យោងតាមសារព័ត៌មាន Business Times ការបង្កើនកម្ដៅរបស់លោក ត្រាំ លើកនេះអាចជាការប្តូរសមរភូមិសង្គ្រាមពាណិជ្ជកម្មជាមួយចិន ពីសង្គ្រាមពន្ធទៅជាសង្គ្រាមដណ្តើម និងរៀបចំខ្សែច្រវាក់ផលិតកម្ម។
វិធានការគំនាបពន្ធថ្មីរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងការទប់ស្កាត់ការគេចវេសពន្ធ អាចនឹងទាញពិភពលោកឱ្យឈានទៅរកការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងជុំវិញអត្ថន័យពិតប្រាកដ នៃពាក្យថា Made in China។ អ្នកជំនាញពាណិជ្ជកម្មភាគច្រើនបានលើកឡើងថា ការសម្រេចចិត្តរបស់សេតវិមានក្នុងការដាក់ពន្ធលើ៤០ប្រទេសរួមមានកម្ពុជា វារបត់ថ្មីមួយក្នុងសង្គ្រាមពាណិជ្ជកម្មរវាងអាម៉េរិក និងចិន។ សមរភូមិដែលធ្លាប់តែផ្តោតលើការដំឡើងពន្ធលើទំនិញដោយផ្ទាល់បានប្រែប្រួលទៅជាសង្គ្រាមរុះរើ និងកំណត់ឡើងវិញនូវមូលដ្ឋានផលិតកម្មទំនិញទាំងឡាយណា ដែលត្រូវនាំចូលទៅកាន់ទីផ្សារអាម៉េរិក។
លោក ភីធ័រ ណាវ៉ារ៉ូ (Peter Navarro) ទីប្រឹក្សាផ្នែកពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា នេះជាកិច្ចប្រឹងប្រែងដើម្បីលាតត្រដាង និងបង្ក្រាបប្រព័ន្ធផលិតកម្មស្រមោលរបស់ចិន ដែលប្រើប្រាស់ប្រទេសទី៣ធ្វើជាឈ្នាន់ក្នុងការនាំចេញទៅកាន់ទីផ្សារអាម៉េរិក។
បច្ចុប្បន្នសហរដ្ឋអាម៉េរិកកំពុងដើរយុទ្ធសាស្ត្រចាក់ខ្សែ ដើម្បីតាមស្វែងរកប្រភពដើមពិតប្រាកដនៃទំនិញ ដែលមានតម្លៃចន្លោះពី៣៤ដល់៣០៣ពាន់លានដុល្លារ ដែលកំពុងហូរចូលទីផ្សារខ្លួនដោយគ្មានប្រភពដើមច្បាស់លាស់។
ផ្អែកលើការសង្ស័យនេះ សហរដ្ឋអាម៉េរិកបានចាប់ផ្តើមប្រើប្រាស់សម្ពាធពន្ធដាក់លើប្រទេសជិតខាងដូចជាម៉ិកស៊ិក និងកាណាដា រហូតរាលដាលដល់សហភាពអឺរ៉ុប ឥណ្ឌា ជប៉ុន និងកូរ៉េខាងត្បូង ហើយបន្តមកដល់បណ្តាប្រទេសក្នុងតំបន់អាស៊ានរួមមានសិង្ហបុរី កម្ពុជា វៀតណាម ឡាវ មីយ៉ាន់ម៉ា ថៃ និងហ្វីលីពីន ជាដើម។
ជុំវិញបញ្ហានេះលោក ម៉ាក មៀលី (Marc Mealy) ប្រធានផ្នែកគោលនយោបាយនៅក្រុមប្រឹក្សាពាណិជ្ជកម្មអាម៉េរិក-អាស៊ានបានលើកឡើងថា អ្វីដែលអាម៉េរិកកំពុងធ្វើ គឺការព្យាយាមផ្ទៀងផ្ទាត់ភាពស្របច្បាប់នៃប្រភពដើមទំនិញក្នុងប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិ។ លោកបានបន្ថែមថា សេតវិមានកំពុងគាស់រំលើងបញ្ហាប្រឈមដ៏សំខាន់មួយក្នុងពាណិជ្ជកម្មពិភពលោក នោះគឺការបញ្ជូនទំនិញឆ្លងកាត់ប្រទេសទី៣ ដើម្បីគេចវេសពីការបង់ពន្ធ៕
ដោយៈ សរ សុជាតិ