កិច្ចព្រមព្រៀង RCEP

ថៃរំពឹងកិច្ចព្រមព្រៀង RCEP នឹងអាចចុះហត្ថលេខានៅពាក់កណ្ដាលឆ្នាំនេះ


ក្រសួងពាណិជ្ជកម្មថៃ គ្រោងនឹងស្នើការយល់ព្រមពីសំណាក់គណៈរដ្ឋមន្ត្រីថៃ នៃការចូលលរួមក្នុងការចុះហត្ថលេខាកិច្ចព្រមព្រៀងភាពជាគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ហៅកាត់ អរសិប (RCEP) នៅពាក់កណ្ដាលឆ្នាំ២០២០នេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានថៃ បាងកកប៉ុស្ដិ៍។
ថៃរំពឹងកិច្ចព្រមព្រៀង RCEP នឹងអាចចុះហត្ថលេខានៅពាក់កណ្ដាលឆ្នាំនេះ (រូបភាព៖www.thaipbsworld.com/)
ដោយ

លោកស្រី Auramon Supthweethum អគ្គនាយក នៃនាយកដ្ឋាន​ចរចាពាណិជ្ជកម្ម បាន​ឲ្យដឹងថា បន្ទាប់ពីការបិទបញ្ចប់​ការចរចា កិច្ចព្រមព្រៀង អរសិប (RCEP) កាលពីចុងឆ្នាំ២០១៩កន្លងទៅនេះ ប្រទេសថៃ និង​ប្រទេសជាដៃគូ​ផ្សេងទៀត នៃកិច្ចព្រមព្រៀងនេះ កំពុងស្ថិតនៅក្នុងដំណើរការ​នៃការ​ត្រួតពិនិត្យពាក្យពេចន៍​ដែលត្រូវ​ប្រើក្នុងកិច្ចព្រមព្រៀងនេះ និងស្នើសុំ​នីតីវិធីអនុម័ត​ក្នុងស្រុក។

លោកស្រី​បន្ថែមថា ក្រសួងពាណិជ្ជកម្មថៃ មានគម្រោង​នឹងស្នើ​ទៅគណៈរដ្ឋមន្ត្រី នៅពាក់កណ្ដាល​ឆ្នាំនេះ ដើម្បី​បានការអនុញ្ញាត​ឲ្យ​រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អាចចុះហត្ថលេខា​ជាផ្លូវការ លើកិច្ចព្រមព្រៀងនេះ នាអំឡុង​កិច្ចប្រជុំ​កំពូលអាស៊ាន នៅក្នុងខែវិច្ឆកា ខាងមុខនេះ នៅប្រទេសវៀតណាម។

លោកស្រី Auramon បានគូសបញ្ជាក់ថា បន្ទាប់ពីការចុះហត្ថេលខា​ជាផ្លូវការ​ កិច្ចព្រមព្រៀងនេះ នឹងត្រូវ​បញ្ជូន​ទៅក្នុង​ដំណើរការ​ផ្ដល់សច្ចាប័ន ដោយប្រទេស​ជាសមាជិកនីមួយ។ ដូចគ្នានេះដែរ ប្រទេសថៃ គ្រោងនឹង​ស្នើសុំ​ការយល់ព្រម​ពីសភា មុនពេល​កិច្ចព្រមព្រៀងនេះ ចូលជាធរមាន ដែលទំនងជា​នៅឆ្នាំក្រោយ។

មន្ត្រីរដ្ឋាភិបាល​រូបនេះ បានឲ្យដឹងទៀតថា កិច្ចព្រមព្រៀង RCEP នេះ នឹងផ្ដល់ឱកាស​ថ្មី​ដល់វិនិយោគិនថៃ នៅក្នុងប្រទេសប្រទេស​ជាសមាជិក​ ជាពិសេស ក្នុងវិស័យសេវាកម្ម ដែលប្រទេសថៃ មានភាពខ្លាំង និងសក្ដានុពល​លើវិស័យនេះ ដូចជា​សំណង់ ការលក់រាយ ការថែទាំសុខភាព និងអាជីវកម្ម​ទាក់ទង​នឹង​ភាពយន្ដ និងការកម្សាន្ដជាដើម។

កិច្ច​ព្រមព្រៀងនេះទៀតសោត ក៏ត្រូវបានគេរំពឹងថា នឹងជួយបង្កើតឱកាស​នាំចេញ​កាន់តែច្រើន​សម្រាប់​ផលិតផល​កសិកម្មថៃ និង​ការអភិវឌ្ឍនូវគុណភាព ពិសេស​គឺស្ករស ម្ហូបអាហារកែច្នៃ ម្យ៉ៅដំឡូងមី បង្គារ និងអង្ករជាដើម។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀង RCEP នេះ ត្រូវបានដឹងថា មានទំហំសេដ្ឋកិច្ចសរុបប្រមាណ ៣០% នៃទំហំសេដ្ឋកិច្ចរបស់ពិភពលោកទាំងមូល និងមានចំនួនប្រជាជន​ស្ទើរតែពាក់កណ្ដាលនៃចំនួនប្រជាជនពិភពលោកសរុបទៅហើយ។ មិនតែប៉ុណ្ណោះ កិច្ចព្រមព្រៀងពាណិជ្ជកម្ម​ពិភពលោកធំមួយនេះក៏មានចំណែកជាង ៣១% នៃផលិតកម្មពិភពលោក និងមានជាង ២៨% នៃពាណិជ្ជកម្មពិភពលោក ព្រមទាំងមានមួយភាគប្រាំ នៃលំហូរ​វិនិយោគផ្ទាល់​ពីបរទេសរបស់ពិភពលោក ផងដែរ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារពិភពលោកព្រមានថា កំណើនសេដ្ឋកិច្ចថៃនឹងបន្ដថយចុះនៅក្រោម៣% នៅឆ្នាំនេះ និងឆ្នាំក្រោយ

ព័ត៌មាន
ធនាគារពិភពលោក នាពេលថ្មីៗនេះ បានព្រមានថា កំណើនសេដ្ឋកិច្ចជាមធ្យមប្រចាំឆ្នាំរបស់ប្រទេសថៃ នៅឆ្នាំនេះ និងឆ្នាំក្រោយ នឹងជួបប្រទះបញ្ហា ហើយបន្តធ្លា…

វៀតណាមទាក់ទាញកាន់តែខ្លាំង ខណៈក្រុមហ៊ុនផលិតរថយន្ដធំៗពង្រីករោងចក្រកាន់តែច្រើន

ព័ត៌មាន
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានក្រុមហ៊ុនដំឡើង និងផលិតរថយន្ដកាន់តែច្រើន បាននិងកំពុងពង្រីកប្រតិបត្តិការរោងចក្ររបស់ខ្លួននៅវៀតណាម ដើម្បីបង្កើន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ