គណៈកម្មាធិការសភាពិសេសទទួលបន្ទុកការសិក្សាកន្លែងកម្សាន្ត ឬកាស៊ីណូ ដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក ជូឡាពុន អាម៉នវីវ៉ាត (Julapun Amornvivat) បានជំរុញឱ្យបង្កើតកាស៊ីណូនៅប្រទេសថៃ ហើយពេលនេះសេចក្តីព្រាងច្បាប់ស្តីពីកាស៊ីណូ កំពុងឆ្លងកាត់សវនាការជាសាធារណៈតាមការតម្រូវរបស់រដ្ឋធម្មនុញ្ញ។
លទ្ធផលនៃការសិក្សាស្រាវជ្រាវដែលបានដាក់ជូនគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យបានព្យាករថា ប្រសិនបើកាស៊ីណូមួយត្រូវបានបើកក្នុងប្រទេសថៃមែន អ្នកលេងល្បែងភាគច្រើន គឺជាពលរដ្ឋថៃដែលមានចំនួនរហូតដល់៩០% ពោលគឺស្មើនឹងអត្រា១០%នៃចំនួនប្រជាជនថៃសរុប ហើយអតិថិជន១០% ទៀតគឺជាជនបរទេស។
យោងតាមទិន្នន័យដដែលនេះ អតិថិជនលេងល្បែងចំនួន១,១លាននាក់ គឺជាជនបរទេស ហើយចំនួន៣,៧លាននាក់ គឺជាជនជាតិថៃ ផ្ទាល់តែម្ដង ហើយប្រភពខ្លះនិយាយដោយផ្អែកលើស្ថិតិនេះថា គេរំពឹងថា នៅពេលកាស៊ីណូបើកដំណើរការនៅប្រទេសថៃ វាអាចទាក់ទាញអ្នកលេងល្បែងថៃមួយចំនួនដែលធ្លាប់ទៅលេងនៅតាមប្រទេសក្បែរខាងនោះឱ្យងាកទៅលេងនៅក្នុងស្រុកវិញ។
គេនៅមិនទាន់ដឹងច្បាស់ទេថា តើសេចក្ដីព្រាងច្បាប់ស្ដីពីកាស៊ីណូនេះនឹងចូលជាធរមាននៅពេលណានៅឡើយទេ ប៉ុន្តែប្រសិនបើចូលជាធរមានមែន ក្រុមហ៊ុនអាជីវកម្មដែលចង់ដាក់ពាក្យស្នើសុំបើកអាជីវកម្មនេះនឹងតម្រូវឱ្យចុះបញ្ជីជាសាធារណៈ និងបង់ប្រាក់យ៉ាងតិចជិត៣ លានដុល្លារអាម៉េរិក។
ការទទួលបានអាជ្ញាបណ្ណដំបូងនឹងមានរយៈពេល៣០ឆ្នាំ ហើយអាចបន្តបាន១០ឆ្នាំម្ដង ហើយថ្លៃចូលលេងល្បែងកាស៊ីណូសម្រាប់ពលរដ្ឋត្រូវបានកម្រិតមិនឱ្យលើសពី១៤៦ដុល្លារនោះឡើយ៕
អត្ថបទ៖ សុខ មង្គល