ផលប៉ះពាល់ពីការបិទច្រកព្រំដែនកម្ពុជាវៀតណាម

រដ្ឋមន្ត្រីកសិកម្ម៖ ខេត្តត្បូងឃ្មុំប៉ះពាល់ខ្លាំងជាងគេ ក្រោយពីការបិទព្រំដែនភ្លាមៗដោយប្រទេសវៀតណាម


ក្រោយវៀតណាមសម្រេចបិទច្រក​ព្រំដែនភ្លាមៗ ជាមួយកម្ពុជា មានពលរដ្ឋ និងទំនិញជាច្រើនបានកកស្ទះនៅតាមបណ្តាច្រកព្រំដែនកម្ពុជាវៀតណាមជាច្រើនកន្លែង។ ក្នុងនោះ ខេត្តត្បូងឃ្មុំគឺបានរងផលប៉ះពាល់ខ្លាំងជាងគេពីការបិទនេះ។ នេះបើតាមការឲ្យដឹងពី ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។
រដ្ឋមន្រ្តីកសិកម្ម៖ ខេត្តត្បូងឃ្មុំប៉ះពាល់ខ្លាំងជាងគេ ក្រោយពីការបិទព្រំដែនភ្លាមៗដោយប្រទេសវៀតណាម
ដោយ

បើតាម​ការអះអាង របស់​ឯកឧត្តម វេង សាខុន បានប្រាប់​ឲ្យសារព័ត៌មាន​ខេមបូណូមីសដឹងថា បញ្ហាបិទព្រំដែនរបស់វៀតណាមនេះ វាបានធ្វើឲ្យប្រឈមនឹង​ប៉ះពាល់​ដល់​ច្រកព្រំដែន​ជាច្រើន​ដូចជាច្រកព្រំដែន នៅខេត្ត​កំពត តាកែវ ព្រៃវែង ស្វាយរៀងជាដើម ហើយផលប៉ះពាល់ខ្លាំងជាគេនោះ គឺខេត្តត្បូងឃ្មុំ ដោយសារតែខេត្តត្បូងឃ្មុំនេះ ត្រូវការនាំចេញដំឡូង​ទៅវៀតណាមជាច្រើន។ ​

ឯកឧត្តម វេង សាខុន មានប្រសាសន៍ថា «ប្រាកដវានឹងជួបបញ្ហាប្រឈម ក្នុងការបិទច្រកព្រំដែន ប៉ុន្តែបើតាមអ្វីដែលខ្ញុំបានសាកសួរមន្រ្តីរបស់យើងនៅតាមខេត្ត ដែលជាប់ព្រំដែននេះ គឺខេត្តកំពត ស្រូវនៅ​ដំណើរការជាធម្មតា ស្វាយអនុញ្ញាតនៅពេលអាធ្រាត្រ ម៉ោង១២ ទើបចេញបាន ហើយខេត្តតាកែវ​ប្រព្រឹត្តទៅ​ធម្មតាចំពោះស្រូវ តែគោ និងជ្រូកគេហាមចូល ដោយឡែកខេត្តព្រៃវែងនៅដំណើរការធម្មតា និងខេត្តស្វាយរៀង​មានដំណើរការរអាក់រអួលបន្តិចបន្តួច ប៉ុន្តែនៅបន្តនាំចេញបាន ហើយឥឡូវនេះ ចាប់ផ្តើមប៉ះពាល់​ខេត្តត្បូងខ្លាំងជាង រឿងដឹកដំឡូងមីចេញ»។

ចំពោះបញ្ហានាំចេញនាំចូលកសិផលនៅច្រកព្រំដែនវិញ ត្រូវបានឯកឧត្តមបានបញ្ជាក់ថា «យើងដឹងហើយថា ការបិទនេះគឺបិទតែមនុស្សទេ អញ្ចឹងហើយបានជាយើងឲ្យ​មន្រ្តីរបស់​យើង នៅតាមខេត្ត​ជាប់ព្រំប្រទល់ដែន ជាពិសេស​សម្តេចតេជោ​បានផ្តាំផ្ញើពីយប់មិញនេះ គឺថាឲ្យ​មន្ត្រីថ្នាក់ដឹកនាំ​គ្រប់ជាន់ថ្នាក់ទាំង​អស់ ជាពិសេស គឺខេត្តជាប់ព្រំប្រទល់ហ្នឹង គឺថា ឲ្យ​ធ្វើការសម្រប​សម្រួលធម្មតា​ ធ្វើទំនាក់​ទំនងធម្មតា ប៉ុន្តែគឺដាច់ខាត រឿងចរាចរណ៍​មនុស្ស​ហ្នឹងគឺទប់ស្កាត់ គឺវៀតណាម​ក៏ទប់ស្កាត់ យើងក៏ទប់ស្កាត់ដែរ អញ្ចឹងបើនិយាយ​រឿងផលិតផលកសិកម្ម អាចនៅចចារធម្មតា ហើយដូច​ខ្ញុំបាន​ជម្រាប​ជូនអញ្ចឹង ខេត្ត០៣ តាកែវ កំពត និងព្រៃវែង ហាក់បីដូចជាទៅរលូនទេ នឹងតទៅមុនទៀត ប៉ុន្តែ​ខេត្តស្វាយរៀង និងខេត្តត្បូងឃ្មុំ ដែលបន្តការចចារ គឺវាអត់មាន​ចែងនៅក្នុងលិខិត យើងកំពុង​តែតាមដានត្រួត​ពិនិត្យទៅលើលិខិត ដែលប្រទេសនីមួយៗទប់ស្កាត់ គឺទប់តែមនុស្សទេ អញ្ចឹងកុំទាន់​អាលព្រួយលើបញ្ហាហ្នឹង»។ដោយឡែកលោក ចាន់​ សុផល អ្នកវិភាគសេដ្ខកិច្ចយល់ឃើញថា ការបិទច្រកព្រំដែនភ្លាមៗបែបនេះ គឺប៉ះពាល់ បើសិនជាបិទ​ទាំងមនុស្សចរាចរណ៍ និងទំនិញ។ 

លោកបញ្ជាក់យ៉ាងដូច្នេះថា «ខាតទី១ គឺការនាំចេញទំនិញ​ពីប្រទេសមួយទៅប្រទេស​មួយ ហើយការនាំ​ចូល​ហ្នឹងក៏ខាតដែរ  ព្រោះយើងអាចខ្វះទំនិញប្រើប្រាស់​ ទំនិញបរិភោគ។ ធម្មតា វាមិនអាចបិទរហូតទេ វាអាចនឹងបើកវិញនៅពេលណាមួយ បើសិនជាមួយខែ ពីរខែ អ្នកខ្លះអាច​ទុកទំនិញបាន​ ទំនិញខ្លះ​ទុកអត់​បានទៀត ឧទាហរណ៍​ដូចស្វាយចឹង មិនអាចទុកបានទេ តែដូចជាម្រេច ដូចជាដំឡូងស្ងួត អាចទុកបាន កៅស៊ូអាចទុកបាន តែប្រជាកសិករ​ខ្លះគាត់ត្រូវការចំណូលភ្លាមៗ​​ប្រមូលផលហើយគាត់ត្រូវការលុយ អញ្ចឹង​គាត់មិនអាចទុកបានទេ អញ្ចឹងបើគាត់បង្ខំចិត្តលក់ គឺបានតម្លៃទាប បើគាត់នៅតែលក់ ចឹងគាត់​អាចខាតចំណូល។ អញ្ចឹងដំណោះស្រាយ ប្រហែលអាចមានក្រុមការងារឬក៏ គម្រោងខាងវិស័យឯកជនក្តី​ ចាំទិញទុកសិនក្នុងតម្លៃសមរម្យ ប្រហែលអាចជួយដល់កសិករបាន»។

លិខិត​ប្រកាស​របស់​ក្រសួងការបរទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បិទ​ជា​បណ្ដោះអាសន្ន​លែង​ឲ្យ​ពលរដ្ឋ​វៀតណាម​ចូល​មក​ប្រទេស​កម្ពុជា តាម​គ្រប់​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស ចាប់ពី​ម៉ោង ២៣៖៥៩​នាទី​យប់ ថ្ងៃ​ទី​២០ ខែមីនា តទៅ ក្នុង​គោលបំណង​បញ្ចៀស​នូវ​ការ​លំបាក​ចំពោះ​ពលរដ្ឋ​វៀតណាម ក៏​ដូច​ជា​ពលរដ្ឋ​កម្ពុជា ដែល​តម្រូវ​ឲ្យ​បង្ខាំង​ខ្លួន​នៅ​ដាច់​ពី​គេ ក្រោយ​ពី​ធ្វើ​ដំណើរ​ពី​កម្ពុជា​ចូល​ទៅ​វៀតណាម​។ 

យោង​តាម​លិខិត របស់​ក្រសួងការបរទេស​កម្ពុជា​ដដែល​នេះ បាន​បញ្ជាក់​ថា «​ការ​បិទ​ការ​ធ្វើ​ដំណើរ​បណ្ដោះអាសន្ន​តាម​ច្រកព្រំដែន​ទាំង​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស​នេះ គឺ​ស្ថិត​ក្នុង​ស្មារតី​មិត្តភាព និង​ការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក ទាក់ទង​នឹង​ការ​ការពារ​ការ​រីក​រាលដាល​នៃ​វីរុស Covid-19​។​» ជាមួយ​គ្នា​នេះ នៅ​ក្នុង​លិខិត​របស់​ក្រសួងការបរទេស​ដដែល​នេះ បាន​គូសបញ្ជាក់​ដែរ​ថា ភាគី​កម្ពុជា​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​នៃ​ប្រទេស​ទាំង​ពីរ​ធ្វើ​ការងារ​រួម​គ្នា ដើម្បី​សម្របសម្រួល និង​ធានា​ថា ការ​ដឹក​ជញ្ជូន​ទំនិញ ឆ្លងកាត់​ព្រំដែន​រួម អាច​អនុវត្ត​ដោយ​គ្មាន​ការ​រាំងស្ទះ​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងការងារ៖ រោងចក្រជាកន្លែងសុវត្ថិភាពបំផុត ក្នុងការជៀស ផុតពីការឆ្លងមេរោគ Covid-19

ព័ត៌មាន
បញ្ហា Covid-19 កំពុងមានការកើនឡើងនូវករណីឆ្លងនៅកម្ពុជា សរុបមានរហូតដល់ទៅ ៣៧ ករណីហើយ គិតមកទល់រសៀលថ្ងៃទី ១៩ ខែមីនា។ បញ្ហានេះ បានជំរុញឲ្…

នៅវៀតណាម សណ្ឋាគារជាង ១០០ ស្ម័គ្រធ្វើជាកន្លែងសម្រាប់ដាក់​អ្នក​ជំងឺ Covid-19 ឲ្យ​នៅដោយឡែក

ព័ត៌មាន
រដ្ឋបាលជាតិ​ទេសចរណ៍វៀតណាម​ បាន​និយាយថា សណ្ឋាគារ​ និង​រមណីយដ្ឋាន​ជាច្រើន បាន​យល់ព្រម​ធ្វើជា​ជំរំ​ដាច់​ដោយ​ឡែក​សម្រាប់​អ្នក​ជំងឺ​សង្ស័យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ