ក្រសួងការបរទេសមីយ៉ាន់ម៉ាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី ២៣ ខែមីនាថា "ការរៀបរាប់នៅក្នុងសុន្ទរកថា របស់រដ្ឋមន្ត្រីការបរទេសអមេរិកនោះ ដែលថាមីយ៉ាន់ម៉ាមានប្រព្រឹត្តិអំពើប្រល័យពូជសាសន៍នោះ គឺខុសឆ្ងាយពីការពិត ហើយឯកសារយោងភ្ជាប់ក្នុងខ្លឹមសារនោះ ក៏បានមកពីប្រភពដែលមិនគួរឱ្យទុកចិត្ត និងមិនអាចផ្ទៀងផ្ទាត់បានផងដែរ។
ការឆ្លើយតបរបស់មីយ៉ាន់ម៉ានេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក អង់តូនី ប្លីនខិន (Antony Blinken) បានលើកឡើងកាលពីដើមសប្ដាហ៍នេះថា យោធាមីយ៉ាន់ម៉ា កំពុងប្រព្រឹត្តិអំពើឃោរឃៅទៅលើជនជាតិភាគតិចមូស្លីម ហើយអំពើនេះគឺមាន «លក្ខណៈរីករាលដាលនិងជាប្រព័ន្ធ»។
ការសម្រេចចិត្តរបស់អាមេរិកចាត់ថ្នាក់អំពើឃោឃៅនេះថា ជាអំពើប្រល័យពូជសាសន៍នោះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការពិនិត្យមើលឡើងវិញនូវឯកសារលម្អិតដែលចងក្រងដោយអង្គការសិទ្ធិមនុស្ស និងប្រភពមិនលម្អៀងផ្សេងទៀត និងតាមរយៈកិច្ចប្រឹងប្រែងស្វែងរកការពិតផ្ទាល់របស់រដ្ឋាភិបាលអាមេរិកផងដែរ។ នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Blinken។
ក្រសួងការបរទេសមីយ៉ាន់ម៉ាបាននិយាយថា ក្រសួងនេះសូមច្រានចោលទាំងស្រុងចំពោះការកត់សម្គាល់របស់លោក ប្លីនខិន ដោយចាត់ទុកការចាត់ថ្នាក់នេះថាជា«ហេតុផលនយោបាយ និងមានន័យស្មើនឹងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងនៃរដ្ឋអធិបតេយ្យរបស់មីយ៉ាន់ម៉ា»។
សូមរំលឹកថា កាលពីឆ្នាំ២០១៧ ជាពេលដែលប្រទេសមីយ៉ាន់ម៉ាបានដឹកនាំដោយរដ្ឋាភិបាលស៊ីវិលដែលក្រោយមកត្រូវបានផ្ដួលរំលំវិញនោះ យោធាបានធ្វើយុទ្ធនាការសង្ក្រាបពលរដ្ឋរ៉ូហ៊ីងយ៉ា ដែលភាគច្រើនរស់នៅក្នុងរដ្ឋរ៉ាក់ឃីននៅភាគខាងលិចប្រទេសនេះ ដោយបានសម្លាប់មនុស្ស ៩ ពាន់ និងជាង ៧៤ម៉ឺននាក់ទៀតបានបង្ខំចិត្តភៀសខ្លួនទៅកាន់ប្រទេសជិតខាងដូចជាបង់ក្លាដេស។
តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅក្នុងឆ្នាំ២០១៩ បានចាប់ផ្តើមសវនាការលើការចោទប្រកាន់ពីបទធ្វើទុក្ខបុកម្នេញ និងអំពើប្រល័យពូជសាសន៍ប្រឆាំងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ហើយនៅឆ្នាំបន្ទាប់មកទៀត តុលាការនេះក៏បានចេញដីកាបណ្តោះអាសន្នមួយសម្រាប់ឱ្យប្រទេសមីយ៉ាន់ម៉ាចាត់វិធានការគ្រប់យ៉ាង ដើម្បីបញ្ចប់ការធ្វើទុក្ខបុកម្នេញលើជនជាតិរ៉ូហ៊ីងយ៉ាផងដែរ។
សូមបញ្ជាក់ថា សវនាការជុំវិញករណីថាតើប្រទេសយ៉ាន់ម៉ាពិតជាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍មែនឬយ៉ាងនោះនឹងបន្តធ្វើនៅក្នុងទីក្រុងឡាអេនៅប្រទេសហូឡង់នាពេលខាងមុខ៕
អត្ថបទ សុខ ជា