
ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបានគូសបញ្ជាក់ថា គិតមកទល់ពេលនេះមានរយៈពេលជាង១ឆ្នាំហើយ ដែលអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានបង្កើតឡើង ប៉ុន្តែបើគិតពីការដោះស្រាយវិវាទពិតប្រាកដមានត្រឹមតែរយៈពេលប្រមាណ៧ខែប៉ុណ្ណោះ។ នៅក្នុងរយៈពេលជាង៧ខែកន្លងមកនេះ អាជ្ញាធរនេះទទួលបានបណ្តឹងជាង៥៧០ករណី ដោយភាគច្រើនជាវិវាទពាក់ព័ន្ធដីធ្លី កិច្ចសន្យាផ្សេងៗ ពាណិជ្ជកម្ម និងវិវាទគ្រួសារ ហើយក្នុងចំណោមវិវាទទាំងនេះ មានវិវាទតែជាង១០០ករណី ដែលត្រូវបានដោះស្រាយចប់ជាស្ថាពរ។
ការបញ្ជាក់បែបនេះរបស់ឯកឧត្តម ជិន ម៉ាលីន ធ្វើឡើងក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU)រវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជាមួយនិយ័តករមូលបត្រកម្ពុជា និងនិយ័តករសន្តិសុខសង្គម ដែលជាការបោះជំហានថ្មីមួយទៀតរបស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ។ គោលបំណងនៃការចុះ MoU នេះ គឺដើម្បីពន្លឿនការដោះស្រាយវិវាទរបស់និយ័តករទាំងពីរនេះ។
គួរជម្រាបថា កន្លងមកអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយស្ថាប័នមួយចំនួនរួចមកហើយដូចជាគណៈមេធាវីនៃកម្ពុជា, មជ្ឈមណ្ឌលជាតិនៃមជ្ឈតការផ្នែកពាណិជ្ជកម្ម និងរដ្ឋបាលរាជធានី-ខេត្តចំនួន៤ ហើយជាទិសដៅទៅមុខ អ.ដ.ក. នឹងបន្តចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តដទៃទៀត ដើម្បីបន្តជំរុញ និងលើកកម្ពស់ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាព តែន ចិន