ទន្ទឹមនឹងបង្ហាញពីសក្តានុពលរបស់កម្ពុជា ការជួបពិភាក្សានេះ ក៏ធ្វើឡើងដើម្បីផ្សព្វផ្សាយ និងទាក់ទាញការវិនិយោគបន្ថែមពីប្រទេសជប៉ុនផងដែរ។ បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំសភាពាណិជ្ជកម្មជប៉ុនប្រចាំនៅកម្ពុជា មានក្រុមហ៊ុនជប៉ុនធំៗចំនួន៨ នឹងមកវិនិយោគនៅកម្ពុជានៅឆ្នាំនេះ។ ទន្ទឹមនឹងនេះ ក្រុមវិនិយោគិនជប៉ុនក៏បានបង្ហាញបញ្ហាប្រឈមមួយចំនួន ដែលពួកគេបានជួបប្រទះក្នុងដំណើរការវិនិយោគនៅកម្ពុជាផងដែរ។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាបានគូសបញ្ជាក់ថា គោលបំណងនៃការជួបពិភាក្សាជាមួយវិនិយោគិនជនជាតិជប៉ុនមកពីជាង៥០ក្រុមហ៊ុននៅពេលនេះ គឺដើម្បីសិក្សាឈ្វែងយល់ និងផ្សព្វផ្សាយពីវិស័យសក្តានុពលរបស់កម្ពុជាដល់វិនិយោគិនទាំងនេះ ក្នុងគោលដៅទាក់ទាញការវិនិយោគពីបរទេស ជាពិសេសពីប្រទេសជប៉ុនឲ្យមកបោះទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា។ ការពិភាក្សាដែលបើកឲ្យមានការសួរ និងឆ្លើយនេះ ក៏ដើម្បីផ្លាស់ប្តូរព័ត៌មានជាមួយអតិថិជនជនជាតិជប៉ុនខ្នាតសាជីវកម្មរបស់អេស៊ីលីដា ដែលមកទល់ពេលនេះមានប្រមាណ៦០០ក្រុមហ៊ុនផងដែរ។
ទន្ទឹមនឹងចែករំលែកបទពិសោធន៍របស់អេស៊ីលីដា ដែលបានប្រឡូកក្នុងវិស័យហិរញ្ញវត្ថុជាង៣ទសវត្សរ៍កន្លងមកនេះ លោកបណ្ឌិត អ៊ិន ចាន់នី ក៏បានបង្ហាញពីសក្តានុពលរបស់កម្ពុជាពាក់ព័ន្ធការសាងសង់ហេដ្ឋារចនាផ្លូវថ្នល់ និងអាកាសយានដ្ឋានអន្តរជាតិនៅតាមបណ្តាខេត្តនានា និងច្បាប់វិនិយោគថ្មីរបស់កម្ពុជាដែលមានការផ្តល់ការលើកទឹកចិត្តខ្ពស់សម្រាប់ការវិនិយោគដល់វិនិយោគិនជប៉ុនផងដែរ។ ជាមួយគ្នានេះ លោកបណ្ឌិត ក៏បានបកស្រាយក្តីកង្វល់របស់វិនិយោគិនជប៉ុន ដែលបារម្ភពីការកើនឡើងកម្រិតអតិផរណានៅកម្ពុជា។
ត្រង់ចំណុចនេះលោកបណ្ឌិតអះអាងនៅចំពោះមុខអ្នកវិនិយោគជនជាតិជប៉ុនទាំងនោះថា រាជរដ្ឋាភិបាលកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងអតិផរណា ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ។ បើតាមការគូសបញ្ជាក់របស់លោកបណ្ឌិត អ៊ិន ចាន់នី វិនិយោគិនជប៉ុនមួយចំនួន ដែលបានវិនិយោគនៅកម្ពុជាក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធភាពស្មុគស្មាញក្នុងការដំណើរការនីតិវិធិសម្រាប់ការវិនិយោគនៅកម្ពុជាផងដែរ។
លោក KANDA Yogo ប្រធានសមាគមពាណិជ្ជកម្មជប៉ុនប្រចាំនៅកម្ពុជា(JBAC) បានគូសបញ្ជាក់ថា ក្រុមហ៊ុនជាង៥០ដែលបានចូលរួមជួបពិភាក្សាជាមួយថ្នាក់ដឹកនាំធនាគារអេស៊ីលីដា នៅពេលនេះភាគច្រើនស្ថិតនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ និងវិស័យធនារ៉ាប់រង ហើយក៏មានមកពីវិស័យផ្សេងៗមួយចំនួនទៀតផងដែរ។
ការជួបពិភាក្សានេះ ធ្វើឡើងគោលបំណងដើម្បីត្រៀមរៀបចំកម្មជួបជុំធុរកិច្ចរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន ដែលសភាពាណិជ្ជកម្មជប៉ុនប្រចាំនៅកម្ពុជាគ្រោងរៀបចំនៅឆ្នាំនេះនាពេលខាងមុខ។ ប្រធានសភាពាណិជ្ជកម្មជប៉ុនរូបនេះអះអាងថា មានក្រុមហ៊ុនជប៉ុនថ្មីៗចំនួន៨ បានមកបោះទុនវិនិយោគនៅកម្ពុជាននៅក្នុងរយៈពេល៦ខែឆ្នាំ២០២២ ហើយលោករំពឹងថា ក្រុមហ៊ុនជាច្រើនទៀតនឹងសម្លឹងឃើងឱកាសវិនិយោគនៅកម្ពុជានាពេលអនាគត។
បើតាមការគូសបញ្ជាក់របស់ប្រធានសភាពាណិជ្ជកម្មជប៉ុនប្រចាំនៅកម្ពុជារូបនេះ បច្ចុប្បន្នសភាពាណិជ្ជកម្មជប៉ុនមានក្រុមហ៊ុនចុះបញ្ជីជាសមាជិកជាង២០០ក្រុមហ៊ុន ហើយក្នុងចំណោមក្រុមហ៊ុនទាំងនេះ២៥% បានវិនិយោគក្នុងវិស័យកម្មន្តសាល ខណៈ២០%វិនិយោគក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម និងជាង៥០% បានវិនិយោគក្នុងវិស័យផ្សេងៗ ដែលរួមមានវិស័យធនាគារ និងហិរញ្ញវត្ថុ, ធានារ៉ាប់រង, កសិកម្ម និងសំណង់ជាដើម៕