សម្ព័ន្ធមិត្តទាំងបួន «Quad»

សម្ព័ន្ធមិត្តទាំងបួន «Quad» សច្ចាការពារសណ្តាប់ធ្នាប់ពិភពលោក នៅចំពោះមុខសង្គ្រាមនៅអ៊ុយក្រែន


មេដឹកនាំកំពូលទាំងបួននៃសម្ព័ន្ធមិត្ត Quad រួមមាន អាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌា បានមកជួបប្រជុំគ្នាដោយផ្ទាល់នៅទីក្រុងតូក្យូក្នុងថ្ងៃអង្គារទី២៤ឧសភា ដោយបានបញ្ជាក់សារជាថ្មីម្តងទៀត អំពីការតាំងចិត្តរបស់សម្ព័ន្ធមិត្តចតុភាគី Quad ដើម្បីការពារសណ្តាប់ធ្នាប់ពិភពលោកដោយផ្អែកលើច្បាប់អន្តរជាតិ ពិសេសសណ្តាប់ធ្នាប់នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកតែម្តង។
សម្ព័ន្ធមិត្តQuadសច្ចាការពារសណ្តាប់ធ្នាប់ពិភពលោក!
ដោយ

ក៏ប៉ុន្ដែ អ្វីដែលគេចាប់អារម្មណ៍នោះ គឺប្រទេសឥណ្ឌា ហាក់មិនសូវមាត់កច្រើននោះទេ នៅក្នុងកិច្ចប្រជុំនេះ ខណៈប្រទេសមហាយក្សនៅអាស៊ីអាស៊ីមួយនេះ ត្រូវបានគេបារម្ភថា អាចនឹងមានឥរិយាបថងាកទៅរករុស្ស៊ីកាន់តែខ្លាំងជាងមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានរបស់ជប៉ុន Nikkei។

ការចូលរួមរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលីថ្មីលោក អាន់តូនី អាល់បាណេស ដែលទើបស្បថចូលកាន់តំណែងថ្មីៗត្រឹមតែមួយថ្ងៃមុនកិច្ចប្រជុំនេះ បានឆ្លុះបញ្ចាំងពីសារសំខាន់នៃកិច្ចសន្ទនាផ្នែកសន្តិសុខលក្ខណៈចតុភាគី ដែលកំពុងដើរតួមនាទីសំខាន់ខ្វះមិនបាន ពិសេសអំឡុងពេលដែលសណ្តាប់ធ្នាប់ពិភពលោកកំពុងរងការគំរាមកំហែង មិនធ្លាប់មានចាប់តាំងពីសម្ព័ន្ធមិត្ត Quad បានបង្កើតឡើងនៅឆ្នាំ២០០៤មក។

ប្រធានាធិបតីអាមេរិកចូ បៃឌិន, នាយករដ្ឋមន្ត្រីជប៉ុនគីហ្ស៊ីដា, នាយករដ្ឋមន្ត្រីឥណ្ឌា ណារីនដ្រា ម៉ូឌី និងនាយករដ្ឋមន្ត្រីថ្មីរបស់អូស្ត្រាលីលោកអាល់បាណេស បានជួបគ្នាជជែកគ្នាអស់រយៈពេលពីរម៉ោង នៅការិយាល័យនាយករដ្ឋមន្ត្រីជប៉ុន នាទីក្រុងតូក្យូ។ នេះគឺជាការជួបគ្នាដោយផ្ទាល់លើកដំបូងសម្រាប់ឆ្នាំនេះ បន្ទាប់ពីកិច្ចប្រជុំកន្លងមកបានធ្វើឡើងតាមអនឡាញ ដោយសារតែការរាលដាលកូវីដ១៩។

អំឡុងពេលពិភាក្សា ប្រធានាធិបតីជប៉ុន ដែលធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំនិយាយថា៖ ចាប់តាំងពីសម្ព័ន្ធមិត្តទាំង៤ជួបគ្នាលើកចុងក្រោយបង្អស់ក្នុងខែកញ្ញា មានរឿងហេតុជាច្រើនបានកើតឡើង ហើយដែលបានបំផ្លិចបំផ្លាញសណ្តាប់ធ្នាប់អន្តរជាតិ ដូចជាការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនជាដើម។ វាជារឿងប្រឈម និងជាការគំរាមកំហែងខ្លាំងណាស់ ដល់គោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។ លោក គីហ្ស៊ីដា បន្ថែមថា មិនត្រូវអនុញ្ញាតឱ្យរឿងដដែលនេះ កើតឡើងនៅឥណ្ឌូប៉ាស៊ីហ្វិកទៀតឡើយ។

លោក Albanese នាយករដ្ឋមន្ត្រីថ្មីអូស្រ្តាលី ត្រូវបានផ្តល់ឱកាសឱ្យនិយាយបន្ទាប់ពីលោក Kishida ដោយលោកបានលើកឡើងថា រដ្ឋាភិបាលរបស់អូស្រ្តាលីប្តេជ្ញាធ្វើការជាមួយសម្ព័ន្ធមិត្ត Quad។

ក្នុងនាមជាក្បាលម៉ាស៊ីនថ្មីរបស់ទីក្រុងកង់ប៉េរា អាទិភាពរបស់លោក អាល់បានណេស គឺ ស្របតាមរបៀបវារៈ របស់ Quad ដោយចាត់វិធានការលើការបញ្ហាសំខាន់ៗដូចជា ការប្រែប្រួលអាកាសធាតុ និងការកសាងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកកាន់តែរឹងមាំជាងមុន តាមរយៈការពង្រឹងសន្តិសុខ និងសេដ្ឋកិច្ចកាន់តែប្រសើរ សន្តិសុខតាមអ៊ីនធឺណិត សន្តិសុខថាមពល និងបរិស្ថាន និងសុខាភិបាលកាន់តែប្រសើរជាងមុន។

ចំណែកប្រធានាធិបតីអាមេរិក លោកចូ បៃឌិន វិញបានលើកឡើងចំៗថា បច្ចុប្បន្នពិភពលោកកំពុងអាប់អួ ជាមួយនឹងការឆ្លងកាត់ពេលវេលាដ៏ខ្មៅងងឹតមួយនៃប្រវត្តិសាស្ត្រ។ ដោយចង់សំដៅដល់សង្គ្រាមនៅអ៊ុយក្រែន លោកបៃឌិន បន្តថានេះមិនមែនត្រឹមជាបញ្ហារបស់អឺរ៉ុបនោះទេ វាជាបញ្ហាសកល។ ដរាបណារុស្ស៊ីនៅតែបន្តសង្រ្គាម សហរដ្ឋអាមេរិកនឹងធ្វើការជាមួយដៃគូ ដើម្បីដឹកនាំការឆ្លើយតបជាសកលទៅកាន់ទីក្រុងម៉ូស្គូ ពីព្រោះថាវានឹងប៉ះពាល់ដល់គ្រប់ផ្នែកទាំងអស់នៃពិភពលោក។

ជាចុងក្រោយគឺលោកណារិនដ្រា ម៉ូឌី មេដឹកនាំឥណ្ឌាគ្រាន់តែបានអំពាវនាវថា ឥណ្ឌូប៉ាស៊ីហ្វិកគឺត្រូវតែសេរី និងបើកចំហប៉ុណ្ណោះ។ គួរកត់សម្គាល់ថា លោកមិនបានលើកឡើងអំពីបញ្ហាសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន សូម្បីតែមួយម៉ាត់ឡើយ។

គួរជម្រាបថា ក្នុងចំណោមសម្ព័ន្ធមិត្ត Quad ទាំងបួនប្រទេស តួនាទីរបស់ឥណ្ឌាក្នុងទិដ្ឋភាពសន្តិសុខក្នុងតំបន់ កំពុងមានសារសំខាន់កាន់តែខ្លាំងឡើង បន្ទាប់ពីមានការប៉ះទង្គិចគ្នានៅតាមព្រំដែនជាមួយចិនកាលពីខែមិថុនា ឆ្នាំ២០២០ ដែលវាជារឿងកម្រណាស់ សម្រាប់ប្រទេសណាមួយ ទៅមានជម្លោះ និងប៉ះទង្គិចគ្នាដោយកម្លាំងជាមួយចិន។

ប៉ុន្តែ ពេលនេះឥណ្ឌាក៏បានធ្វើឲ្យគេបារម្ភមិនតិចដែរ នៅចំពោះមុខស្ថានភាពទំនាក់ទំនងទ្វេភាគីបច្ចុប្បន្ន ជាមួយរុស្ស៊ី ខណៈមកទល់ពេលនេះ អស់ពេល៣ខែពេញហើយនៃការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ប៉ុន្ដែឥណ្ឌា មិនបានដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូដូចទៅនឹងសម្ព័ន្ធមិត្តរបស់ខ្លួនអាមេរិក ធ្វើនោះទេ។

ឥណ្ឌាមានទំនាក់ទំនងជាយុទ្ធសាស្ត្រ ការពារជាតិ និងទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមួយរុស្ស៊ី ហើយឥណ្ឌាបានបដិសេធ មិនបោះឆ្នោតថ្កោលទោសរុស្ស៊ីនៅអង្គការសហប្រជាជាតិ ប្រឆាំងនឹងការឈ្លានអ៊ុយក្រែនថែមទៀត។ មិនតែប៉ុណ្ណោះឥណ្ឌាបានបង្កើនការនាំចូល ពិសេសប្រេងឆៅពីរុស្ស៊ីថែមទៀត។ ការប្រកាន់ជំហរទាំងនេះ គឺផ្ទុយស្រឡះទាំងស្រុងពីសមាជិក Quad ឯទៀត ដែលម្នាក់ៗខិតខំរិះរកទណ្ឌកម្មដាក់លើម៉ូស្គូ ហើយខ្លះទៀតបានបញ្ឈប់ការនាំចូលប្រេងពីរុស្ស៊ីទៅហើយក្តី។

ហេតុដូចនេះហើយសម្ព័ន្ធមិត្ត Quad ពិតជាអាចរួមគ្នាយឹតយោង និងថែរក្សាសណ្តាប់ធ្នាប់ពិភពលោកបានមកល្អប្រសើរវិញក្នុងកំរិតណានោះ យើងប្រហែលជានឹងត្រូវការពេលច្រើនទៀត ដើម្បីតាមដានបន្ត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិកសំខាន់អ្វីខ្លះ? ហើយវាខុសពី RCEP និង CP TPPអ្វីខ្លះ?

ព័ត៌មាន
រដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ ទី២៣ឧសភាបានប្រកាសជាផ្លូវការ នូវការបង្កើតផែនការសេដ្ឋកិច្ចថ្មីរបស់ខ្លួនសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយ…

ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ចាប់ដៃគ្នានឹង ក្រុមហ៊ុន ហ្គ្រេន កាថេ អ៊ីនវេសម៉ិន ត្រាស់ (ខេមបូឌា) ដើម្បីណែនាំមូលនិធិវិនិយោគដំបូងគេនៅកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក និងក្រុមហ៊ុន ហ្គ្រេន កាថេ អ៊ីនវេសម៉ិន ត្រាស់ (ខេមបូឌា) ម.ក គឺជាក្រុមហ៊ុន ដែលមានបទពិសោធ ក្នុងវិស័យហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ