តាមរយៈការចូលរួមពីស្ថាប័នទាំងនេះក្រុមហ៊ុន CAIC ទទួលបានទុនសរុបជាង ១៥០ដុល្លារហើយ ដើម្បីទ្រទ្រង់ដំណើរការសាងសង់របស់ខ្លួន ខណៈក្រុមហ៊ុននឹងបោះផ្សាយលក់មូលបត្របំណុលតែត្រឹម៣០០លានដុល្លារប៉ុណ្ណោះ។ បច្ចុប្បន្ន អាកាសយានដ្ឋានដែលមានតម្លៃជាង ១ពាន់លានដុល្លារមួយនេះ សម្រេចការសាងសង់បានជាង៣០% ដែលគ្រោងបញ្ចប់ការសាងសង់ដំណាក់កាលទី១នៅអំឡុងឆ្នាំ២០២៣ ខាងមុខនេះ។
ក្រោយការស្នើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាយើងសង្កេតឃើញមានគ្រឹះស្ថានហិរញ្ញវត្ថុឯកជន និងស្ថាប័នរដ្ឋជាច្រើន បានចូលរួមទិញមូលបត្របំណុលមានអ្នកធានារបស់ក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាលជាបន្តបន្ទាប់។ ជាក់ស្តែង គិតតាំងពីក្រុមហ៊ុន CAIC ដែលជាអ្នកអភិវឌ្ឍន៍គម្រោងអាកាសយានដ្ឋាននេះ បានបោះផ្សាយលក់មូលបត្របំណុលមកទល់បច្ចុប្បន្ន មានស្ថាប័នហិរញ្ញវត្ថុឯកជន និងស្ថាប័នរដ្ឋជាង១០ហើយ បានចូលរួមវិនិយោគ ទិញបំណុលនេះ និងប្រមូលបានទុនសរុបជាង១៥០លានដុល្លារអាមេរិក។ ក្រុមហ៊ុន ដែលចូលរួមទិញមូលបត្របំណុលទាំងនេះ ទទួលបានអត្រាការប្រាក់ ៥,៥% ក្នុងមួយឆ្នាំ ដែលមានរយៈបីឆ្នាំ។
ជាមួយគ្នានេះដែរ ឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកធនាគារហត្ថា ដែលទើបចំណាយថវិកា១៥លានដុល្លារវិនិយោគលើមូលបត្របំណុលរបស់ក្រុមហ៊ុន CAIC កាលពីពេលថ្មីៗបានលើកឡើងថា កត្តាដែលជំរុញឲ្យធនាគារហត្ថាចូលរួមចំណែកជាមួយ CAIC គឺដោយសារធនាគារមើលឃើញពីសារសំខាន់របស់ព្រលានយន្តហោះនេះ ក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ចជាតិរួមទាំងវិស័យទេសចរណ៍ និងដឹកជញ្ជូនរបស់កម្ពុជា។
ឧកញ៉ា ហួត អៀងតុង បានគូសបញ្ជាក់បន្ថែមថា ការចូលរួមរបស់ហត្ថាក្នុងការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោនេះ ក៏ជាការចូលរួមសម្រេចក្តីស្រមៃរបស់ លោកឧកញ៉ាផ្ទាល់ ដែលចង់ឃើញកម្ពុជាមានព្រលានយន្តហោះធំដូចបណ្តាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនមួយចំនួនលើពិភពលោកផងដែរ។
បើតាមអ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន CAIC បានអះអាងថា ក្រុមហ៊ុន CAIC គ្រោងបោះផ្សាយលក់មូលបត្របំណុលប្រមាណ៣០០លានដុល្លារអាមេរិក។ គោលបំណងនៃការបោះផ្សាយលក់នេះ គឺដើម្បីកៀរគរទុនសម្រាប់ទ្រទ្រង់ដំណើរការសាងសង់ និងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលបច្ចុប្បន្នសម្រេចការសាងសង់បានជាង៣០% ដោយគ្រោងបញ្ចប់ការសាងសង់ដំណាក់កាលទី១នៅអំឡុងឆ្នាំ២០២៣ ខាងមុខ។
សម្តេចតេជោធ្លាប់បានបញ្ជាក់ថា ការចូលរួមទិញសញ្ញាបណ្ណនេះ គឺជាការចូលដល់ការអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី ដែលកាត់បន្ថយ នូវការប្រើប្រាស់ទុនពីក្រៅប្រទេស ហើយការគ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះ ក៏ទទួលបានផលចំណេញពីអត្រាការប្រាក់ ដោយទទួលបានការធានាផ្នែកហានិភ័យ ស្មើសូន្យពីរាជរដ្ឋាភិបាលផងដែរ។
គ្រឹះស្ថានហិរញ្ញវត្ថុឯកជន និងស្ថាប័នរដ្ឋដែលបានទិញមូលបត្របំណុលមានអ្នកធានារបស់ CAIC មានដូចជាធនាគារ អេស៊ីលីដា, ហត្ថា, ជីបម៉ុង, ព្រីនស៍, ប្រៃសណីយ៍កម្ពុជា, ធនាគារវីង, អាល់ហ្វា, ABA, FTB, APD, ក្រុមហ៊ុនធានារ៉ាប់រងប្រូដិនសល់, AIA, សាជីវកម្មធានាឥណទានកម្ពុជា និងបេឡាជាតិសន្តិសុខសង្គមជាដើម៕