បណ្ណសារជាតិ

ឯកឧត្តម វង្សី វិស្សុត បានចាត់ទុកបណ្ណសារជាតិ គឺជារតនៈសម្បត្តិដ៏មានតម្លៃប្រៀបបានជាការចងចាំរបស់ជាតិ


ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានចាត់ទុកបណ្ណសារ គឺជារតនៈសម្បត្តិដ៏មានតម្លៃរបស់ប្រទេសជាតិ ពោលគឺការបាត់បង់បណ្ណសារ ឬការគ្រប់គ្រងមិនបានត្រឹមត្រូវមិនខុសអ្វីពីការបាត់បង់ការចងចាំរបស់ជាតិ និងភស្តុតាងប្រវត្តិសាស្ត្រទាំងមូលនោះឡើយ។តែទោះជាយ៉ាងណា ការគ្រប់គ្រង ការថែរក្សាទុក និងការអភិវឌ្ឍបណ្ណសារនៅកម្ពុជា ហាក់នៅមានកម្រិត និងមិនទាន់អាចឆ្លើយតបបានសមស្របនៅឡើយ។ ការបញ្ជាក់បែបនេះរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ ធ្វើឡើងនាពីធីបើកពិព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦។
VSS-1
ដោយ

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាបណ្ណសារ បានគូសបញ្ជាក់ថា នៅក្នុងបរិបទរដ្ឋបាលសាធារណៈទំនើប «បណ្ណសារ» មិនមែនគ្រាន់តែជាក្រដាសស្នាម ឬឯកសារចាស់ៗ ដែលត្រូវយកទៅតម្កល់ទុកក្នុងឃ្លាំងនោះទេ ប៉ុន្តែគឺជាការចងចាំរបស់ជាតិ និងស្ថាប័ន ជាប្រភពព័ត៌មានដែលអាចទុកចិត្តបាន និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការវិភាគ វាយតម្លៃ ស្រាវជ្រាវ និងការសម្រេចចិត្ត ព្រមទាំងជាបទពិសោធសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ បន្ថែមលើនេះ «បណ្ណសារ» ក៏ជារតនៈសម្បត្តិដ៏មានតម្លៃរបស់ប្រទេសនីមួយៗ ជាអត្តសញ្ញាណជាតិ និងមានអត្ថន័យទាំងក្នុងទិដ្ឋភាពប្រវត្តិសាស្ត្រ រដ្ឋបាល និងច្បាប់ ព្រមទាំងជាប្រភពនៃការបណ្តុះបណ្តាលធនធានមនុស្ស។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានសង្កត់ធ្ងន់ថា ការបាត់បង់បណ្ណសារ ឬការគ្រប់គ្រងមិនបានត្រឹមត្រូវ គឺមិនខុសអ្វីពីការបាត់បង់ការចងចាំរបស់ជាតិ និងភស្តុតាងប្រវត្តិសាស្ត្រទាំងមូលនោះទេ។ ជាមួយគ្នានេះ ឯកឧត្តម បានគូសបញ្ជាក់ថា កម្ពុជាក៏ត្រូវពង្រឹងភាពម្ចាស់ការរបស់ខ្លួនលើប្រវត្តិសាស្ត្រ និងបេតិកភណ្ឌជាតិ ពោលគឺកម្ពុជាមិនត្រឹមតែជាអ្នកទទួលជំនួយបច្ចេកទេស និងចំណេះដឹងពីដៃគូអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែត្រូវអភិវឌ្ឍខ្លួនឱ្យមានសមត្ថភាព ជំនាញ និងភាពជាម្ចាស់ពេញលេញក្នុងការគ្រប់គ្រង ស្រាវជ្រាវ ផ្ទៀងផ្ទាត់ បកស្រាយ និងការផ្សព្វផ្សាយប្រវត្តិសាស្ត្រ និងវប្បធម៌របស់ខ្លួន។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម វង្សី វិស្សុត ទោះបីកម្ពុជាសម្រេចបានសមិទ្ធផលជាច្រើនក្នុងរយៈពេលកន្លងមកនេះ ប៉ុន្តែការគ្រប់គ្រង ការថែរក្សាទុក និងការអភិវឌ្ឍនៃវិស័យបណ្ណសារនៅកម្ពុជានៅមានកម្រិត និងមិនទាន់អាចឆ្លើយតបបានសមស្របនៅឡើយ ដោយសារពុំទាន់មាននិហិតដ្ឋាន ឬឃ្លាំង និងប្រព័ន្ធគ្រប់គ្រងបណ្ណសារ ដែលមានលក្ខណៈស្តង់ដារួម ហើយបណ្ណសារភាគច្រើនមានសភាពពុកផុយ ដោយសារកត្តាអាយុកាល និងកត្តាអាកាសធាតុ។ ចំណែកឯការជួសជុល និងការធ្វើជាទម្រង់ឌីជីថលបណ្ណសារវិញ ឯកឧត្តម បានបញ្ជាក់ថា នៅតែសម្រេចបានតិចតួច ដោយសារខ្វះឧបករណ៍សម្ភារៈបច្ចេកទេស និងធនធាន ទាំងធនធានថវិកា និងធនធានមនុស្ស។ ឆ្លើយតបនឹងស្ថានភាពនេះ និងតាមការចង្អុលបង្ហាញរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទីស្តីការគណៈរដ្ឋមន្ត្រី កំពុងបន្ដរៀបចំឯកសារទស្សនទានស្តីពីក្របខណ្ឌចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្រសម្រាប់ធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិនៃកម្ពុជារយៈពេល១៥ឆ្នាំពីឆ្នាំ២០២៦-២០៤០។

គួរជម្រាបថា ការរៀបចំពិព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនាពេលនេះ មានគោលបំណងធំៗចំនួន៣រួមមានការលើកកម្ពស់ការចងចាំ និងអត្តសញ្ញាណជាតិ, ការបង្កើនការយល់ដឹងជាសាធារណៈ និងការជំរុញការទូតវប្បធម៌។ បច្ចុប្បន្នបណ្ណសារដ្ឋានជាតិនៃកម្ពុជាមានរក្សាទុកឯកសារសរុបប្រវែង ២,០០០ម៉ែត្រ និងបើគិតជាទំព័រស្មើនឹងប្រមាណ២០លានទំព័រ ដែលឯកសារខ្លះ គឺជាឯកសារកម្រ និងជាច្បាប់ដើម ដែលមានតម្លៃជាប្រវត្តិសាស្រ្ត និងជាបេតិកភណ្ឌជាតិមិនអាចកាត់ថ្លៃបាន៕




អត្ថបទបន្ទាប់


ក្រោយបាត់បង់សំឡេងភាគច្រើននៅក្នុងសភាទាំងពីរ តើលោក ត្រាំ នឹងជួបព្យុះភ្លៀងនយោបាយអ្វីខ្លះ?

​ធិបតី ដូណាល់ ត្រាំ។ គណបក្សប្រជាធិបតេយ្យកំពុងត្រៀមប្រើប្រាស់អំណាចថ្មី ដើម្បីរារាំងគោលនយោ​បាយ​របស់រដ្ឋបាលលោក ត្រាំ ជំរុញច្បាប់ថ្មី និងបើកក…

តើបញ្ហាប្រឈមធំៗអ្វីខ្លះ ដែលនឹងគំរាមកំហែងដល់កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៧?

សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៧ ត្រូវបានរាជរដ្ឋាភិបាលវាយតម្លៃថា នឹងបន្តហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជាខ្ពស់ នៃបញ្ហាប្រឈមសកល ដោយរំពឹ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ