវើលដ៍ប៊្រីដគ្រុប បានបង្ហាញក្តីរំពឹងកន្លងមកថា គម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដនឹងក្លាយជាតំបន់ពាណិជ្ជកម្មដ៏មានសក្តានុពលមួយរបស់កម្ពុជានាពេលអនាគត ដោយសារតំបន់នេះបណ្តុំទៅដោយអគារពាណិជ្ជកម្ម អគារលំនៅឋាន ផ្សារទំនើប និងសាលារៀនជាដើម។ អ្វីដែលគួរឲ្យចាប់អារម្មណ៍គម្រោងនេះ មានទីតាំងនៅជាប់នឹងពហុកីឡដ្ឋានជាតិមរតកតេជោ ហើយនៅក្បែរតំបន់នោះមានកន្លែងវាយកូនគោល កន្លែងកម្សាន្តលំដាប់អន្តរជាតិ សួនសត្វ និងក្រសួងស្ថាប័នរដ្ឋជាដើម។ ថ្នាក់ដឹកនាំក្រុមហ៊ុនវើលដ៍ប៊្រីដរូបនេះប្តេជ្ញាថា នឹងខិតខំសាងសង់បញ្ចប់គម្រោង និងប្រគល់ផ្ទះជូនអតិថិជនតាមសន្យាដែលបានគ្រោងទុក។
គម្រោងដែលមានតម្លៃវិនិយោគជាង២០០លានដុល្លារអាមេរិកមួយនេះសាងសង់លើផ្ទៃដី៦ហិកតាស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងនាគសម្តេចតេជោ ដែលមានអគារខុនដូចំនួន១២អគារ មានបន្ទប់ប្រភេទស្ទីឌីយ៉ូចំនួន១៦៣យូនីត និងអគារលំនៅឋាន២៦៥ខ្នង។ គម្រោងនេះជាការវិនិយោគក្រោមការសហការរវាងរាជរដ្ឋាភិបាលជាមួយក្រុមហ៊ុនរបស់អ្នកឧកញ៉ា សៀ ឫទ្ធី ដូច្នេះអតិថិជនមិនចាំបាច់បារម្ភពីការទទួលយកផ្ទះ និងខុនដូខកពេលនោះឡើយ។ សម្រាប់អតិថិជនដែលទិញផ្ទះ ឬខុនដូក្នុងគម្រោងនេះបច្ចុប្បន្ននឹងទទួលបានការបញ្ចុះតម្លៃ៨% ជាពិសេសអាចទទួលបានឱកាសឈ្នះរង្វាន់រថយន្ត Toyota Raize សេរីឆ្នាំថ្មីចុងក្រោយបង្អស់ផងដែរ។
លើសពីនេះទៅទៀត លោកអ្នកនឹងទទួលបានការផ្ដល់ជូនគ្រឿងបរិក្ខារបន្ថែមផ្សេងៗទៀត ដែលផ្តល់ជូនក្នុងគម្រោងរួមមានអាងហែលទឹកខ្នាតយក្ស កន្លែងហាត់ប្រាណ និងកន្លែងកំសាន្ដជាច្រើនទៀត។ អគារខុនដូរបស់គម្រោងភូមិកីឡដ្ឋានវើលដ៏ប្រ៊ីដមាន ខុនដូប្រភេទ១បន្ទប់គេង រហូតដល់ខុនដូ៣បន្ទប់គេង ជាមួយនឹងលក្ខខណ្ឌបង់រំលោះដោយមិនគិតការប្រាក់ ចំណាយតិចបំផុតត្រឹមតែ៤២ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ៕