ធនាគារ SME

ទំហំកម្ចីជិត៣០លានដុល្លារពីធនាគារ SME ត្រូវបានផ្ដល់ជូនម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍


គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ទំហំដើមទុនកម្ចី ១៥០លានដុល្លាររបស់ធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (SME) បានផ្ដល់កម្ចីទៅដល់អាជីវកម្មទេសចរណ៍ចំនួន២២៥អាជីវកម្ម ដែលមានទំហំទឹកប្រាក់សរុប ជិត ៣០លានដុល្លារហើយ ដើម្បីស្ដារអាជីវកម្មក្រោយវិបត្តិកូវីដ១៩។
ទំហំកម្ចីជិត៣០លានដុល្លារពីធនាគារ SME ត្រូវបានផ្ដល់ជូនម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍

ក្នុងនោះ ហិរញ្ញប្បទានផ្ដល់ទៅឲ្យ​អាជីវកម្មសណ្ឋាគារ មានចំនួន ២៤% អាជីវកម្មផ្ទះសំណាក់ ២៦% អាជីវកម្មភោជនីយដ្ឋាន ៣៧% និងអាជីវកម្មគាំទ្រវិស័យទេសចរណ៍ មានចំនួន ១៣%។ នេះបើតាមការរបាយការណ៍របស់ធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា។

អស់រយៈពេល ៥ខែមកហើយ បន្ទាប់ពីចាប់ផ្ដើមដំណើរការអនុវត្តនូវគម្រោង​សហហិរញ្ញប្បទានស្តារ និងជំរុញកំណើន ក្នុងវិស័យទេសចរណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្ដារអាជីវកម្មទេសចរណ៍​ដែលបានរងគ្រោះដោយសារវិបត្តិកូវីដ១៩។ ខណៈនៅអំឡុងខែឧសភា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានធនាគារសហគ្រាសធុនតូច និងមធ្យម ជាសេនាធិការ បានចាប់ផ្ដើមអនុវត្តគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ១៥០លានដុល្លារ ដើម្បីទ្រទ្រង់ និងស្តារវិស័យទេសចរណ៍ ដែលរងគ្រោះដោយសារវិបតិ្តកូវីដ១៩។ យ៉ាងណាមិញ គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ធនាគារ SME បានផ្ដល់កម្ចីឥណទាន ដល់អាជីវកម្មទេសចរណ៍ចំនួន២២៥ ដែលមានទំហំទឹកប្រាក់សរុប ជិត៣០លានដុល្លារ ឬស្មើនឹងជិត២០% នៃគម្រោងថវិកាសរុប ១៥០លានដុល្លារ ដើម្បីស្ដារអាជីវកម្មក្រោយវិបត្តិកូវីដ១៩។

លោកបណ្ឌិត លឹម អូន អគ្គនាយក​ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានគូសបញ្ជាក់ថា ធនាគារ SME បានចូលរួមយ៉ាងសកម្ម​ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្ដារនិងជំរុញវិស័យទេសចរណ៍ តាមរយៈការផ្ដល់ឥណទានដល់ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ ក្រោយវិស័យនេះ​បានរងគ្រោះខ្លាំង​ព្រោះ​វិបត្តិកូវីដ១៩។ បើតាមលោកបណ្ឌិត លឹម អូន បានគូសបញ្ជាក់ទៀតថា ស្ថិតក្នុងវិបតិ្តកូវីដ១៩ និងវិបត្តិសង្គ្រាម​នៅអ៊ុយក្រែនផងនោះ បានធ្វើឲ្យពិភពលោកកើនឡើងនូវអតិផរណា ដែលជំរុញឲ្យបណ្ដាធនាគារកណ្ដាលនៅតាមប្រទេសជាច្រើននៅលើពិភពលោក បានតំឡើងអត្រាការប្រាក់ ដើម្បីទប់ទល់នឹងវិបត្តិនេះ រួមទាំង ធនាគារកណ្ដាលកម្ពុជា ផងដែរ។ ក៏ប៉ុន្តែ សម្រាប់ធនាគារ SME មិនមានគោលការណ៍ដំឡើងអត្រាការប្រាក់នោះទេ ថែមទាំងបានបញ្ចុះអត្រាការប្រាក់​សម្រាប់​សហគ្រិន​ជាស្រ្តី ០,៥% ទៀតផង។

ដើម្បីសម្រួលដល់​ការទទួលបានកម្ចីនេះដែរ ថ្មីៗនេះ ធនាគារសហគ្រាសធុនតូច និងមធ្យម​ រួមជាមួយនឹង​គ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូ បាននិងកំពុង​រៀបចំ​ធ្វើវិសោធនកម្ម​​លើ​លក្ខខណ្ឌមួយចំនួន នៃគម្រោងសហហិរញ្ញប្បទាន ស្ដារ និងជំរុញកំណើន​ក្នុងវិស័យទេសចរ។ បើតាមធនាគារ SME ក្នុងចំណោមទឹកប្រាក់សរុប ជិត៣០លានដុល្លារនោះ រួមមាន ហិរញ្ញប្បទានសម្រាប់អាជីវកម្មសណ្ឋាគារ មានចំនួន២៤% អាជីវកម្មផ្ទះសំណាក់ មាន២៦% អាជីវកម្មភោជនីយដ្ឋាន មាន៣៧% និងអាជីវកម្មគាំទ្រវិស័យទេសចរណ៍ មាន១៣% ខណៈនៅក្នុងនោះមានសហគ្រិនជាស្ត្រីរហូតចំនួន៤៤%។

សូមបញ្ជាក់ថា គម្រោងសហហិរញ្ញប្បទានស្តារ​វិស័យទេសចរណ៍នេះ គឺផ្តោតសំខាន់លើវិស័យទេសចរណ៍​តែមួយ​ប៉ុណ្ណោះ ដែលម្ចាស់អាជីវកម្ម​ក្នុងវិស័យនេះអាច​ស្នើសុំឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដែលជាដៃគូ​របស់ធនាគារសហគ្រាសធុនតូច និងមធ្យម។ ម្ចាស់អាជីវកម្មម្នាក់ អាចដាក់ពាក្យស្នើសុំកម្ចី រហូតដល់ទំហំទឹកប្រាក់ ៤០ម៉ឺនដុល្លារ ក្នុងអត្រាការប្រាក់ ៦,៥% និងមានរយៈពេលរហូត ៧ឆ្នាំ៕




អត្ថបទបន្ទាប់


EU ថា ពិភពលោកត្រូវតែឈរជាមួយអ៊ុយក្រែន ខណៈដែលពេលវេលាដ៏លំបាកកាន់តែខិតចូលមកដល់

មន្ត្រីការទូតកំពូលរបស់សហភាពអឺរ៉ុបបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី ៣ ខែ វិច្ឆិកា ថា សម្ព័ន្ធមិត្តអន្តរជាតិទាំងអស់ត្រូវតែបន្តគាំទ្រអ៊ុយក្រែន ខ…

ចំនួនយានយន្តធ្វើដំណើរលើផ្លូវល្បឿនលឿនធ្លាក់ចុះ ៤០% ក្រោយក្រុមហ៊ុនចាប់ផ្តើមយកតម្លៃសេវា

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ចាក់ថា ក្រោយក្រុមហ៊ុនចាប់ផ្តើមយកតម្លៃសេវាសម្រាប់ការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ