សារព័ត៌មាន Nikkei បានរាយការណ៍ថា មីយ៉ាន់ម៉ានៅតែបន្តស្ថិតក្នុងភាពគ្រាអាសន្នចាប់តាំងពីយោធាបានគ្រប់គ្រងប្រទេសក្នុងខែកុម្ភៈ ឆ្នាំ២០២១មក។ ក្រុមប្រឹក្សាការពារ និងសន្តិសុខជាតិរបស់ប្រទេសនេះបានសម្រេចចិត្តបន្តដាក់ប្រទេសក្នុងស្ថានភាពអាសន្នជាលើកទី៦ បន្ទាប់កិច្ចប្រជុំមួយក្នុងរដ្ឋធានី ណៃពិដោ កាលពីថ្ងៃពុធសប្តាហ៍នេះ។
ការដាក់ប្រទេសក្នុងភាពអាសន្នបែបនេះ ត្រូវបានអ្នកវិភាគអះអាងថា គឺជាការផ្តល់អំណាចឱ្យមេដឹកនាំរបបនេះ គឺឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អ៊ុងលាំង (Min Aung Hlaing )កាន់តែទូលំទូលាយ ស្របពេលដែលក្រុមឧទ្ទាមបានបង្កើនការវាយលុករបស់ពួកគេ លើរបបយោធារហូតដល់អាចមានលទ្ធភាពដណ្តើមការកាន់កាប់ទីក្រុងសំខាន់ៗមួយចំនួនផងដែរ។
កងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា ដែលជាក្រុមប្រដាប់អាវុធជនជាតិភាគតិចមួយបាននិយាយកាលពីចុងខែកក្កដា ថា ខ្លួនបានកាន់កាប់ទីបញ្ជាការយោធាក្នុងតំបន់មួយក្នុងទីក្រុង ឡាសូ (Lashio ) ដែលជាទីតាំងសំខាន់មួយនៅក្នុងចំណោមទីតាំងសំខាន់១៤ នៅទូទាំងប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែយោធាមីយ៉ាន់ម៉ាបានបដិសេធការអះអាងនេះ។
ដោយឡែកកងទ័ពរំដោះជាតិ Ta'ang ដែលជាសមាជិកក្រុមជីវពលសំខាន់ទីពីរនៃក្រុមឧទ្ទាមទាំងបីកំពុងតែឡោមព័ទ្ធនៅតំបន់ មេនដាឡេ (Mandalay) ភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា។ នៅក្នុងសភាពការណ៍បច្ចុប្បន្ននេះ អ្នកជំនាញជិតស្និទ្ធនឹងអាជ្ញាធរមីយ៉ាន់ម៉ាបាននិយាយថា នេះគឺជាវិបត្តិដែលមិនធ្លាប់មានពីមុនមកសម្រាប់របបយោធា។
ជាការឆ្លើយតប របបយោធាបានរឹតបន្តឹងច្បាប់យោធា ហើយក៏បានបង្កើនការវាយបក និងវាយលុករហូតដល់វិបត្តិជនភៀសខ្លួនកើនឡើង។ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនបានរាយការណ៍ថា ពលរដ្ឋមីយ៉ាន់ម៉ាជាង៣,២លាននាក់ត្រូវបានផ្លាស់ទីលំនៅ ពោលគឺកើនឡើង៧០% ចាប់តាំងពីការប៉ះទង្គិចប្រដាប់អាវុធបានចាប់ផ្តើមនៅក្នុងខែតុលា។
នៅក្នុងចំណោមជនភៀសខ្លួនទាំងនេះមួយចំនួនធំបានរុលមកចូលជំរុំនៅតាមព្រំដែនថៃ ហើយក៏បានបង្កើតឲ្យមានវិបត្តិជនចំណាកស្រុកខុសច្បាប់ពីមីយ៉ាន់ម៉ា មកចូលថៃ ដោយសារតែបារម្ភរឿងកំណែនយោធា និងគេចចេញពីសង្រ្គាម ហើយរកប្រាក់ផ្ញើរទៅគ្រួសារ។
សារព័ត៌មាន the Nation បានរាយការណ៍ថា នៅក្នុងប្រតិបត្តិការរយៈពេល១២០ថ្ងៃ ដើម្បីបង្រ្កាបពលករខុសច្បាប់នៅតាមរោងចក្រ និងឧស្សាហកម្មនានានៅក្នុងប្រទេស អាជ្ញាធរថៃបានរាយការណ៍ថា ពលករមីយ៉ាន់ម៉ារហូតដល់ទៅជាង១១ម៉ឺននាក់ត្រូវបានឃាត់ខ្លួន៕