រដ្ឋាភិបាលថៃ នៅខែមករា នេះបានអនុម័តសេចក្តីព្រាងច្បាប់មួយ ដើម្បីអនុញ្ញាតឱ្យមានកាស៊ីណូនៅក្នុងកន្លែងកម្សាន្ត និងការលេងល្បែងតាមអ៊ីនធឺណិត។ មកដល់ពេលនេះ ល្បែងស៊ីសងដែលស្របច្បាប់នៅប្រទេសថៃ មានតែការប្រណាំងសេះ និងសាជីវកម្មឆ្នោតកន្ទុយលេខគ្រប់គ្រងដោយរដ្ឋតែប៉ុណ្ណោះ ខណៈដែលល្បែងភ្នាល់បាល់ទាត់ ល្បែងក្រោមដី និងល្បែងកន្ទុយលេខឯកជនបានកើតឡើងជាហូរហែ ដោយផ្ដល់ប្រាក់ចំណូលជាច្រើនដល់ម្ចាស់អាជីវកម្មទាំងនេះ។
កាលពីដើមសប្ដាហ៍មុន វិទ្យាស្ថានជាតិ គ្រប់គ្រងការអភិវឌ្ឍនៅប្រទេសថៃ បានស្ទង់មតិជាមួយនឹងពលរដ្ឋថៃ ចំនួន១,៣១០នាក់ ក្នុងនោះអ្នកឆ្លើយសំណួរចំនួន៦៩% បានជំទាស់នឹងការលេងល្បែងតាមអ៊ីនធឺណិត ហើយអ្នកឆ្លើយសំណួរ៥៩% មិនយល់ស្របទាំងកន្លែងកម្សាន្ត និងកាស៊ីណូ ខណៈដែលចំនួន២៩% ពេញចិត្តចំណុចទាំងពីរខាងលើនេះ។
ការណ៍ដែលរដ្ឋាភិបាលមានផែនការដាក់ឱ្យស្របច្បាប់នូវល្បែងអនឡាញ និងកាស៊ីណូនេះ គឺដោយសាររដ្ឋាភិបាលចង់យកគំរូតាមប្រទេសជិតខាងខ្លួន រួមមាន សិង្ហបុរី ហ្វីលីពីន ឡាវ និងមីយ៉ាន់ម៉ា ដែលប្រទេសទាំងនេះមានកាស៊ីណូធំៗជាច្រើន។ រដ្ឋាភិបាលថៃ អះអាងថា ប្រទេសថៃ កំពុងងាកទៅរកប្រាក់ចំណូល និងការបង្កើនទេសចរណ៍របស់ខ្លួនតាមរយៈផែនការនេះ។
អ្នកគាំទ្រចំពោះគម្រោងដាក់ឱ្យល្បែងស៊ីសងទាំងនេះស្របច្បាប់នោះ រួមមានមហាសេដ្ឋី អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជាឪពុករបស់នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា។ លោក ថាក់ស៊ីន បានលើកឡើងថា ការធ្វើឱ្យស្របច្បាប់ល្បែងទាំងនេះអាចផ្ដល់ប្រាក់ចំណូលដល់រដ្ឋាភិបាលរហូតដល់ប្រមាណ៣ពាន់លានដុល្លារក្នុងមួយឆ្នាំ៕
អត្ថបទ៖ សុខ មង្គល