លោកជំទាវ ជា សិរី អគ្គទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងធនាគារជាតិនៃកម្ពុជា ជាមួយក្រុមហ៊ុន Alipay Plus នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់នៅកម្ពុជា អាចប្រើប្រាស់ប្រព័ន្ធបាគងទូទាត់ជាមួយពាណិជ្ជករប្រមាណ៨៣លាននាក់ដែលសមាជិករបស់ក្រុមហ៊ុននេះបាននៅទូទាំងពិភពលោក។ តែយ៉ាងណាដើម្បីអាចទូទាត់ជាមួយប្រតិបត្តិកររបស់ Alipay Plus បានទាមទារឱ្យប្រជាពលរដ្ឋ ក៏ដូចជាអតិថិជនក្នុងស្រុកមានគណនីជាប្រាក់រៀល។
ហើយតាមរយៈកិច្ចព្រមព្រៀងនេះដែរ ភ្ញៀវទេសចរ ឬជនបរទេសដែលប្រើប្រាស់សេវារបស់ស្ថាប័នហិរញ្ញវត្ថុដែលជាសមាជិករបស់ Alipay Plus ទូទាំងពិភពលោក ក៏អាចទូទាត់ថ្លៃទំនិញ ឬសេវាកម្មជារូបិយប័ណ្ណរបស់ខ្លួនតាមរយៈ KHQR របស់ប្រតិបត្តិករនៅកម្ពុជាផងដែរ។ លោកជំទាវ ជា សិរី រំពឹងថាកិច្ចសហប្រតិបត្តិការនេះនឹងជួយពង្រឹងបន្ថែមទៀតនូវការតភ្ជាប់ការទូទាត់របស់កម្ពុជា ទៅកាន់ពិភពលោក ក៏ដូចជាជួយលើកកម្ពស់វិស័យទេសចរណ៍ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុកផងដែរ។
យ៉ាងណាមិញលោកជំទាវ ជា សិរី ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា បានសង្កត់ធ្ងន់ថា ដើម្បីអាចទទួលបានអត្ថប្រយោជន៍ពីប្រតិបត្តិការនេះ អាជីវករខ្មែរត្រូវមានគណនីជាប្រាក់រៀល ដើម្បីអាចស្កេនសម្រាប់ទទួលជាប្រាក់រៀល។ ក្នុងន័យនេះ លោកជំទាវ លើកទឹកចិត្តឱ្យធនាគារក្នុងស្រុក ជូនដំណឹង និងលើកទឹកចិត្តពាណិជ្ជកររបស់ពួកគេឱ្យបើកគណនីប្រាក់រៀល ហើយចាប់ផ្តើមទទួលយកការទូទាត់ប្រាក់រៀល៕