បើតាមរបាយការណ៍ពីគណៈកម្មការរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិអាមេរិក ហៅកាត់ថា NOAA ក្នុងចំណោមគ្រោះធម្មជាតិទាំង១៨ ខ្យល់ព្យុះដែលមានឈ្មោះថា អៀន ហូរីខេន (Ian Hurricane) បានបង្កវិនាសកម្មក្នុងតម្លៃគិតជាទឹកប្រាក់ ១១៣ពាន់លានដុល្លារ។
របាយការណ៍ដដែលឱ្យដឹងទៀតថា ការខាតបង់នៅឆ្នាំ២០២២ គឺដូចទៅនឹងឆ្នាំ២០១៧ និងឆ្នាំ២០២១ ពោលគឺសុទ្ធសឹងជាឆ្នាំដែលអាមេរិកខាតបង់ទឹកប្រាក់រាប់ពាន់លានដុល្លារដោយសារគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។ ទោះយ៉ាងណាឆ្នាំ២០២២ នេះចំនួនគ្រោះមហន្តរាយមានតិចជាងកាលពីឆ្នាំ២០២០ និង២០២១ ដោយក្នុងនោះករណីបង្កការខាតបង់ខ្ទង់ពាន់លានដុល្លារដោយគ្រោះធម្មជាតិធំៗក្នុងឆ្នាំ២០២០ មានដល់ទៅ២២លើក ហើយឆ្នាំ២០២១មាន២០លើក។
គួរកត់សម្គាល់ថា ចំនួនព្រឹត្តិការណ៍ធ្ងន់ធ្ងរដែលចេះតែកើនឡើងនេះ បានបង្ហាញឱ្យឃើញថា គ្រោះធម្មជាតិកំរិតធ្ងន់នៅអាមេរិក កំពុងតែក្លាយជារឿងធម្មតាទៅហើយ។
របាយការណ៍ពីភ្នាក់ងារអាកាសធាតុអាមេរិកដដែល បានកត់សម្គាល់ថា តួលេខទាំងអស់នេះ គឺជាការគណនាបញ្ចូលករណីគ្រោះធម្មជាតិធំៗប៉ុណ្ណោះ នេះគេនៅមិនទាន់រាប់បញ្ចូលការចំណាយសរុបចំពោះព្រឹត្តិការណ៍បន្ទាប់បន្សំផ្សេងទៀតផង។ នៅមានករណីរតូចៗច្រើនទៀត ដែលបើតាមការប៉ាន់ស្មានទៅគឺ ក្នុងមួយករណីអាចខាតបង់អស់ជាង១ពាន់លានដុល្លារទៀត។ ជាក់ស្តែង ករណីបង្កការខាតបង់ធំៗ តំណាងឱ្យ៨៥% និងករណីបន្ទាប់បន្សំតំណាងឱ្យ១៥% នៃគ្រោះថ្នាក់ទាំងអស់កាលពីឆ្នាំ២០២២។
សូមរំឭកថា កាលពីខែកញ្ញាកន្លងទៅរដ្ឋ Florida សហរដ្ឋអាមេរិកបានត្រូវបានខ្យល់ព្យុះឈ្មោះ អៀន ហូរីខេន វាយបោកបក់យ៉ាងកាចសាហាវ និងបានបង្កការខូចខាតយ៉ាងខ្លាំងក្នុងទំហំទឹកប្រាក់រហូតដល់ជិត១២៣ពាន់លានដុល្លារ ព្រមទាំងបានឆក់យកជីវិតមនុស្សអស់ ១៥២ នាក់។
ដោយឡែក រលកកម្ដៅកាលពីរដូវក្តៅឆ្នាំមុន បានបង្កភាពគ្រោះរាំងស្ងួត ដែលគ្របដណ្តប់ផ្នែកភាគច្រើននៅភាគកណ្តាល និងភាគខាងលិចសហរដ្ឋអាមេរិក បង្កការខូចខាតក្នុងទំហំទឹកប្រាក់រហូតដល់ ២២ពាន់លានដុល្លារ ហើយបានសម្លាប់មនុស្ស ១៣៦នាក់។
បន្ថែមលើនេះ ភ្លើងឆេះព្រៃនៅភាគខាងលិចសហរដ្ឋអាមេរិក និងរដ្ឋអាឡាស្កា ទឹកជំនន់នៅរដ្ឋ មីសូរី(Missouri) និងរដ្ឋខេនថាក់គី (Kentucky) ខ្យល់គួចនៅទូទាំងភាគខាងត្បូង និងភាគអាគ្នេយ៍សហរដ្ឋអាមេរិក និងព្យុះព្រិលកាលខែធ្នូ សុទ្ធសឹងតែបានបង្កការខូចខាតជាច្រើន៕
អត្ថបត ៖ សុខ ជា