ក្រុមការងារពិសេសនៃសកម្មភាពហិរញ្ញវត្ថុ (Financial Action Task Force) នេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៩ដោយក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង៧ដែលដំបូងឡើយមានបំណងប្រឆាំងនឹងការលាងលុយកខ្វក់ ប៉ុន្តែចាប់តាំងពីពេលនោះមក ក្រុមការងារនេះ បានពង្រីកសិទ្ធិអំណាចរបស់ខ្លួន ដើម្បីប្រឆាំងនឹងការផ្តល់ហិរញ្ញវត្ថុដល់អំពើភេរវកម្ម និងការរីកសាយភាយអាវុធមហាប្រល័យផងដែរ។
ក្រុមការងារពិសេស FATF នេះបានផ្តល់ណែនាំឱ្យរដ្ឋជាសមាជិកដាក់ប្រទេសមីយ៉ាន់ម៉ានៅក្នុងបញ្ជីខ្មៅជាបន្ទាន់ និងស្ថិតនៅក្រោមការយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងផងដែរ។ មន្ត្រីដែលដឹងពីការសម្រេចចិត្តរបស់ក្រុមការងារពិសេស FATF ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសប្រទេសបារាំងបានបញ្ជាក់នៅក្នុងសារព័ត៌មាន Nikkei Asia ថា មូលហេតុដែលនាំឱ្យមានការស្រេចចិត្តបែបនេះ គឺដោយសារតែពួកគេព្រួយបារម្ភអំពីអាជីវកម្មកាស៊ីណូ និងការជួញដូរឆ្លងដែនខុសច្បាប់របស់ប្រទេសមីយ៉ាន់ម៉ា។ មូលហេតុទាំងនេះមានសភាពកាន់តែអាក្រក់ទៅៗចាប់តាំងពីរបបយោធាបានបណ្តេញរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតគឺលោកស្រី អ៊ុង សានស៊ូជី នៅខែកុម្ភៈ ឆ្នាំ២០២១។ ការកើនឡើងនៃសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនរួមមាន ការនាំចេញថ្នាំក្លែងក្លាយ និងការលេងល្បែងអនឡាញផងដែរ។
ក្រុមការងារ FATF បានអំពាវនាវឱ្យប្រទេសនានាបង្កើនការយកចិត្តទុកដាក់ចំពោះទំនាក់ទំនងអាជីវកម្ម និងប្រតិបត្តិការទាក់ទងនឹងប្រទេសមីយ៉ាន់ម៉ាឱ្យបានដិតដល់ជាងមុន។
ការដាក់ក្នុងបញ្ជីខ្មៅនេះ គឺជាការបង្ហាញពីរបៀបដែលយោធាមីយ៉ាន់ម៉ាធ្វើឱ្យប្រទេសនេះដើរថយក្រោយ ព្រោះប្រទេសនេះធ្លាប់បានជាប់ក្នុងបញ្ជីខ្មៅអស់ពេលជាច្រើនឆ្នាំរហូតដល់ប្រទេសនេះត្រូវបានផ្លាស់ប្តូរទៅជាប់ក្នុងបញ្ជីពណ៌ប្រផេះនៅខែកុម្ភៈ ឆ្នាំ២០១៦ ហើយបន្ទាប់មកត្រូវបានដកចេញទាំងស្រុងនៅក្នុងខែមិថុនា ឆ្នាំ២០១៦ ជាពេលដែលរដ្ឋាភិបាលពាក់កណ្តាលយោធារបស់ប្រធានាធិបតីលោក ថេន សេន បានប្រគល់អំណាចទៅឱ្យរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សានស៊ូជី ដែលគេបានទទួលស្គាល់ពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ពាក់ព័ន្ធនឹងការផ្តល់ហិរញ្ញប្បទានភេរវកម្មឧក្រិដ្ឋកម្ម។
ប៉ុន្តែឥឡូវនេះមីយ៉ាន់ម៉ាបានវិលទៅរកអតីតកាលវិញហើយដូចគ្នានឹងប្រទេសកូរ៉េខាងជើង និងអ៊ីរ៉ង់ផងដែរ ហើយធនាគារមួយចំនួននឹងដាក់លក្ខខណ្ឌតម្រូវឱ្យមានការប្រុងប្រយ័ត្នបន្ថែមទៀតសម្រាប់ប្រតិបត្តិការដែលពាក់ព័ន្ធនឹងប្រទេសដែលហែកហួរដោយវិបត្តិនយោបាយមួយនេះ៕
អត្ថបទ៖ សុខ ជា