ការលើកឡើងពីប្រសិទ្ធភាពវ៉ាក់សាំងជំងឺអុតស្វានេះ ធ្វើឡើងនៅគ្រាដែលចំនួនករណីឆ្លងជំងឺអុតស្វាជាសកលបានកើនឡើងដល់ជាង២០០នាក់ហើយ និងរាលដាលដល់ប្រជាជាង២០ហើយ នៅទូទាំងពិភពលោកបើកគិតត្រឹមថ្ងៃទី២៦ ខែឧសភា។
ទិន្នន័យរបស់មជ្ឈមណ្ឌល CDC បានឱ្យដឹងថា វ៉ាក់សាំងឈ្មោះ ជីននឹស (Jynneos) ត្រូវបានធ្វើតេស ដោយរកឃើញថា មានប្រសិទ្ធភាពការពារជំងឺអុតស្វា បានប្រហែល ៨៥% ហើយក្រុមហ៊ុន Bavarian Nordic ដែលជាអ្នកផលិតវ៉ាក់សាំងនេះបានប្រកាសថា ខ្លួនបានចុះហត្ថលេខាលើកិច្ចសន្យាផ្គត់ផ្គង់វ៉ាក់សាំងនេះលើកដំបូងជាមួយប្រទេសមួយចំនួនរួចហើយ និងកំពុងពិភាក្សាជាមួយប្រទេសមួយចំនួនទៀតដែលចង់ទិញវ៉ាក់សាំងនេះផងដែរ។
ប្រទេសអេស្បាញ ចក្រភពអង់គ្លេស និងកាណាដាដែលនៅសប្ដាហ៍បានបញ្ជាក់ពីករណីឆ្លងជំងឺនេះសរុបចំនួន ១៦ នាក់បន្ថែមទៀតនោះ ក៏កំពុងតែស្នើសុំទិញវ៉ាក់សាំងនេះផងដែរ។
គិតមកត្រឹមថ្ងៃទី ២៦ឧសភា ករណីជំងឺអុតស្វាបានកើនដល់ចំនួន ២២៦ ករណីហើយនៅទូទាំងពិភពលោក។
លោកស្រី ស៊ូសាន ហូបឃីន (Susan Hopkins) ជាប្រធានទីប្រឹក្សាផ្នែកវេជ្ជសាស្រ្តរបស់ទីភ្នាក់ងារសន្តិសុខសុខាភិបាលរបស់ចក្រភពអង់គ្លេសបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ប្រសិនបើនរណាម្នាក់សង្ស័យថា ពួកគេអាចមានកន្ទួល ឬដំបៅនៅលើផ្នែកណាមួយនៃរាងកាយរបស់ពួកគេជាពិសេសប្រសិនបើពួកគេទើបតែមានដៃគូរួមភេទថ្មីតែម្ដង គឺពួកគេគួរតែដាក់កម្រិត ចំពោះទំនាក់ទំនងរបស់ពួកគេជាមួយអ្នកដទៃ និងទាក់ទងសេវាសុខភាពផ្លូវភេទក្នុងតំបន់របស់ពួកគេឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
នៅក្នុងសហភាពអឺរ៉ុប ប្រទេសចំនួន ១២ បានរាយការណ៍ពីករណីឆ្លងជំងឺអុតស្វានេះ យ៉ាងហោចណាស់ក៏មានមួយករណីដែរ ហើយប្រទេសដែលមានចំនួនឆ្លងសរុបច្រើនជាងគេបំផុតមកដល់ពេលនេះ គឺអេស្ប៉ាញដែលមាន ៥១នាក់ បន្ទាប់មកគឺព័រទុយហ្គាល់ដែលមាន ៣៧ នាក់។
រហូតមកដល់ពេលនេះមិនទាន់មានរបាយការណ៍ពីអ្នកស្លាប់ណាមួយនៅក្នុងចំណោមករណីឆ្លងទាំងនេះនៅអឺរ៉ុបនោះទេ ហើយការឆ្លងជំងឺនេះទៀតសោតក៏មានសភាពស្រាលផងដែរប៉ុន្តែមន្ត្រីសុខាភិបាលសាធារណៈនៅទូទាំងពិភពលោកមិនបានធ្វេសប្រហែសចំពោះជំងឺនេះទេព្រោះសំណាកកាន់តែច្រើនឡើងៗត្រូវបានបញ្ជូនទៅមន្ទីរពិសោធន៍ដើម្បីរកមេរោគនេះ៕
អត្ថបទ៖ សុខ ជា