លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអះអាងថា គិតត្រឹមថ្ងៃទី២១ ខែមិថុនានេះដង្កូវហ្វូងត្រូវបានប្រទះឃើញកំពុងបំផ្លាញដំណាំកសិកម្មនៅតាមបណ្តាខេត្តចំនួន១២ទូទាំងប្រទេស ដោយការវាយប្រហាររបស់ដង្កូវនេះមានល្បឿនលឿនគួរឱ្យព្រួយបារម្ភ។ តែយ៉ាងណាមន្ត្រីជាន់ខ្ពស់រូបនេះអះអាងថា ស្ថានភាពបំផ្លិចបំផ្លាយដំណាំកសិកម្មរបស់ដង្កូវនេះបច្ចុប្បន្នស្ថិតក្នុងការគ្រប់គ្រងបាន ពោលគឺពុំទាន់ស្ថិតក្នុងទ្រង់ទ្រាយធំ ដែលពុំអាចទប់ទល់បាននោះទេ។ បើតាមអ្នកនាំពាក្យរូបនេះ មន្រ្តីជំនាញ និងអាជ្ញាធរខេត្តបានចុះដល់ទីតាំងស្រែ ចម្ការ ដែលមានដង្កូវហ្វូង ដើម្បីចាត់វិធានការបន្ទាន់ ខណៈខេត្តដែលពុំទាន់មានផលប៉ះពាល់ក៏ត្រូវបានមន្រ្តីចុះពន្យល់ និងបង្ហាត់បង្រៀនពីការសម្គាល់សត្វដង្កូវហ្វូង ព្រមទាំងវិធីកម្ចាត់សត្វល្អិតចង្រៃនេះផងដែរ។
បើយោងតាមទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទមកទល់ពេលនេះ មានផ្ទៃដីដំណាំស្រូវជាង១ម៉ឺន៦រយហិកតា និងផ្ទៃដីដំណាំឧស្សាហកម្មជាង៣ពាន់ហិកតាបានរងផលប៉ះពាល់ដោយសារដង្កូវហ្វូង ក្នុងនោះក៏មានផ្ទៃដីជិត២ពាន់ហិកតាត្រូវបានជួយសង្រ្គោះផងដែរ។
ការផ្ទុះឡើងហ្វូងដង្កូវនេះ ត្រូវបានអ្នកនាំពាក្យក្រសួងកសិកម្មអះអាងថា គឺដោយសារឆ្នាំនេះមានអាកាសធាតុក្តៅខ្លាំង និងអូសបន្លាយពេលយូរ ដែលបានធ្វើឱ្យវដ្តជីវិតរបស់ដង្កូវហ្វូងកាន់តែខ្លី ពងឆាប់ញាស់ ឆាប់ធំ និងបង្កកំណើតក្នុងល្បឿនលឿន។ ក្រៅពីនេះ ក៏មានកត្តាបូកផ្សំនឹងការបាត់លំនឹងជីវចម្រុះដោយសារកត្តាអាកាសធាតុ ដែលបានធ្វើឱ្យបាត់បង់នូវប្រភេទសត្វមានប្រយោជន៍មួយចំនួន ដែលតែងដើរតួនាទីបំផ្លាញពពួកដង្កូវទាំងនេះផងដែរ។
បើតាមអ្នកនាំពាក្យក្រសួងកសិកម្ម ហេតុការណ៍ស្រដៀងគ្នានេះធ្លាប់បានកើតឡើងម្តងរួចមកហើយនៅកម្ពុជាកាលពីឆ្នាំ២០១៦ ដោយនៅពេលនោះដង្កូវបានស៊ីបំផ្លាញដំណាំរបស់ប្រជាកសិករអស់ជាច្រើននៅក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ចាម៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ