វិស័យធនាគារ

ធនាគារជាតិ និងធនាគារពាណិជ្ជធំៗជាច្រើនប្រកាសលុបបំណុលជូនយោធិនពលី និងមានពិការភាព


ធនាគារជាតិនៃកម្ពុជា បានណែនាំឱ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុលុបចោលឥណទាន ឬបំណុលរហូតដល់ចំនួន១០លានរៀលដល់អតិថិជនជាយោធិនមានពិការភាពនៅសមរភូមិបច្ចុប្បន្ន និងលុបចោលឥណទានរហូតដល់ចំនួន៨០លានរៀលរបស់អតិថិជន ឬអ្នករួមខ្ចីជាយោធិនពលីនៅក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងដែនអធិបតេយ្យភាពពីការឈ្លានពានរបស់កងទ័ពថៃ។
វិស័យធនាគារ
ដោយ

បន្ថែមលើនេះ កងទ័ពដ៏អង់អាច ដែលធ្វើប្រតិបត្តិការនៅក្នុងសមរភូមិប្រយុទ្ធ និងជនភៀសសឹកដោយសារសង្គ្រាម ក៏ទទួលបានការបន្ធូរបន្ថយពាក់ព័ន្ធឥណទានផងដែរ។ ទន្ទឹមនឹងនេះ មានគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុធំៗជាច្រើនបានចេញមកប្រកាសលុបចោលបំណុលទាំងស្រុងជូនដល់យុទ្ធជនពលីផងដែរ។

ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បានណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុលុបចោលឥណទាន ឬបំណុលរហូតដល់ចំនួន១០លានរៀលដល់អតិថិជនជាយោធិនមានពិការភាពនៅសមរភូមិបច្ចុប្បន្ន និងលុបចោលឥណទានរហូតដល់ចំនួន៨០លានរៀលជូនអតិថិជន ឬអ្នករួមខ្ចីជាយោធិនពលីនៅក្នុងការប្រយុទ្ធគ្នាជាមួយកងទ័ពថៃ នៅតាមខ្សែបន្ទាត់ព្រំដែន។ បន្ថែមលើនេះធនាគារជាតិ បានណែនាំឱ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុផ្តល់ការអនុគ្រោះដល់អតិថិជនជាជនភៀសសឹកតាមរយៈការលើកលែងរាល់កម្រៃ និងការផាកពិន័យពាក់ព័ន្ធនឹងឥណទាន និងលើកលែងការទូទាត់សងការប្រាក់ និងពន្យារពេលទូទាត់សងប្រាក់ដើមចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។

ទន្ទឹមនឹងនេះ ធនាគារជាតិនៃកម្ពុជា ក៏បានណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុលើកលែងរាល់កម្រៃ ការផាកពិន័យពាក់ព័ន្ធនឹងឥណទាន ការទូទាត់សងការប្រាក់ និងពន្យារពេលទូទាត់សងប្រាក់ដើមដល់អតិថិជនជាយោធិន ដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធរយៈពេល៦ខែ គិតចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦។ ធនាគារជាតិនៃកម្ពុជា បានសង្កត់ធ្ងន់ថា ចំពោះការអនុគ្រោះនេះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមិនត្រូវធ្វើមូលធនកម្មការប្រាក់លើប្រាក់ដើមនោះទេ។ លើសពីនេះ ធនាគារជាតិតម្រូវឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តអនុវត្តការរៀបចំឥណទានឡើងវិញចំពោះអតិថិជនផ្សេងទៀត ស្របតាមបទប្បញ្ញត្តិជាធរមាន និងលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្តល់ការអនុគ្រោះពិសេសបន្ថែមទៀតតាមលទ្ធភាពជាក់ស្តែងដល់ពលករដែលទើបត្រឡប់មកពីប្រទេសថៃ និងយោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ។

ក្រោយមានការណែនាំពីធនាគារជាតិនៃកម្ពុជា មានធនាគារធំៗជាច្រើនដូចជាធនាគារ អេស៊ីលីដា ខេប៊ី ប្រាសាក់ ជីប ម៉ុង និងគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុជាច្រើនទៀតបានចេញមកប្រកាសលុបចោលបំណុលរបស់យោធិនពលី និងយោធិនមានពិការភាពនេះផងដែរ។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានគូសបញ្ជាក់ថា ក្រោយមានការអំពាវនាវរបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ធនាគារ អេស៊ីលីដា បានសម្រេចលុបចោលបំណុលទាំងស្រុងជូនដល់អតិថិជន ឬអ្នករួមខ្ចីជាយោធិនពលីជីវិត និងបន្ធូរបន្ថយបំណុលដល់យោធិន ដែលរងរបួសនៅក្នុងសមរភូមិប្រយុទ្ធទាំងអស់។ បន្ថែមលើនេះ ធនាគារ អេស៊ីលីដា ក៏បានបង្កើតមូលធិនិមួយសម្រាប់ជួយក្រុមគ្រួសាររបស់យោធិន ដែលបានពលីជីវិត និងរងរបួសផងដែរ។

​លោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC បានគូសបញ្ជាក់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC នឹងគោរពទៅតាមការណែនាំរបស់ធនាគារជាតិនៃកម្ពុជា ដោយសម្រេចលុបចោលបំណុលជូនដល់អតិថិជន ឬអ្នករួមខ្ចីជាយោធិនពលីរហូតដល់៨០លានរៀល និង១០លានរៀលដល់អតិថិជនជាយោធិនមានពិការភាពនៅសមរភូមិ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជួយសម្រួលដល់គ្រួសារ និងសាច់ញាតិរបស់វីរៈយោធិន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ និងបូរណភាពទឹកដី ពីការឈ្លានពានរបស់កងទ័ពថៃ។

​ជាមួយគ្នានេះលោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបានសាទរចំពោះការប្រកាសលុបចោលបំណុលសម្រាប់យោធិនពលី និងយោធិនមានពិការភាពពីសំណាក់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនានា នៅកម្ពុជា ដ្បិតថា វាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយបន្ធូរបន្ថយទុក្ខលំបាករបស់ក្រុមគ្រួសារពួកគេ ពីព្រោះការលះបង់របស់កងកម្លាំងយោធិន ពិតមានតម្លៃខ្ពស់មិនអាចកាត់ថ្លៃបានក្នុងបុព្វហេតុការពារជាតិមាតុភូមិនេះ។

​គួរជម្រាបថា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការជួយសម្រាលបន្ទុកដល់ប្រជាជន ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃនេះ និងបានប្ដេជ្ញាចូលរួមអនុវត្តនូវវិធានការអនុគ្រោះនេះឱ្យអស់ពីលទ្ធភាព។ សមាគមទាំងពីរជឿជាក់យ៉ាងមុតមាំថា ការចូលរួមចំណែក ការគាំទ្រ និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន គឺជាស្មារតីសាមគ្គី ស្នេហាជាតិ និងវប្បធម៌ចែករំលែកដ៏ល្អផូរផង់របស់ប្រជាជាតិខ្មែរ ដែលនេះគឺជាការប្តេជ្ញាចិត្តរបស់វិស័យធនាគារនិងហិរញ្ញវត្ថុក្នុងការជួយគាំទ្រដល់ប្រជាជន និងប្រទេសជាតិរបស់ខ្លួនក្នុងកាលៈទេសៈដ៏លំបាកនេះ៕




អត្ថបទបន្ទាប់


តើ លោកដូណាល់ ត្រាំ អាចបញ្ចុះពន្ធគយបដិការដល់កម្ពុជា និងថៃ ឱ្យមានភាពល្អប្រសើរដែរឬទេ ក្រោយប្រទេសទាំងពីរយល់ព្រមឈប់បាញ់គ្នាតាមការជ្រោមជ្រែងរបស់លោក?

ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ បានបញ្ជាឱ្យមន្ត្រីរបស់ខ្លួនចាប់ផ្ដើមពន្លឿនកិច្ចការងារចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសកម្ពុជ…

តើវិស័យអាកាសចរណ៍ និងទេសចរណ៍រវាងកម្ពុជា និងថៃ មានការធ្លាក់ចុះដុនដាបយ៉ាងណាដែរ?

អាកាសចរស៊ីវិលកម្ពុជា បានអះអាងថា មកទល់ពេលនេះស្ថានភាពនៃការហោះហើរទៅមករវាងប្រទេសកម្ពុជា និងថៃ ហាក់ពុំមានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ