ក្នុងចំណោមត្រីទឹកសាបជាច្រើនប្រភេទ មានត្រីមួយប្រទេសដែលត្រូវបានកំណត់ដោយព្រះរាជក្រឹត្យថាជា មច្ឆជាតិនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា គឺ ត្រីគល់រាំង ។
ត្រីគល់រាំង ឬហៅ ត្រីកាហោ ឬ ត្រីក្បាលឡាន ត្រូវបានចាត់ជា មច្ឆជាតិនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះរាជក្រឹត្យលេខ នស.រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ ។ នេះបើយោងតាមសំណេររបស់លោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម នៅលើទំព័រហ្វេសប៊ុករបស់លោក។
ត្រីគល់រាំង មានឈ្មោះវិទ្យាសាស្ត្រ "Catlocarpio siamensis" និងឈ្មោះជាភាសាអង់គ្លេស Mekong giant barb ។ វាជាប្រភេទត្រីដែលមានទំហំធំជាងគេនៅកម្ពុជា ដោយអាចមានទម្ងន់ពី ១៥០ ទៅ ៣០០គីឡូក្រាម និងមានប្រវែង ២-៣ម៉ែត្រ ។
គល់រាំង ជាប្រភេទត្រីមានស្រកាធំៗ គ្របដណ្ដប់លើផ្ទៃដងខ្លួនទាំងមូល លើកលែងតែផ្នែកក្បាល និងព្រុយប៉ុណ្ណោះ ។ ពណ៌សម្បុរលើដងខ្លួនទាំងមូលមើលឃើញថា មានពីរពណ៌ដាច់ដោយឡែកពីគ្នា ស្រកាដែលនៅលើខ្សែឆ្នូតចំហៀងខ្លួនមានពណ៌ក្រមៅថ្លា ។ ដោយឡែក ស្រកាស្ថិតនៅក្រោមខ្សែឆ្នូតចំហៀងខ្លួនមានពណ៌ប្រាក់ ។
រូបភាពប្រភេទត្រីនេះ ត្រូវបានបុព្វបុរសខ្មែរឆ្លាក់ជារូបចម្លាក់នៅលើប្រាង្គប្រាសាទអង្គរវត្ត ។ គេនិយមយកស្រកាត្រីគល់រាំងមកធ្វើជាសីទាត់ ក្នុងល្បែងប្រជាប្រិយខ្មែរ ៕