លោក Maj Gen Zaw Min Tun ដែលជាអនុរដ្ឋមន្ត្រីក្រសួងព័ត៌មានក្នុងរបបយោធា ដែលបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលកាលពីមួយឆ្នាំមុនបានឱ្យដឹងថា គម្រោងការបង្កើតរូបិយបណ្ណឌីជីថលនេះ របបរយោធាមីយ៉ាន់ម៉ា មិនទាន់សម្រេចចិត្តថា តើគួរតែធ្វើវាក្នុងនាមជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនក្នុងស្រុក ឬដោយរដ្ឋាភិបាលតែម្នាក់ឯងនោះទេ ខណៈដែលគេគ្រាន់តែដឹងថា រូបិយបណ្ណឌីជីថលនេះនឹងជួយកែលម្អសកម្មភាពហិរញ្ញវត្ថុនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
សូមជម្រាបថា ធនាគារពិភពលោកប៉ាន់ប្រមាណថា សេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចុះ ១៨% ក្នុងឆ្នាំសារពើពន្ធដែលបានបញ្ចប់កាលពីខែកញ្ញាឆ្នាំមុន ហើយបានព្យាករកំណើនត្រឹមតែ ១% ប៉ុណ្ណោះគិតត្រឹមខែកញ្ញាឆ្នាំនេះ។ ទន្ទឹមនេះ ធនាគារពិភពលោកបាននិយាយនៅក្នុងរបាយការណ៍មួយ កាលពីសប្តាហ៍មុនថា សេដ្ឋកិច្ចមីយ៉ាន់ម៉ាអាចមានទំហំធំជាងមុនដល់ទៅ ៣០% បើគ្មានការវាយលុកពីជំងឺរាតត្បាត និងរដ្ឋប្រហារទេនោះ។
សូមរំឮកថា ធនាគារកណ្តាលនៅជុំវិញពិភពលោក បានធ្វើការអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បីបង្កើតរូបិយបណ្ណឌីជីថល ដោយមួយចំនួនគ្រោងនឹងដាក់ពង្រាយរូបិយបណ្ណនេះ សម្រាប់ប្រតិបត្តិការលក់រាយ និងមួយចំនួនទៀតជ្រើសរើសដាក់ការកម្រិតចំពោះការប្រើប្រាស់អន្តរធនាគារ។ ជាក់ស្ដែងប្រទេសចិន ជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេសជឿនលឿនបំផុត ដែលមានគម្រោងបង្កើតប្រាក់យន់ឌីជីថលរបស់ខ្លួន ហើយចិនបាននិងកំពុងអភិវឌ្ឍប្រាក់យន់ឌីជីថលនេះតាំងពីឆ្នាំ ២០១៤មកម្ល៉េះ។
ដោយឡែក ចំពោះប្រទេសមីយ៉ាន់ម៉ាវិញ អ្នកជំនាញសេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារពិភពលោកប្រចាំប្រទេសមីយ៉ាន់ម៉ាបាននិយាយថា ប្រទេសនេះមិនទាន់ស្ថិតក្នុងស្ថានភាពមួយដែលល្អបំផុត ដើម្បីអាចបន្តការងារបែបនេះទេ ដោយប្រទេសនេះនឹងត្រូវការរចនាសម្ព័ន្ធបទប្បញ្ញត្តិដ៏ល្អ និងសមត្ថភាពខ្ពស់ក្នុងផ្នែករដ្ឋបាល ដើម្បីបង្កើតវាឡើង។
ប្រទេសថៃ ថ្មីៗនេះ ក៏មានការរឹតត្បិតលើការប្រើប្រាស់រូបិយវត្ថុឌីជីថលសម្រាប់ការទូទាត់នានាផងដែរ ខណៈដែលនិន្នាការនេះកំពុងមានការកើនឡើងនៅប្រទេសថៃ។ ប្រទេសមួយចំនួនទៀត នៅក្នុងតំបន់ក៏មានការប្រុងប្រយ័ត្នចំពោះការប្រើរូបិយវត្ថុឌីជីថលដើម្បីទូទាត់ដែរ ពោលគឺ គេច្រើនអនុញ្ញាតឲ្យមានការជួញដូរវាតែនៅលើបណ្ដាញដែលមានការគ្រប់គ្រងត្រឹមត្រូវ ដោយអាជ្ញាធរប៉ុណ្ណោះ៕
អត្ថបទ ស៊ើង និមល់