ថ្ងៃទី១១ មេសា ដោយមានពេលទំនេរ ខ្ញុំក៏បានទៅចូលរួមពិធីសម្ពោធ និងបានទស្សនាពីដើមដល់ចប់នូវភាពយន្តខ្មែរ រឿង «វិបល្លាស/រចនា» នៅរោងកុន Major Cineplex ផ្សារទំនើប សុរិយា។ ដោយសារអ្នកទៅមើលជាមួយជាមនុស្សដែលខ្ញុំគួរចំណាយពេលជាមួយ ខ្ញុំគិតថា បើរឿងហ្នឹងមិនល្អមើល ខ្ញុំអាចគេងនៅក្នុងរោងកុនបាន។ ប៉ុន្តែ អ្វីដែលនឹកស្មានមិនដល់គឺពីមួយឈុតទៅមួយឈុត ពីដើមរហូតដល់ចប់ គឺមិនធ្វើឲ្យខ្ញុំងងុយដេកសោះ ខ្ញុំបែរជាជក់និងសឹងតែចូលតួតាមសាច់រឿង។
ខាងក្រោមនេះជាការយល់ឃើញរបស់ខ្ញុំផ្ទាល់ អំពីចំណុចល្អពីរឿង «វិបល្លាស/រចនា» ដែលខ្ញុំចង់ចែករំលែកដល់លោកអ្នកនាងដែលមិនទាន់បានទៅទស្សនា៖
តួសម្ដែងនិងការសម្ដែង
រឿងនេះ តួសម្ដែងភាគច្រើនបំផុត (បើមិនទាំងអស់) សុទ្ធតែថ្មី មិនធ្លាប់ឮឈ្មោះ និងមិនធ្លាប់ឃើញសម្ដែងនៅក្នុងរឿងផ្សេងពីមុនមក។ ប៉ុន្តែ សមត្ថភាពនិងទេពកោសល្យសម្ដែងរបស់ពួកគេពិតជាអស្ចារ្យ។ ចំពោះខ្ញុំផ្ទាល់ ការសម្ដែងរបស់តួក្នុងរឿងនេះ គឺធ្វើបានល្អមែនទែន។ ការនិយាយនិងកាយវិការរបស់តួ គឺជារបៀបធម្មជាតិ (natural) ពិតៗ មិនដូចរឿងខ្លះ ដែលយើងអាចមើលដឹងថា និយាយបែបអាន parole ឬសម្ដែងតាមគេប្រាប់ របៀបឆ្គងៗ។
ភាពមិនអាចទស្សន៍ទាយមុនបាននៃដំណើរសាច់រឿង
កន្លងមក ទាំងការអានសៀវភៅរឿង ទាំងការមើលកុន បើសិនណា ខ្ញុំអាចទាយដឹងមុនពីដំណើររឿងបន្តបន្ទាប់ ឬចុងបញ្ចប់នៃរឿង គឺធ្វើឲ្យខ្ញុំមិនចង់តាមដានទេ ពោលគឺអស់ចំណាប់អារម្មណ៍លើរឿងតែម្ដង។ ប៉ុន្តែ រឿង វិបល្លាស/រចនា គឺពីមួយឈត់ទៅមួយឈត់ គឺទាយមិនត្រូវ។ ទាយមិនត្រូវ គឺធ្វើឲ្យចិត្តយើងជក់មើល និងចង់ដឹងអ្វីនឹងកើតជាបន្តបន្ទាប់ក្នុងសាច់រឿង។
ឈុតឆាកដែលកំប្លែង គឺធ្វើឲ្យយើងសើចដោយមិនដឹងខ្លួន ខុសពីរឿងខ្មែរសម័យមុនៗ ត្រង់វគ្គកំប្លែង គេតម្រូវដាក់តួកំប្លែងបង្ហាញឲ្យយើងដឹងមុន ដើម្បីកើតជាសំណើច ។ល។
អត្ថន័យអប់រំនៃរឿង
ចំពោះខ្ញុំផ្ទាល់ អត្ថន័យអប់រំនៃរឿង វិបល្លាស/រចនា នេះ គឺសំខាន់ណាស់សម្រាប់ការចែករំលែកដល់សង្គមខ្មែរបច្ចុប្បន្ន។ តួអង្គ នាង រចនា មានបញ្ហាផ្លូវចិត្ត ឬហៅថា វិបល្លាសចិត្ត។ គឺបើត្រូវខឹងក្ដៅក្រហាយ គឺខឹងភ្លាម ច្រលោតភ្លាម ទប់ចិត្តមិនឈ្នះ ឬអាចនិយាយថា ក្លាយជាមនុស្សកំរោលចូល ឬខ្មោចចូលភ្លាមៗ។ គ្រូពេទ្យតម្រូវឲ្យនាងត្រូវតែព្យាបាលជំងឺនេះ ប៉ុន្តែ នាងមិនគិត ឬទទួលស្គាល់ខ្លួនជាអ្នកជំងឺ ដូច្នេះមិនព្រមទទួលយកការព្យាបាល។
នាង រចនា ដែលជាតួអង្គសំខាន់ មិនព្រមឲ្យពេទ្យព្យាបាល បែរជាជ្រើសរើសយកផ្លូវផឹកស្រា ចូលបារ ក្លិបកម្សាន្ត រកការសប្បាយជាមួយដៃគូប្រុស ដើម្បីបំបាត់នូវភាពមួរហ្មងក្នុងចិត្តមួយគ្រាៗ តែវាមិនមែនជាដំណោះស្រាយ។
រឿងនេះ ធ្វើឲ្យខ្ញុំនឹកគិតទៅដល់គ្រួសារមួយនៅភូមិកំណើតរបស់ខ្ញុំ ដែលប្ដីក្លាយជាមនុស្សផឹកស្រាប្រមឹកស្ទើរតែរៀងរាល់ថ្ងៃ ដែលពីមុនគាត់ធ្លាប់ជាមនុស្សប្រុសត្រឹមត្រូវ ខំតែធ្វើការងាររកចំណូលដល់គ្រួសារ។ បើតាមការសាកសួរតាមអ្នកជិតខាង បងប្រុសម្នាក់នេះធ្លាក់ខ្លួនប្រមឹកសឹងតែមិនរំលងថ្ងៃ បន្ទាប់ពីប្រពន្ធចាកចោលគាត់ទៅរកស៊ីនៅស្រុកឆ្ងាយ និងយកលុយពីផ្ទះទៅខាតក្នុងមុខរបរនោះ។ បុរសជាប្ដីឃាត់ប្រពន្ធមិនឈ្នះ កើតទុក្ខក្នុងចិត្ត ក៏បែកគំនិតក្លាយជាអ្នកប្រមឹក ផឹកស្រាដើម្បីបំបាត់ទុក្ខ។ នេះជាជំងឺផ្លូវចិត្ត។
ត្រលប់ទៅនាង រចនា ក្នុងរឿង វិបល្លាស វិញ ចុងក្រោយ នាងហាក់ទទួលស្គាល់ថាខ្លួនឯងមានជំងឺ ក៏ត្រលប់ទៅរកគ្រូពេទ្យ និងស្ម័គ្រចិត្តទទួលការព្យាបាលនៅមណ្ឌលព្យាបាលមនុស្សរោគចិត្ត ហើយក៏បានទទួលលទ្ធផលល្អនៅនាទីចុងក្រោយ។ ប៉ុន្តែ បងប្រុសម្នាក់នៅស្រុកកំណើតខ្ញុំ ដែលខ្ញុំលើកឡើងខាងលើ បើគាត់មិនទៅរកការព្យាបាល វិបត្តិផ្លូវចិត្តរបស់គាត់នឹងកាន់តែធ្ងន់ធ្ងរជាមិនខាន។
រឿងនេះក៏ធ្វើឲ្យខ្ញុំនឹកឃើញដល់សម្ដីលោកគ្រូពេទ្យជំនាញផ្នែកចិត្តវិទ្យា ថា មនុស្សជាច្រើនមានបញ្ហាផ្លូវចិត្ត ប៉ុន្តែ មិនមករកការព្យាបាលពីគ្រូពេទ្យចិត្តវិទ្យាទេ ខ្លាចគេថា ខ្លួនជាមនុស្សវិកលចរិត ឬឆ្កួត ប៉ុន្តែ បើមិនព្យាបាល វិបត្តិផ្លូវចិត្តនេះនឹងរឹតតែធ្ងន់ធ្ងរ។
ចុងបញ្ចប់ ខ្ញុំចង់បញ្ជាក់ថា នេះជាការយល់ឃើញផ្ទាល់ខ្លួនរបស់ខ្ញុំ។ ហើយបើសិនលោកអ្នកនាងបានទស្សនារឿង វិបល្លាស/រចនា នេះ សូមអញ្ជើញ comment ចែករំលែក ឬកែតម្រូវការយល់ឃើញរបស់ខ្ញុំបាទផង៕