របបយោធាដែលកំពុងកាន់អំណាចនៅប្រទេសមីយ៉ាន់ម៉ា កំពុងស្ថិតក្នុងដំណាក់កាលនៃការពង្រឹងកងកម្លាំងយោធា ដើម្បីកម្ទេចក្រុមប្រឆាំងប្រដាប់អាវុធ ក្រោយយោធាហាក់ទុនដៃបន្តិចចាប់តំាងពីឡើងគ្រប់គ្រងប្រទេសតាមរដ្ឋប្រហារ កាលពីខែកុម្ភៈ ឆ្នាំ២០២១មក។ តាមសេចក្តីរាយការណ៍របស់សារព័ត៌មានបរទេស បានឲ្យដឹងថា អាជ្ញាធរមីយ៉ាន់ម៉ា បានពង្រឹងការអនុវត្តច្បាប់នេះ ដើម្បីរក្សាភាពស្របច្បាប់នៅក្នុងការកោះហៅពលរដ្ឋដែលជាបុរសទាំងអស់ឲ្យចូលបម្រើការយោធាយ៉ាងហោចណាស់២ឆ្នាំ។
ក្រោយរបបយោធាដាក់ចេញច្បាប់នេះ មានប្រជាពលរដ្ឋ ជាពិសេសបុរសពេញកម្លាំងរាប់សិបនាក់បាននាំគ្នាស្វែងរកច្រក ដើម្បីចេញទៅក្រៅប្រទេសគេចពីកាតព្វកិច្ចយោធានេះ រហូតដល់អាជ្ញាធរសម្រេចផ្អាកជាបណ្ដោះអាសន្នលើការស្នើសុំចេញទៅធ្វើការនៅក្រៅប្រទេសរបស់ពេលរដ្ឋជាបុរស។
ចាប់តាំងពីឆ្នាំ២០២០មក ពលរដ្ឋមីយ៉ាន់ម៉ា ប្រមាណជាង៤លាននាក់ កំពុងតែបម្រើការនៅក្រៅប្រទេស ខណៈដែលច្បាប់កាតព្វកិច្ចយោធា ដែលបានដាក់ចេញតាំងពីឆ្នាំ២០១០ ហើយដែលទើបយកមកពង្រឹងជាថ្មីនេះ គឺមានគោលដៅរក្សាកម្លាំងពលរដ្ឋប្រមាណជា១៣លាននាក់ សម្រាប់បម្រុងទុកដើម្បីបម្រើសមរភូមិនៅក្នុងប្រទេស។
នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានបរទេស អ្នកនាំពាក្យរបបយោធា បានគូសបញ្ជាក់ថា ច្បាប់នេះគឺមានភាពចាំបាច់ណាស់ ដោយសារតែស្ថានភាពដែលកំពុងកើតឡើងនៅក្នុងប្រទេស។ តាមរយៈការដាក់ឱ្យអនុវត្តច្បាប់កាតព្វកិច្ចយោធានេះ មានពលរដ្ឋប្រមាណ១៣លាននាក់ កំពុងស្ថិតក្នុងកាតព្វកិច្ចដែលអាចត្រូវបានកោះហៅឲ្យចូលបម្រើយោធាភ្លាមៗ។
មកដល់ពេលនេះក្រុមឃ្លាំមើលក្នុងតំបន់បានឱ្យដឹងថា មនុស្សជាង៤ពាន់៩រយ នាក់ត្រូវបានសម្លាប់ដោយសារការបង្រ្កាបរបស់យោធាលើអ្នកប្រឆាំងចាប់តាំងពីរដ្ឋប្រហារកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២១ និងពលរដ្ឋជាង២ម៉ឺន៦ពាន់នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន៕
ដោយៈ សរ សុជាតិ