ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានគូសបញ្ជាក់ប្រាប់ខេមមូណូមីសថា នៅក្នុងរយៈពេល៩ខែឆ្នាំនេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប បានចុះត្រួតពិនិត្យរង្វាស់រង្វាល់ និងគុណភាពនៅតាមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈទូទាំងប្រទេសបានចំនួនជិត១ពាន់២រយកន្លែង។ ក្នុងចំ ណោមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈទាំងនេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាននេះរកឃើញមានស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន២២២ បានប្រកបអាជីវកម្មមិនសុចរិតតាមរយៈការលក់បន្លំគុណភាព និងបរិមាណ មានការថយចុះ២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការថយចុះបទល្មើសក្នុងវិស័យប្រេងឥន្ធនៈនេះ ត្រូវបានឯកឧត្តម ផាន អូន អះអាងថា គឺបន្ទាប់ពីមានការចុះអនុវត្តសកម្មភាពត្រួតពិនិត្យ និងចាត់វិធានការច្បាប់ដូចភ្លៀងរលឹម គួបផ្សំការចុះអប់រំ និងផ្សព្វផ្សាយការយល់ដឹងអំពីច្បាប់ដល់ធុរជន ដែលធ្វើឱ្យការធ្វើធុរកិច្ចពាក់ព័ន្ធនឹងវិស័យប្រេងឥន្ធនៈ និងវិស័យផ្សេងទៀត មានការយល់ដឹងអំពីច្បាប់ និងចូលរួមអនុវត្តច្បាប់យ៉ាងផុលផុស។
ក្រោយរកឃើញភាពមិនអនុលោមនេះ ម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈខាងលើ ត្រូវបានមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប ចាត់វិធានការពិន័យអន្តរកាល និងវិធានការច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ផាន អូន ដែលបានបន្ថែមថា ក្នុងករណីមិនរាងចាល ម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈទាំងនោះ អាចប្រឈមនឹងការព្យួរ ដកហូត ឬលុបចោលវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ឬអាជ្ញាបណ្ណអាជីវកម្ម។ សម្រាប់ថ្នាក់ដឹកនាំរូបនេះ ការធ្វើអាជីវកម្មមិនសុចរិតពាក់ព័ន្ធនឹងវិស័យប្រេងឥន្ធនៈ វាមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ការចំណាយ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល និងការប្រកួតប្រជែងដោយស្មោះត្រង់ក្នុងការធ្វើពាណិជ្ជកម្មផងដែរ។
ស្របពេលតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាបច្ចុប្បន្ននៅតែស្ថិតក្នុងកម្រិតខ្ពស់ ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន ក.ប.ប បានជំរុញឲ្យមន្ត្រីរបស់ខ្លួនបង្កើនការចុះត្រួតពិនិត្យរង្វាស់រង្វាល់តាមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ ដើម្បីទប់ស្គាត់ការធ្វើអាជីវកម្មមិនអនុលោមតាមច្បាប់ក្នុងវិស័យប្រេងឥន្ធនៈ សំដៅជួយការពារសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ និងសេដ្ឋកិច្ចជាតិទាំងមូល។ ក្រៅពីចុះត្រួតពិនិត្យរង្វាស់រង្វាល់ និងគុណភាព ថ្នាក់ដឹកនាំរូបនេះ ក៏បានជំរុញឲ្យមន្ត្រីចុះឃ្លាំពិនិត្យមើលថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈផងដែរ។
ជាលទ្ធផលក្រោយការចុះឃ្លាំពិនិត្យមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប រកឃើញថា ពុំមានស្ថានីយ ឬដេប៉ូណាលក់លើសតម្លៃកំណត់នោះទេ ក្នុងនោះមានស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចន្លោះពី៣០%ទៅ៤០% លក់ក្រោមតម្លៃទីផ្សារ ខណៈពី៦០%ទៅ៧០%លក់តាមតម្លៃកំណត់របស់ក្រសួង។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ មានដេប៉ូ និងស្ថានីយប្រេងឥន្ធនៈជិត១ពាន់កន្លែងត្រូវបានអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំរកឃើញលក់បន្លំគុណភាព និងបរិមាណក្នុងចំណោមស្ថានីយ និងដេប៉ូជាង៣ពាន់កន្លែង ដែលបានចុះត្រួតពិនិត្យ៕