លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា អនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអាចរៀបចំឥណទានឡើងវិញជូនអតិថិជនបានចំនួនពីរលើក ដោយរក្សាចំណាត់ថ្នាក់គុណភាពឥណទានឱ្យនៅដដែល និងមិនចាំបាច់ធ្វើសំវិធានធន ឬបង្កើតគណនីសម្រាប់ចំណាយលើឥណទានដែលគ្រោងនឹងបាត់បង់។ ការចេញសារាចរណែនាំបែបនេះរបស់ធនាគារជាតិ គឺក្នុងគោលបំណងជួយសម្រាលបន្ទុកចំណាយប្រចាំគ្រារបស់អតិថិជនក្នុងការបំពេញកាតព្វកិច្ចសងត្រឡប់ឥណទាន និងជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការបង្កើនលំហូរសាច់ប្រាក់។
ជាមួយគ្នានេះធនាគារជាតិនៃកម្ពុជាក៏បានអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអាចអនុវត្តការដំឡើងចំណាត់ថ្នាក់ឥណទានរៀបចំឡើងវិញក្នុងអំឡុងពេលអនុគ្រោះនេះ លើកដំបូងពីមួយកម្រិតទៅមួយកម្រិត បន្ទាប់ពីអតិថិជនបានបំពេញកាតព្វកិច្ចទូទាត់សងបន្តបន្ទាប់គ្នាក្នុងរយៈពេលយ៉ាងតិច៣ខែ ចំពោះឥណទានដែលមានការទូទាត់សងប្រាក់ដើម ឬការប្រាក់ប្រចាំខែ។ បន្ទាប់មក គ្រឹះស្ថានអាចស្តារចំណាត់ថ្នាក់ឥណទានល្អជាងមុនពីមួយកម្រិតទៅមួយកម្រិតទៀត ដោយគោរពតាមគោលការណ៍ចំនួនថ្ងៃហួសកាលកំណត់សងនៃការទម្លាក់ចំណាត់ថ្នាក់ឥណទាន។
សម្រាប់លោកជំទាវ ជា សិរី គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមិនគួរប្រើប្រាស់តែព័ត៌មានឥណទានរៀបចំឡើងវិញរបស់ក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូ ខេមបូឌា (CBC) ក្នុងអំឡុងពេលអនុគ្រោះនេះ ជាលក្ខខណ្ឌចម្បងក្នុងការអនុម័តឥណទាននោះទេ ដោយគ្រឹះស្ថានត្រូវពិនិត្យលក្ខខណ្ឌផ្សេងៗទៀត ដែលមានចែងក្នុងគោលនយោបាយរបស់គ្រឹះស្ថាន ដើម្បីអនុម័តឥណទាន។
ជាមួយគ្នានេះ ការរៀបចំឥណទានឡើងវិញរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុត្រូវធ្វើឡើងឱ្យស្របតាមលក្ខខណ្ឌអនុគ្រោះដូចជាការកាត់បន្ថយចំនួនប្រាក់ដើមឥណទាន ឬចំនួនដែលត្រូវទូទាត់សងនៅឥណប្រតិទាន, ការបន្ថយអត្រាការប្រាក់ទាបជាងលក្ខខណ្ឌនៃកិច្ចសន្យាដើម, ការពន្យារឥណប្រតិទាន, ការបន្ថែម ឬការផ្លាស់ប្ដូរអ្នករួមខ្ចី, ការផ្លាស់ប្តូរពីឥណទានមានការទូទាត់សងតាមការបង់រំលស់ទៅជាការទូទាត់សងតែការប្រាក់ ហើយទូទាត់សងប្រាក់ដើមទាំងអស់នៅឥណប្រទាន និងការផ្លាស់ប្តូរពីឥណទានមានការទូទាត់សងតែការប្រាក់ ហើយទូទាត់សងប្រាក់ដើមទាំងអស់នៅឥណប្រតិទានទៅជាការទូទាត់សងតាមការបង់រំលស់។
ជាមួយគ្នានេះ គ្រឹះស្ថានត្រូវពិនិត្យពិភាក្សា និងជ្រើសរើសលក្ខខណ្ឌអនុគ្រោះមួយ ឬច្រើនខាងលើ ដែលសមស្របបំផុតសម្រាប់អតិថិជន ដើម្បីអាចធានាបានថាអតិថិជនអាចបន្តបំពេញកាតព្វកិច្ចទូទាត់សងបានតាមលក្ខខណ្ឌថ្មីនៃកិច្ចសន្យា។ គ្រឹះស្ថានត្រូវរៀបចំឥណទានឡើងវិញចំពោះអតិថិជនដែលស្ថានភាពអាជីវកម្ម និងស្ថានភាពហិរញ្ញវត្ថុនៅតែមានចីរភាព ហើយគ្រឹះស្ថានរំពឹងថាអតិថិជនជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុនិងការទូទាត់សងតែក្នុងរយៈពេលបណ្តោះអាសន្នប៉ុណ្ណោះ ហើយអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញកាតព្វកិច្ចទូទាត់សងនាថ្ងៃខាងមុខ។
ទន្ទឹមនេះ គ្រឹះស្ថានត្រូវមានតម្លាភាពក្នុងការផ្តល់ព័ត៌មានត្រឹមត្រូវគ្រប់ជ្រុងជ្រោយ និងត្រូវពន្យល់អតិថិជនឱ្យបានច្បាស់លាស់អំពីលក្ខខណ្ឌនៃការរៀបចំឥណទានឡើងវិញ ដើម្បីឱ្យអតិថិជនមានមូលដ្ឋានក្នុងការសម្រេចចិត្ត។ ហើយគ្រឹះស្ថាន ក៏ត្រូវរាយការណ៍អំពីឥណទានរៀបចំឡើងវិញក្នុងអំឡុងពេលអនុគ្រោះនេះជាប្រចាំខែផងដែរ ។ យ៉ាងណាមិញ ធនាគារជាតិនៃកម្ពុជា នឹងតាមដានដោយយកចិត្តទុកដាក់ចំពោះការរៀបចំឥណទានឡើងវិញ និងការដំឡើងចំណាត់ថ្នាក់ឥណទានក្នុងអំឡុងពេលអនុព្រោះនេះ៕