
ប្រទេសមីយ៉ាន់ម៉ា បានរងការរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ ក្នុងជម្រៅ១០គីឡូម៉ែត្រ កាលពីថ្ងៃសុក្រ សប្តាហ៍មុន ដែលជាកម្រិតមួយខ្លាំងបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះក្នុងរយៈពេលមួយសតវត្សរ៍កន្លងមកនេះ។ នេះបើតាមការវាស់ស្ទង់របស់ភូគព្ភសាស្ត្ររបស់អាម៉េរិក។ ការរញ្ជួយដីដ៏ធ្ងន់ធ្ងរនេះ ក៏បានបញ្ជូនកម្លាំងញ័ររញ្ជួយដល់ប្រទេសក្បែរខាងមួយចំនួន ដូចជាថៃ ចិន និងបង់ក្លាដែស ព្រមទាំងប្រទេសឡាវ ផងដែរ។
បើតាមការអះអាងរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋរបស់មីយ៉ាន់ម៉ា គិតត្រឹមល្ងាចថ្ងៃទី២៩ ខែមីនា គ្រោះរញ្ជួយដីដ៏កំណាចនេះ បានឆក់យកអាយុជីវិតមនុស្ស១,៦៤៤នាក់ និងរងរបួសជាង៣៤០០នាក់រងរបួស។ តែយ៉ាងណាចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនេះ ត្រូវបានគេរំពឹងថា នឹងមានការកើនឡើងបន្ថែមទៀត ដោយសារមានមនុស្សរហូតដល់ជាង១០០នាក់ បានបាត់ខ្លួន ខណៈប្រតិបត្តិការរុករក និងជួយសង្គ្រោះនៅតែបន្ត។
បើយោងតាមរបាយការណ៍របស់អាជ្ញាធរមីយ៉ាន់ម៉ា គ្រោះរញ្ជួយដីនេះ បានធ្វើឱ្យអគារប្រហែល២,៣០០រួមទាំងផ្ទះ និងវត្តអារាម បានរងការបាក់បែក និងដួលរលំនៅក្នុងទីក្រុងម៉ានដាឡេ ដែលមានប្រជាជនប្រហែល១,៥លាននាក់ រស់នៅទីនោះ។ ក្រោយរងការរញ្ជួយដីនេះភ្លាម មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងលាំង បានអំពាវនាវស្វែងជំនួយមនុស្សធម៌អន្តរជាតិ ភ្លាមៗផងដែរ។
មកដល់ពេលនេះ មានប្រទេសជាច្រើនរួមទាំងកម្ពុជា ផងដែរ បានឆ្លើយតបនឹងការអំពាវនាវរបស់មេដឹកនាំមីយ៉ាន់ម៉ា ដោយប្រទេសទាំងនោះភាគច្រើនបានបញ្ជូនទាំងជំនួយមនុស្សធម៌ និងជំនួយជាក្រុមអ្នកជំនាញ ខណៈប្រទេសខ្លះបានត្រឹមផ្តល់ជំនួយមនុស្សធម៌តែប៉ុណ្ណោះ។ ក្នុងនោះប្រទេសចិន ឥណ្ឌា និងរុស្សី បានបញ្ជូនក្រុមជំនាញ បុគ្គលិកពេទ្យ និងឧបករណ៍ទៅកាន់ទីក្រុងម៉ាន់ដាឡេ ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះ។
ទន្ទឹមនឹងនេះ ប្រទេសស្វីស បានប្រកាសផ្ដល់ជំនួយមនុស្សធម៌ជាង១លានដុល្លារ រីឯកូរ៉េខាងត្បូង ផ្តល់ជាង២លានដុល្លារ។ ចំណែកសហរដ្ឋអាម៉េរិក បានសន្យាថា នឹងបញ្ជូនក្រុមជួយសង្គ្រោះ និងជំនួយសង្គ្រោះបន្ទាន់ផងដែរ។ ជាមួយគ្នានេះ អាស៊ាន ក៏បានចេញសេចក្តីថ្លែងការណ៍ដោយបានទទួលស្គាល់ពីតម្រូវការបន្ទាន់សម្រាប់ជំនួយមនុស្សធម៌ និងបានសន្យាថានឹងផ្ដល់ការគាំទ្រដល់កិច្ចខិតខំជួយសង្គ្រោះ និងការស្តារឡើងវិញនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ ដែលរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដីថ្មីៗនេះ។
កងកម្លាំងការពារជនស៊ីវិលសិង្ហបុរី (SCDF) បានបញ្ជូនក្រុមបុគ្គលិកជួយសង្គ្រោះរបស់ខ្លួនចំនួន៨០នាក់រួមមានប្រតិបត្តិការយោធា គ្រូពេទ្យ និងមន្ត្រីពេទ្យសង្គ្រោះបន្ទាន់រួមទាំងសុនខហិតក្លិនចំនួន៤ក្បាលទៅជួយមីយ៉ាន់ម៉ា ផងដែរ។
ចំណែកប្រទេសម៉ាឡេស៊ី ដែលធ្វើជាប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២៥ បានបញ្ជូនក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយចំនួន១០នាក់ ទៅប្រទេសមីយ៉ាន់ម៉ា និងបានបញ្ជូនបុគ្គលិក៤០នាក់ ដើម្បីជំរុញកិច្ចខិតខំស្វែងរក និងជួយសង្គ្រោះ៕
អត្ថបទ៖ សុខ មង្គល